តាមលទ្ធផលស្ទង់មតិរបស់ NBN news និង Wall Street Journal ដែលបានប្រកាសកាលពីថ្ងៃ ទី១៤ ខែកក្កដា បង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតី Joe Biden ទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ នាំមុខលើប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបោះឆ្នោត នាឆ្នាំ២០២០ ។
តាមលទ្ធផលស្ទង់មតិបង្ហាញឲ្យឃើញថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ក្នុងរដ្ឋកាល លោក អូបាម៉ា ទទួលបានការគាំទ្រខ្ពស់ជាង ប្រធានាធិបតី ដូណាល់ ត្រាំ ដល់ទៅ៩ភាគរយ ។ តាមលទ្ធផលដែលបានប្រកាសកាលពីថ្ងៃ ទី១៤ ខែកក្កដា លោក Joe Biden ទទួលបានការគាំទ្រ ៥៣ភាគរយ ចំណែក លោក ដូណាល់ ត្រាំ ទទួលបានតែ៤២ភាគរយប៉ុណ្ណោះ ។
ចំពោះពលរដ្ឋអាមេរិក មានដើមកំណើតអាហ្រ្វិក បានគាំទ្រ លោក Joe Biden ច្រើនជាង ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ។ ក្រៅពីបេក្ខភាព Joe Biden នៅមានបេក្ខភាពផ្សេងទៀតមកពីគណបក្សប្រជាធិបតេយ្យ ក៏ទទួលបានការគាំទ្រនាំមុខ ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ក្នុងនោះមានបេក្ខភាព Vermont Bernie Sanders ទទួលបានការគាំទ្រ ៥០ភាគរយ ចំណែកលោកត្រាំមានតែ ៤៣ភាគរយ ។ បេក្ខភាព Elizabeth Warren សមាជិកព្រឹទ្ធសភា រដ្ឋ Massachussettes ក៏ទទួលបានការគាំទ្រ ខ្ពស់ជាងលោក ត្រាំផងដែរ ។
ជាមួយនឹងលទ្ធផលគាំទ្រធ្លាក់ចុះនោះ ប្រធានាធិបតី ដូណាល់ ត្រាំ ប្រឈមនឹងឧបស័គ្គជាច្រើន សម្រាប់ការបោះឆ្នោតឆ្នាំ២០២០ ។ ប៉ុន្តែអ្វីគ្រប់យ៉ាង អាចនឹងមានការប្រែប្រួល ដូចការបោះឆ្នោតឆ្នាំ២០១៦ ដោយរាល់ការស្ទង់មតិនាពេលនោះ បេក្ខភាព លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបានការគាំទ្រខ្ពស់ ជារៀងរហូតមក ប៉ុន្តែដល់ពេលបោះឆ្នោត បែរជាចាញ់លោក ត្រាំ ទៅវិញ ៕