នៅថ្ងៃទី៣១ ខែកក្កដា នេះ ប្រធានាធិបតីកូរ៉េខាងត្បូង បានកោះប្រជុំមន្ត្រីសន្តិសុខជាបន្ទាន់ ក្រោយពេលកូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់នៅព្រឹកនេះ ។ ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui Yong ដឹកនាំការប្រជុំ ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត លោក Chung Eui Yong បានបញ្ជាក់ថា បញ្ហាសន្តិសុខជាតិ ត្រូវបានពិភាក្សា ជាពិសេស ដើម្បីចាត់វិធានការ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្រោយពេលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ ។
មកទល់ពេលនេះមិនទាន់ឃើញមានប្រតិកម្មអ្វីពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំនោះឡើយ ។ ប៉ុន្តែការបាញ់មីស៊ីលនាពេលកន្លងមក លោកត្រាំ បានការពារលោកគីម ជុងអ៊ុន ថា ជាមីស៊ីលធម្មតា ដូចប្រទេសផ្សេងទៀត បានសាកល្បង មិនគំរាមកំហែងដល់ប្រទេសណាឡើយ ។
យោងតាមសារព័ត៌មាន យ៉ុនហាប់ បានផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ថា នាយសេនាធិការចម្រុះរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្លែងថា កូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ ប៉ុន្តែមីស៊ីលទាំងនោះ មិនត្រូវបានស្គាល់ថា ជាប្រភេទអ្វីនោះទេ ហោះហើររវាងចន្លោះពី២៤០គីឡូម៉ែត្រ និង៣៣០គីឡូម៉ែត្រ ។ ការបាញ់សាកល្បងនោះ កូរ៉េខាងជើងបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ។
នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានថ្លែងទៀតថា មីស៊ីលទាំងនោះបានបាញ់ចេញឆ្ពោះទៅទិសខាងកើត បាញ់ចេញពីខេត្ត South Hamyong ឈូងសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ។ នៅពេលនេះ មន្ត្រីរបស់កូរ៉េខាងត្បូងបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកទីតាំងខាងលើនេះ ក្នុងករណីមានការបាញ់បន្ថែមទៀតឬយ៉ាងណា ។ នេះបើតាមសេចក្តីថ្លែងការរបស់នាយសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) ។
អ្នកនាំពាក្យមួយរូបនៃក្រសួងការបរទេសអាមេរិក បានផ្តល់ព័ត៌មានដល់ភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូងថា មន្ត្រីអាមេរិក បានដឹងអំពីរបាយការណ៍ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនោះដែរ ហើយថា បញ្ហានេះ បាន និងកំពុងស្ថិតក្រោមការតាមដាន ។ ប៉ុន្តែទោះបីប៉ែបណា ក្រសួងការពារជាតិជប៉ុនបានថ្លែងថា មិនមានមីស៊ីលបាល្លីស្ទិកណាមួយនោះទេ ចូលក្នុងទឹកដីរបស់ខ្លួន ឬចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនោះ ។
ការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនៅពេលនេះ មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ កូរ៉េខាងជើងបានបាញ់មីស៊ីលបាល្លីស្ទិករយៈចម្ងាយខ្លី២គ្រាប់ទៅកាន់សមុទ្រជប៉ុន ជិតទីក្រុង Wonsan ។
ក្រោយការបាញ់មីស៊ីលនោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកមិនមានការព្រួយបារម្ភនោះឡើយ តាំងតែទំនាក់ទំនងល្អរបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ ទីក្រុងព្យុងយ៉ាងបានអះអាងថា ការសាកល្បងមីស៊ីលនោះ ជាសារមួយផ្ញើទៅកាន់កូរ៉េខាងត្បូងឲ្យបោះបង់កម្មវិធីអាវុធថ្មីៗ និងបញ្ឈប់គម្រោងសមយុទ្ធជាមួយអាមេរិកនោះទៅ ៕