ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានថ្លែងថា សំណង់អគារចំនួន ៣៥កន្លែង និងតំបន់ដីឡូត៍ ៣កន្លែងទៀត ដែលអត់ច្បាប់អនុញ្ញាត នៅក្រុងបាវិត ត្រូវបានអាជ្ញាធរ និងមន្ទីរជំនាញ ផ្អាកជាបណ្តោះអាសន្ន រង់ចាំមានច្បាប់ទំលាប់ត្រឹមត្រូវទើបអនុញ្ញាតឲ្យដំណើរការឡើងវិញ ។
ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលខ្សាច់ភ្នំចំនួន ០២ខ្សែ ប្រវែង ៣,៧៨៨ម៉ែត្រ ស្ថិតក្នុងនៅភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង៊
លោកបានបន្តថាសូមអ្នកវិនិយោគទុនទាំងអស់មុននិងកសាងសំណង់ អគារផ្សេងៗ ត្រូវសុំច្បាប់ពីអាជ្ញាធរ មន្ទីរជំនាញពាក់ពន្ធ័ឲ្យបានត្រឹមត្រូវចៀសវាង គ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ដោយសារបាក់រលំអគារ ដូចនៅក្រុងព្រះសីហនុ ហើយចំពោះពលរដ្ឋមុននឹងសម្រេចចិត្តទិញដីឡូត៍ត្រូវសិក្សាទៅលើច្បាប់ដែលពាក់ពន្ធ័ទាំងអស់ របស់ក្រុមហ៊ុនដីឡូត៍នោះ ចៀសវាងការចាញ់ បោកគេផងដែរ ។
លោក ក៏បានថ្លែងកោតសសើរចំពោះក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ រួមទាំងសប្បុរសជនទាំងអស់ដែលបានរួមសហការគ្នាក្នុងការ គៀគរកសាងបាននូវផ្លូវក្រាលខ្សាច់ ភ្នំមួយខ្សែនេះ ទុកជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ។
លោកបន្តថា «ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ នៅថ្ងៃនេះយើងសម្រេចបានជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខខេត្តក៏និងប្រែក្លាយផ្លូវនេះ ពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវ ចាក់បេតុង ឬផ្លូវកៅស៊ូតែម្ដង ស្របទៅនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ» ។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរូមថែរក្សាផ្លូវ ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ និងចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ។
សូមបញ្ជាក់ថា ផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ខ្សែ ដែលសម្ពោធនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការចូលរួមចំណែកចែករំលែកសហការ សម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ សរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការរួមសហការយ៉ាងល្អប្រសើររវាងរដ្ឋ ក្រុមការងារ និងប្រជាពលរដ្ឋ ៕ យឹម សុថាន