ព័ត៌មានទាន់ហេតុការណ៍៖

របួសជាង៥០នាក់ដោយការរញ្ជួយដីកម្រិត​៥,៥រិចទ័រនៅហ្វីលីពីន

ចែករំលែក៖

ពលរដ្ឋហ្វីលីពីន ព្រួយបារម្ភយ៉ាងខ្លាំងពីគ្រោះរញ្ជួយដី កម្រិត​៥,៥រិចទ័រវាយប្រហារ តំបន់ភាគខាងត្បូងប្រទេសនេះ កាលពីថ្ងៃ ទី​១៥ ខែកក្កដា ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានបានឲ្យដឹងថា រញ្ជួយដី ៥.៥រ៉ិចទ័រ ស្ថិតនៅក្នុងខេត្ត Surigao del Sur ភាគខាងត្បូង​ហ្វីលីពីន​កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ បណ្តាលឲ្យបាក់រលំ លំនៅឋានច្រើនខ្នង, ខូចខាត​ព្រះវិហារ និងអគារ​ជាច្រើន​ទៀត និងបណ្តាលឲ្យមនុស្ស​រងរបួស​យ៉ាងតិច​៥១នាក់ ។

វិទ្យាស្ថាន​សិក្សា​ពី​បាតុភូត​ភ្នំភ្លើង និង​បាតុភូត​រញ្ជួយ​ដី​ហ្វីលីពីន (Phivolcs) បានបញ្ជាក់ថា ការរញ្ជួយដី​កើតឡើងនៅវេលាម៉ោង៤និង៤២នាទី​ ទៀបភ្លឺ (ម៉ោងនៅក្នុងតំបន់) មានជម្រៅ៥គីឡូម៉ែត្រ ស្ថិតនៅ​ប្រហែល​៩គីឡូម៉ែត្រ​ភាគអាគ្នេយ៍​ទីក្រុង Carrascal និងនៅភាគឦសាន​ឈូងសមុទ្រ​ដែនកោះ Mindanao ។

ក្រុមប្រឹក្សា​គ្រប់គ្រង និងកាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ (NDRRMC)របស់ហ្វីលីពីន​បញ្ជាក់ថា ទីក្រុងចំនួន៥​រងការខូចខាត​ដោយសារតែការរញ្ជួយដីនៅពេលនេះ ។ ព្រះវិហារ​ចំនួនពីរកន្លែងនទីក្រុងឈូងសមុទ្រ Lanuza និង Carmen បានខូចខាត រួមជាមួយផ្ទះ និងអគារជាច្រើនកន្លែងទៀត ។ ពិតាន​ព្រះវិហារ​នៅទីក្រុង Carmen ត្រូវគេរាយការណ៍បានបាក់រលំ ។

ប្រភព Phivolcs បញ្ជាក់ថា ការរញ្ជួយដីនេះ​ញាប់ញ័រ​ទៅដល់​តំបន់ Butuan, Tandag និង Cagayan de Oro ហើយនិង Misamis Oriental ភាគខាងត្បូងហ្វីលីពិនផងដែរ ៕


ចែករំលែក៖