អាមេរិក និងកូរ៉េខាងត្បូង មានគម្រោងធ្វើសមយុទ្ធ យោធាជាថ្មីឡើងវិញ ក្រោយផ្អាករយៈពេល១ឆ្នាំកន្លងមក គឺចាប់តាំងពីជំនួបពិភាក្សាលើកទីមួយ រវាងលោកត្រាំ និងគីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសឹង្ហបុរី ។
ប៉ុន្តែក្នុងពេលដែលដំណើរការពិភាក្សា បញ្ចប់កម្មវិធីបរមាណូ កំពុងតែល្អប្រសើរ អាមេរិក និងកូរ៉េខាងត្បូង ឡើងគម្រោង ធ្វើសមយុទ្ធ នៅខែក្រោយនេះ ។ សមយុទ្ធនោះ នឹងប៉ះពាល់ដល់កិច្ចសន្ទនានុយក្លេអ៊ែរ កម្រិតការងារ ដែលបានស្នើឡើង រវាងរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងទីក្រុងវ៉ាស៊ីនតោន ។
វាគឺជាសេចក្តីថ្លែងការណ៍ដំបូងគេបង្អស់ ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ទៅលើបញ្ហា ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំឥតគ្រោងទុកមួយ ក្នុងតំបន់គ្មានយោធា ដើម្បីបន្តការចរចាឡើងវិញ នូវការដកអាវុធនុយក្លេអ៊ែរ ដែលបានពន្យារពេល ។
នៅខែសីហាខាងមុខនេះ, អាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធារួមគ្នា ។ សមយុទ្ធ ដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ខឹងសម្បារនេះ ត្រូវបានបន្ថយ ដើម្បីសម្រួលដល់កិច្ចសន្ទនា ជាមួយនឹងកូរ៉េខាងជើង បន្ទាប់ពីមានជំនួបកំពូលលើកដំបូង ជាប្រវត្តិសាស្ត្រ របស់លោក ត្រាំ ជាមួយនឹងលោក គីម កាលពីខែមិថុនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី ។ កូរ៉េខាងជើង បានប្រកាសថ្កោលទោស ចំពោះការធ្វើសមយុទ្ធយោធា រវាងអាមេរិក និងកូរ៉េខាងត្បូង អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕