តួកគី ជាប្រទេសសមាជិកអង្គការណាតូ ដែលបានទិញមីស៊ីលការពារដ៏ទំនើបពីរុស្ស៊ី ។ ប្រទេសណាតូ ក្នុងនោះមានអាមេរិកបានថ្កោលទោសយ៉ាងខ្លាំង ដល់តួកគី ដែលទិញមីស៊ីលពី សត្រូវ ។ ប៉ុន្តែចំពោះប្រធានាធិបតីតួកគីវិញ បានលើកឡើងថា ណាតូ គួរតែសប្បាយពីប្រទេសជាសមាជិក មានមីស៊ីលការពារដ៏ទំនើបបែបនេះ ។
ផ្ទុយទៅវិញ រដ្ឋាភិបាលអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងមានគម្រោងដាក់ទណ្ឌកម្មជាកញ្ចប់ ទៅលើរដ្ឋាភិបាលតួកគី បន្ទាប់ពីប្រទេសនេះ បានបញ្ជាទិញ និងដឹកញ្ជូនប្រព័ន្ធមីស៊ីការពារដែនអាកាសដ៏ទំនើបពីប្រទេសរុស្ស៊ី S-400 ។
កាលពីមុន អាមេរិកបានគំរាមកំហែងលុបតួកគីពីកម្មវិធី F-35 របស់ខ្លួន ដោយសារតែការសម្រេចចិត្តរបស់តួកគី ទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ។ ទីក្រុងវ៉ាស៊ីនតោននិយាយថា ពួកគេអាចសម្រុះសម្រួលយន្តហោះចម្បាំងផលិតដោយអាមេរិក ។
សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានចុះផ្សាយ ហើយត្រូវបានគេហទំព័រ sputniknews ដកស្រង់ចុះផ្សាយបន្តកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ថា ទីក្រុងវ៉ាស៊ីនតោនកំពុងមានគម្រោងប្រកាសដាក់ទណ្ឌកម្មប្រឆាំងតួកគី ទៅលើការដឹកជញ្ជូនប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី នៅចុងសប្តាហ៍នេះ ។
មន្ត្រីមួយក្រុមរបស់រដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចរួចហើយទៅលើការដាក់ទណ្ឌកម្មជាកញ្ចប់ប្រឆាំងប្រទេសតួកគី ។ នេះបើតាមប្រភពមួយថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន ។
កាលពីដើមសប្តាហ៍កន្លងនេះ ប្រធានគណៈកម្មការទំនាក់ទំនងការបរទេស និងសេវាកម្មអាវុធរបស់ព្រឹទ្ធសភាអាមេរិក បានថ្លែងការណ៍រួមមួយបញ្ជាក់ថា លោក ត្រាំ គួរដាក់ទណ្ឌកម្មតួកគី ក្រោយប្រទេសសមាជិកអង្គការណាតូមួយនេះ ដឹកជញ្ជូនលើកដំបូងបំផុតប្រព័ន្ធមីស៊ីលការពារជាតិ S-400 ពីប្រទេសរុស្ស៊ី ។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងការពារជាតិតួកគី បានប្រកាសថា ការដឹកញ្ជូនលើកទីមួយ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បានមកដល់ទីក្រុង អេនការា (Ankara)ហើយ ។
ទីក្រុងមូស្គូ និងទីក្រុង អេនការា បានចុះហត្ថលេខាលើកកិច្ចព្រមព្រៀងដឹកជញ្ជូនអាវុធ S-400 កាលពីខែធ្នូ ឆ្នាំ២០១៧ ។ សហរដ្ឋអាមេរិក និងអង្គការណាតូបានរិះគន់ខ្លាំងក្លាកិច្ចសហប្រតិបត្តិការតួកគីជាមួយរុស្ស៊ី ហើយថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 វិសមិត្ត ឬដែលមិនត្រូវគ្នាជាមួយប្រព័ន្ធការពារដែនអាការរបស់អង្គការណាតូនោះឡើយ ។ តួកគី ដែលជាសមាជិកអង្គការណាតូ បានអះអាងដដែលជាដដែលថា ប្រព័ន្ធមីស៊ីលនោះមិននាំឲ្យគំរាមកំហែងដល់សម្ពន្ធមិត្តណាមួយឡើយ ៕