ភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់ បានអុជធូបសែនថ្ងៃសីល នៅរានទេវតា លើផ្ទះរួចចុះមកលាងកែវនៅខាងក្រោម ស្រាប់តែឆេះកំប៉ុងជើងធូបរាលឆេះរានទេវតាយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អនប្រជាពលរដ្ឋជួយអន្តាគមន៍ តែមិនអាចគ្រប់គ្រងបាន ឆេះគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិប្លង់ដី និងប្លង់ផ្ទះ ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល ។
ម្ចាស់ផ្ទះឈ្មោះហួតចន្ធូ ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកម្មកសិករ ជាស្ត្រីមេម៉ាយ រស់នៅភូមិ កើតហេតុខាងលើ ។
តាមការៀបរាប់ទាំងទឹកភ្នែករបស់ម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានអុជធូបសែន ដោយសារថ្ងៃនេះ ជាថ្ងៃសីល ហើយបានចុះមកខាងក្រោមផ្ទះ ដើម្បីលាងកែវ ខណៈដែលលាងរួច រូបគាត់ក៏បានឡើងទៅលើផ្ទះវិញ ស្រាប់តែឃើញភ្លើងកំពុងឆេះភ្លាមនោះ រូបគាត់បានព្យាយាមពន្លត់ដោយមិនបានស្រែកហៅអ្នកជិតខាងនោះទេ ។
សាក្សីបន្តថា ដោយសារតែមិនអាចគ្រប់គ្រងបានភ្លើងឆេះកាត់តែខ្លាំងទៅឆោឡោស្រែហៅអ្នកភូមិមកជួយពន្លត់ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់តែជាអកុសលភ្លើងបានលេបត្របាក់ផ្ទះគ្មានសល់អស់ទាំងទ្រព្យសម្បត្តិមួយចំនួនធំ និងប្លង់ដី និងប្លង់ផ្ទះ ដែលគាត់ទើបនឹងយកពីធនាគារ ឆេះគ្មានសល់ ។
ផ្ទះខាងលើ មានទំហំទទឹង៦ម៉ែត្រ បណ្តោយ៨ម៉ែត្រ ធ្វើអំពីឈើលើ ថ្មក្រោម ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្កការគ្រោះអគ្គីភ័យខាងលើនេះ ប្រើប្រាស់អស់ឡានទឹកចំនួន៤គ្រឿង រថយន្តរបស់សាលាខណ្ឌកំបូលមួយគ្រឿង និងរបស់អង្គភាព៧១១ចំនួន៣គ្រឿង ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារម្ចាស់អុជធូបសែនថ្ងៃសីល ហើយធ្លាក់កម្ទេចមកឆេះតែម្តង ។ ក្នុងនោះមិនមានមនុស្សរងរបួសនោះទេ ៕ សុខាសែនជ័យ