ព័ត៌មានទាន់ហេតុការណ៍៖

ធ្លាប់តែដឹងថា រថយន្ត ម៉ូតូ ​របូតកង់ តែពេលនេះមានយន្តហោះដឹកអ្នកដំណើររបូតកង់ពេលចុះចត

ចែករំលែក៖

នេះជាករណីដ៏កម្រមួយ​ «យន្តហោះរបូតកង់»​ គឺមិនដែលកើតមានឡើយនាពេលកន្លងមក នៅលើពិភពលោក មានតែបែកកង់ ជាដើម ។ តែពេលនេះ មានហើយ យន្តហោះ ដឹកអ្នកដំណើរដល់ទៅ​១៣៩នាក់ បានរបូតកង់ពេលចុះចត ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសនោះឡើយ​ ។

ហេតុការណ៍ដ៏កម្រខាងលើបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍​ Air Peace ​នៃប្រទេសនីហ្សេរីយ៉ា​ ហោះហើរពីទីក្រុង ​ Port Harcourt ​ទៅកាន់ទីក្រុង​ Lagos បានជួបឧបទ្ទវហេតុរបូតកង់មុខ​ ពេលចុះចត ។ ប៉ុន្ដែនៅក្នុងហេតុការណ៍នោះ ពិតជាសំណាងខ្លាំងណាស់ មិនមានអ្នកស្លាប់ ឬរងរបួសនោះឡើយ​ ។

ហេតុការណ៍ខាងលើ បានកើតឡើង នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩ ហើយយន្តហោះដែលជួបហេតុការណ៍អាក្រក់នោះជាប្រភេទ Boeing 737 ដឹកអ្នកដំណើរ​១៣៩នាក់​ ។ ពេលចុះចត នៅអាកាសយានដ្ឋាន Burtala Muhammed ​ក្នុងទីក្រុង​ Lagos ប្រទេសនីហ្សេរីយ៉ា ស្រាប់តែយន្តហោះរបូតកង់មុខតែម្តង ។ ក្រុមអ្នកជំនាញបានលើកឡើងថា បើរបូតពេលយន្តហោះ​ចុះចតភ្លាម នៅល្បឿនលឿននោះ អាចនឹងមានគ្រោះថ្នាក់កើតឡើងជាក់ជាមិនខាន ។

នៅពេលជួបឧបទ្ទវហេតុ យន្តហោះដឹកអ្នកដំណើរ១៣៣នាក់ និង ក្រុមពហុនិកា ៦នាក់​ ត្រូវបានក្រុមជួយសង្គ្រោះ​ជម្លៀសចេញពីយន្តហោះទាន់ពេលវេលា ដោយសុវត្ថិភាព ។ លោក​ Oluwatoyin Olajide ​អគ្គនាយកគ្រប់គ្រង​ក្រុមហ៊ុនអាកាសចរណ៍​ Air Peace បានបញ្ជាក់ថា នៅពេលចាប់ផ្តើមហោះហើរ អាកាសយានិក​ឃើញមានការប្រែប្រួលខុសប្រក្រតី​​ ពេលហោះហើរចូលដល់​ដែនអាកាស Lagos ​ហើយក៏បានស្នើចុះចតជាបន្ទាន់ នៅអាកាសយានដ្ឋានអន្តរជាតិជាជាង អាកាសយានដ្ឋានក្នុងស្រុក ។

ក្រោយពេលយន្តហោះចុះចតដោយសុវត្ថិភាព ហើយត្រៀមចាកចេញពីផ្លូវ ក៏របូតកង់មុខតែម្តង ។ ភា្លមៗនោះក្រុមជួយសង្គ្រោះ បានជម្លៀសអ្នកដំណើរចេញពីយន្តហោះដោយសុវត្ថិភាព​ ។ ហេតុការណ៍ខាងលើបានកើតឡើង នៅលើយន្តហោះរបស់ក្រុមហ៊ុន Boeing ​ ដែលកំពុងប្រឈមនឹងបញ្ហាជាច្រើន ពាក់ព័ន្ធនឹងសុវត្ថិភាពហោះហើរ ក្រោយយន្តហោះរបស់ក្រុមហ៊ុនពីរគ្រឿងជួបគ្រោះថ្នាក់ដូចគ្នា​ ៕


ចែករំលែក៖