ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីហ្វីលីពីន ៖ បើខ្ញុំរំលោភបំពានសិទ្ធិមនុស្ស ពលរដ្ឋនឹងទម្លាក់ខ្ញុំពីតំណែង

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីន បានប្រតិកម្មទៅនឹងការចោទប្រកាន់របស់ អង្គការសិទ្ធិមនុស្ស ថា លោកបានសម្លាប់មនុស្ស គ្មានកំហុសជាច្រើននៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ។ ជាមួយគ្នានោះ លោកបានលើកឡើងថា របាយការណ៍ស្តីពីអ្នកស្លាប់ ក្នុងសង្គ្រាមគ្រឿងញៀនរបស់លោក គឺខុសពីការពិត ។

គណៈកម្មការសិទ្ធិមនុស្សអង្គការសហប្រជាជាតិបោះឆ្នោតសម្រេចឃ្លាំមើលការពិតជុំវិញ បីឆ្នាំនៃសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនលោក ឌីទ័រ ជុំវិញរបាយការណ៍របស់ខ្លួនថា មានករណីមនុស្ស២ម៉ឺននាក់ត្រូវបានប្រហារជីវិត ។ យ៉ាងណា មេដឹកនាំហ្វីលីពីន ឌូទ័រតឺ ប្រកែកដាច់អហង្ការ និង ចោទថា UN កំពុងនិយាយបំផ្លើសការពិត ។

តបទៅនឹងវិធានការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោកឌូទ័រតឺ បានច្រានចោលទាំងស្រុង ដែលលោកថា តួលេខរកឃើញនូវជាការបំផ្លើសធ្ងន់ធ្ងរណាស់ ។ លោកថា រដ្ឋាភិបាលរបស់លោក សម្លាប់មនុស្សឧក្រិដ្ឋគ្រឿងញៀនទាំងនោះ តែ៥៣០០តែប៉ុណ្ណោះ ហើយសុទ្ធសឹងតែមានការគាំទ្រពីមហាជន ។

តាំងពីសង្គ្រាមគ្រឿងញៀនមក ហ្វីលីពីនត្រូវរងនូវការចោទថាជាប្រទេស គ្រោះថ្នាក់ អសន្តិសុខ មិនគោរពសិទ្ធិមនុស្សថែមទៀតផង ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បង្ហាញថា បីឆ្នាំនៃសង្គ្រាមប្រឆាំងនឹងគ្រឿងញៀនរបស់លោកឌូទ័រតឺ មានការបាញ់បង្ហូរឈាមមនុស្សអស់រាប់ពាន់នាក់ ដែលអ្នកទាំងនោះភាគច្រើនជាមន្រ្ដីរាជការទៀតផង ។

ពី ខាងក្នុង ហ្វីលីពីន សកម្មជនជាច្រើនបានស្នើដោយសង្ឃឹមថាអង្គការសហប្រជា ជាតិ នឹងទាមទារបាននូវការសួរចម្លើយលើមេដឹកនាំនេះជាចំហនៅមុខអន្ដរជាតិនានា និង សម្រេចបាននូវរបាយការណ៍រុញឲ្យមានដំណោះស្រាយដ៏ប្រសើរបំផុត ។

ក្នុងគំនិតផ្ដួចផ្ដើមរបស់រដ្ឋIceland ជុំវិញបញ្ហានេះដាក់ជូនទៅកាន់អង្គការសហប្រជាជាតិឲ្យពិចារណារករបស់ហ្វីលីពីន គឺ បានទទួលបានការគាំទ្រពីសំណាក់រដ្ឋ១៨ទៀតនៃសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សចំនួន៤៧ ខណៈ១៤រដ្ឋទៀតបោះឆ្នោតប្រឆាំង និង ១៥រដ្ឋ អនុប្បវាទ ។

ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានយល់ព្រមអនុម័តហើយលើ ដំណោះស្រាយមួយ ពាក់ព័ន្ធនឹងការបើកការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនរបស់ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានផ្ដាច់ជីវិតជនសង្ស័យរាប់ពាន់នាក់ ក្នុងរយៈពេលជាង៣ឆ្នាំ មកនេះ ។

សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស UN បានបោះឆ្នោតអនុម័តក្នុងសំឡេងគំាទ្រ ១៨ ទល់នឹង ១៤ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លើដំណោះស្រាយមួយស្នើឡើងប្រទេសអ៉ីស្លង់ ខណៈ ប្រទេសចំនួន១៥ បានអនុប្បវាទនៅក្នុងការបោះឆ្នោតនេះ ។ តាមរយៈដំណោះស្រាយនេះ ប្រធានសិទ្ធិមនុស្ស UN លោកស្រី Michelle Bachelet បានបង្គាប់ឲ្យមានការរៀបចំ របាយកាណ៍មួយស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន នៅត្រឹមខែមិថុនា ឆ្នាំ២០២០ ។

ក្រោយដំណោះស្រាយនេះត្រូវបានអនុម័ត អ្នកនាំពាក្យលោក ឌូតឺតេ បានប្រកាសថាហ្វីលីពីន កំពុងពិចារណាផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងអ៉ីស្លង់ ហើយគេក៏មិនទាន់ដឹងច្បាស់ថាតើ អាជ្ញាធរហ្វីលីពីននឹងផ្ដល់កិច្ចសហការដល់ក្រុមអ្នកជំនាញ UN ឬក៏យ៉ាងណានោះទេ ។ ប៉ុន្តែ អ្វីដែលគេដឹងច្បាស់បំផុត នោះគឺមកទល់នឹងពេលលោក ឌូតឺតេ នៅតែមានប្រជាប្រិយភាព ខ្លាំង ក្នុងចំណោមប្រជាជនហ្វីលីពីនភាគច្រើនដដែល ។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ មានអាយុ៧៤ឆ្នាំ បានឡើងកាន់អំណាច កាលពីឆ្នាំ២០១៦ ហើយក្នុងឆ្នាំដដែល លោកបានប្រកាសដាក់ចេញសង្រ្គាមប្រឆាំង គ្រឿងញៀន ។ សង្រ្គាមនេះបានផ្ដាច់ជនសង្ស័យច្រើនជាង ៥,៣០០នាក់ ខណៈក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ ប៉ាន់ប្រមាណថាមានជនសង្ស័យជិត ១២,០០០នាក់ឯណោះ និងច្រើនជាង១៦៤,០០០នាក់ ត្រូវបានចាប់ខ្លួន ។

ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងពីអន្តរជាតិ រហូតដល់ មានអង្គការសិទ្ធិមនុស្សខ្លះប្ដឹងលោក ឌូតឺតេ ឡើងតុលាការព្រហ្មទណ្ឌអន្តរជាតិទៀតផង ។ ប៉ុន្តែ ប្រជាជនហ្វីលីពីនភាគច្រើននៅតែគាំទ្រ និងពេញចិត្តការដឹកនាំប្រទេសរបស់ រដ្ឋាភិបាលលោក ឌូតឺតេ ។

ជាក់ស្ដែង លទ្ធផលស្ទង់មតិចុងក្រោយកាលពីខែឧសភា កន្លងទៅ ធ្វើឡើងដោយអង្គការ Social Weather Stations បានបង្ហាញថាប្រជាជនហ្វីលីពីនជាង៧៩ភាគរយ នៅតែពេញ ចិត្តការដឹកនាំប្រទេសរបស់លោក ឌូតឺតេ ។ ប្រជាជនហ្វីលីពីនជាអ្នកគាំទ្រលោក ឌូតឺតេ មើលឃើញលោកជាប្រធានាធិបតីម្នាក់ ហ៊ាននិយាយ ហ៊ានធ្វើ ហើយពាក្យសម្ដីដែលធ្វើឲ្យ ពួកគេចងចាំមិនភ្លេច និងចាប់ផ្ដើមពេញចិត្តរូបលោក នោះគឺការសន្យាបោសសំអាតគ្រឿងញៀននៅក្នុងប្រទេសហ្វីលីពីន ដើម្បីអនាគតកូនចៅជំនាន់ក្រោយ ។

«បើអ្នក (ឧក្រិដ្ឋជនគ្រឿងញៀន) បំផ្លាញប្រទេសរបស់យើង ខ្ញុំនឹងសម្លាប់អ្នក ហើយបើអ្នក បំផ្លាញអនាគតអ្នកជំនាន់របស់យើង ខ្ញុំនឹងសម្លាប់អ្នក…ពួកអ្នកគួរតែនៅឲ្យឆ្ងាយពីគ្រឿងញៀន » ។ នេះគឺជាសម្ដីលោក ឌូតឺតេ ថ្លែង នៅពេលប្រកាសសង្រ្គាមប្រឆាំងគ្រឿងញៀនកាលពីឆ្នាំ ២០១៦ ហើយវាក៏ជាសម្ដីទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំងពីប្រជាជនហ្វីលីពីនផងដែរ ។

លោក ឌូតឺតេ បន្ថែមថា បច្ចុប្បន្នសំខាន់ជាងអនាគត ហើយលោកនឹងមិនបណ្ដោយឲ្យ គ្រឿងញៀនបំផ្លាញអនាគតប្រជាជនហ្វីលីពីន ជាដាច់ខាត ។ គ្រឿងញៀនគឺជាបញ្ហាដ៏ធំសម្រាប់ហ្វីលីពីន ដូច្នេះហើយ ទើបការលើកឡើងពាក់ព័ន្ធនឹងបញ្ហានេះរបស់លោក ឌូតឺតេ ចាក់ចំក្រអៅបេះដូងរបស់ពួកគេ ។ តែយ៉ាងណាក៏ដោយ ក្រុមអង្គការសិទ្ធិមនុស្សបានចាត់ទុក ថាសង្រ្គាមគ្រឿងញៀនជាទង្វើរំលោភលើសិទ្ធិមនុស្សធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបាន ដ្បិតអាជ្ញាធរហ្វីលីពីន បានប្រើប្រាស់អំណាចលើសដែនកំណត់ ក្នុងការបាញ់សម្លាប់ជនសង្ស័យ ដោយមិនឆ្លងកាត់ការកាត់ទោសពីតុលាការជាមុន ។

គួរបញ្ជាក់ថា តាមការពិតទៅការបោះឆ្នោតពាក់កណ្ដាលអណត្តិនៅក្នុងប្រទេសហ្វីលីពីន កាលពីខែឧសភាកន្លងទៅ បានបង្ហាញកាន់តែច្បាស់ទៅរួចហើយថា ប្រជាជនហ្វីលីពីន ភាគច្រើននៅតែមានទំនុកចិត្ត និងគាំទ្រលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដោយបេក្ខជនសមាជិក ព្រឹទ្ធសភា និងចៅហ្វាយក្រុង ដែលលោកតែងតាំង បានទទួលជ័យជម្នះនៅក្នុង ការបោះឆ្នោតនេះលើគណបក្សប្រឆាំង៕


ចែករំលែក៖