រដូវវស្សាឈានចូលមកដល់ តំបន់ជាច្រើន នៅក្នុងប្រទេសនេប៉ាល មានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាជាច្រើនថ្ងៃបង្កឲ្យមានគ្រោះទឹកជំនន់ជនលិច តំបន់ជាច្រើន បណ្តាលឲ្យពលរដ្ឋស្លាប់ និងរបួសជាច្រើន ។
តាមតួលេខរបស់ ក្រសួងមហាផ្ទៃនេប៉ាល់ប៉ាន់ប្រមាណថា មនុស្សប្រហែល៦០០០នាក់ទទួលរងគ្រោះយ៉ាងខ្លាំង ដោយសារតែទឹកជំនន់លិចផ្ទះរបស់ពួកគេ ប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងប្រទេសនេប៉ាល់បានកើនឡើងរហូតដល់៣៤នាក់បាត់បង់ជីវិត និង២៤នាក់បាត់ខ្លួន ។ នេះបើតាមមន្ត្រីរបស់នេប៉ាល់ប្រកាសឲ្យដឹងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ។ មនុស្សជាង៦០០០នាក់ទៀតរងផលប៉ះពាល់ ។
ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នា នៅរដូវវស្សានេះបង្កឲ្យមានបញ្ហាជាប់គាំងជាច្រើន និងប្រឈមហានិភ័យខ្ពស់ពីគ្រោះទឹកជំនន់ ។ ការបាក់ដីមានច្រើនកន្លែងផងដែរ ដោយសារតែគ្រោះធម្មជាតិនេះ នៅក្នុងប្រទេសនេប៉ាល់ ។
ការដឹកជញ្ជូននៅតាមមហាវិថីសំខាន់ៗត្រូវកាត់ផ្តាច់ ។ ទឹកទន្លេបានជន់លិច ហូរចូលភូមិដ្ឋានរបស់ពលរដ្ឋដែលនៅក្បែរខាងដងទន្លេ ខ្វាត់ខ្វែងទូទាំងប្រទេស ។ ប៉ូលិសនេប៉ាល់បានថ្លែងថា គ្រោះមហន្តរាយនេះកើតមានទូទាំងប្រទេស ។
បើតាមព្រឹត្តប័ត្រព័ត៌មានរបស់ប៉ូលិសនេប៉ាល់បានផ្សាយថា ជនរងគ្រោះបាត់បង់ជីវិត កើតមាននៅបណ្តាស្រុកផ្សេងៗ ដូចជា នៅស្រុក Lalitpur, Kavre, Kotang, Bhojpur និង Makanpur ផងដែរ ។ អាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតកើនឡើង៣៤នាក់ហើយ ។ មន្ត្រីក្រសួងមហាផ្ទៃនេប៉ាល់បានបញ្ជាក់ថា កងកម្លាំងជួយសង្គ្រោះនៅពេលនេះ កំពុងចល័តនៅគ្រប់ទីកន្លែង ដើម្បីប្រតិបត្តិការជួយដល់ពលរដ្ឋរងគ្រោះ ៕