ព័ត៌មានទាន់ហេតុការណ៍៖

លោក ត្រាំ បន្ទន់ឥរិយាបទទៅលើក្រុមហ៊ុន Huawei

ចែករំលែក៖

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អាមេរិក លក់សម្ភារ អេឡិចត្រូនិកដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ​គិតជាទឹកប្រាក់ប្រមាណជិត​១០ពាន់លានដុល្លារ ។ ការហាមប្រាមក្រុមហ៊ុនអាមេរិករកស៊ីជាមួយហួវាយនោះ ធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ជាច្រើន ។

ទាំងនោះហើយ បានជា ប្រធានាធិបតីអាមេរិក សម្រេច​បានសម្រេចបន្ទាន់ឥរិយាបទ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដោយអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកបន្តរកស៊ីជាមួយក្រុមហ៊ុនចិន ដែលលោក ត្រាំ ដាក់ក្នុងបញ្ជីខ្មៅនាពេលកន្លងមក ។

ក្រុមហ៊ុន ​Huawei ជាអ្នកផលិតសម្ភារទូរគមនាគមន៍ធំបំផុតនៅលើពិភពលោក ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិក ដាក់ទណ្ឌកម្មកាលពីខែឧសភា​ ។ នៅពេលនោះ បណ្តាក្រុមហ៊ុនអាមេរិកត្រូវបានហាមប្រាមលក់ឧបករណ៍ សម្ភារ បច្ចេកវិទ្យាដល់ក្រុមហ៊ុន​ Huawei លើកលែងតែមានលិខិតអនុញ្ញាត ។ ប៉ុន្តែកាលពីចុង ខែមិថុនា ក្រោយជំនួបពិភាក្សា រវាងប្រធានាធិបតីដូណាល់ ត្រាំ នឹងប្រធានាធិបតីចិន ស៊ី ជីនពីង នៅប្រទេសជប៉ុន លោកត្រាំ បានប្រកាសអនុញ្ញាត​ ឲ្យក្រុមហ៊ុនអាមេរិក បន្តរកស៊ីជាមួយ​ Huaweiឡើងវិញ ។

ប៉ុន្មានថ្ងៃកន្លងមកនេះ ​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក​ Wilbur Ross ​បានប្រកាសថា លិខិតអនុញ្ញាត នឹងផ្តល់ជូនក្រុមហ៊ុនអាមេរិក ប្រសិនបើ​ មិនមានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក ។ ​ ការផ្លាស់ប្តូរគោលនយោបាយខាងលើ បង្ហាញឲ្យឃើញថា​ ទំនាក់ទំនងជួញដូរ​ផ្នែកបច្ចេកវិទ្យារវាងក្រុមហ៊ុនអាមេរិក និង ចិន នឹងចាប់ផ្តើមឡើងវិញក្នុងពេលឆាប់ៗ ។

មន្ត្រី ក្រុមហ៊ុនផលិត បន្ទះឈីប (Chip)ធំៗចំនួនពីររបស់អាមេរិក ដែលមិនបញ្ចេញឈ្មោះបាន ប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុននឹងដាក់លិខិតស្នើសុំទៅកាន់ក្រសួងពាណិជ្ជកម្មអាមេរិក ក្រោយទទួលបានព័ត៌មានខាងលើ ។

កាលពីឆ្នាំ​២០១៨ ក្រុមហ៊ុន​ Huawei បានចំណាយប្រាក់ដល់ទៅ​៧០ពាន់លានដុល្លារ ទិញ​សម្ភារ បច្ចេកវិទ្យា ក្នុងនោះមាន​១១ពាន់លានដុល្លារ ទិញពីក្រុមហ៊ុនអាមេរិក ក្នុងនោះមានដូចជាក្រុមហ៊ុន​​ Qualcomm, Intel និង​ Micron Technology ៕


ចែករំលែក៖