ព័ត៌មានទាន់ហេតុការណ៍៖

សាខាក្រុមហ៊ុនហួវាយ នៅអាមេរិក​ កាត់បន្ថយបុគ្គលិក ដោយសារការងារតិច

ចែករំលែក៖

ដោយសារតែការទំនាក់ទំនងរកស៊ី ជាមួយអាមេរិក ថយចុះ ក្រុមហ៊ុន ហួវាយបានសម្រេច កាត់បន្ថយ បុគ្គលិក ក្នុងវិស័យស្រាវជ្រាវ មានទីតាំងនៅអាមេរិក ហើយភាគច្រើន បុគ្គលិកដែលត្រូវរំសាយ ជាជនជាតិអាមេរិក​ ។

សារព័ត៌មាន​អាមេរិក បានផ្សាយថា បុគ្គលិកជាង៦០០នាក់នៅក្រុមហ៊ុន Futurewei ប្រចាំសហរដ្ឋអាមេរិក «ត្រូវអត់ការងារធ្វើ» ដោយសារការបន្តរក្សា Huawei ក្នុងបញ្ជីខ្មៅ… ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បានឲ្យដឹងថា ក្រុមហ៊ុននឹងកាត់បន្ថយការងារជាង ៦០០កន្លែង នៅក្រុមហ៊ុនទទួលបន្ទុកផ្នែកស្រាវជ្រាវបច្ចេកវិទ្យារបស់ខ្លួនគឺ ហ្វូឆឺវៃ (Futurewei Technologies) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដោយសារការបន្តជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម​ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ។

បើតាមសេចក្តីថ្លែងការណ៍របស់ Huawei ក្រុមហ៊ុន Futurewei ដែលមានបុគ្គលិកប្រមាណ ៨៥០នាក់នៅទូទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមការកាត់បន្ថយបុគ្គលិក កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈកត្តាដែលជំរុញឲ្យមានការកាត់បន្ថយការងារនៅក្រុមហ៊ុន Futurewei គឺបណ្តាលមកពី ចំណាត់ការនៃបញ្ជីខ្មៅរបស់រដ្ឋាភិបាលអាមេរិក ។

ចាប់តាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកត់ឈ្មោះ Huawei ចូលទៅក្នុងបញ្ជីខ្មៅ ក្រុមហ៊ុន Futurewei មិនអាចផ្ទេរបច្ចេកវិទ្យាសំខាន់ៗទៅឲ្យក្រុមហ៊ុន Huawei បានទៀតឡើយ ហើយបម្រាមនេះក៏ដាក់កំហិតមិនឲ្យ Huawei ទិញផលិតផលពីក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិកដែរ ។ បើតាមបុគ្គលិករបស់ Futurewei តាំងពី Huawei ជាប់បញ្ជីខ្មៅមក ការងារនៅក្នុងក្រុមហ៊ុនពួកគេ គឺពុំមានសកម្មភាពទៅមុខអ្វីឡើយ៕


ចែករំលែក៖