ព័ត៌មានទាន់ហេតុការណ៍៖

លោកត្រំាចងដកទាហានចេញពីអាហ្វហ្គានីស្ថាន មុនពេលបោះឆ្នោតឆ្នាំ​២០២០

ចែករំលែក៖

ដើម្បីទាក់ទាញ​អ្នកគាំទ្រលោកកាន់តែច្រើនឡើង នោះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឡើងគម្រោងដកទាហានមួយចំនួនធំរបស់អាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅមុនឆ្នាំ​២០២០ ។

សកម្មភាពខាងលើរបស់អាមេរិកកើតឡើង ក្រោយពេលដែលអង្គការសហប្រជាជាតិចេញរបាយការណ៍ ថ្កោលទោស​កម្លាំងទាហាន អាហ្វហ្គានីស្ថាននិង ណាតូ ដឹកនាំដោយអាមេរិក សម្លាប់ពលរដ្ឋជាច្រើន​ ។ សកម្មភាពយោធា វាយប្រហារទៅលើក្រុមភេរវកម្មនៅក្នុង ប្រទេសអាហ្វហ្គានីស្ថាននាពេលកន្លងមក របស់ ណាតូ​និងទាហាន អាហ្វហ្វានីស្ថាន​បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន ។ បេសកជន​អង្គការសហប្រជាជាតិ​ នៅថ្ងៃទី៣០ ខែកក្កដា បានចេញផ្សាយរបាយការណ៍​មួយ​ ដោយបានបញ្ជាក់ថា កងកម្លាំងអាហ្វហ្គានីស្ថាន និងកងទ័ពអង្គការណាតូ បានសម្លាប់ជនស៊ីវិល​អាហ្វហ្គានីស្ថាន ច្រើនជាង​ក្រុម​ឧទ្ទាម​តាលីបង់ និងក្រុមឧទ្ទាមផ្សេងទៀត​ នៅពាក់កណ្តាលឆ្នាំ២០១៩នេះ ។

ប្រភពបានបញ្ជាក់ថា ជនស៊ីវិល​បានស្លាប់​កាន់តែច្រើនឡើង​​ក្នុងអំឡុងពេល​កងទ័ពអាហ្វហ្គានីស្ថាន និងណាតូ​ធ្វើប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាម ដោយក្នុងនោះមានការវាយប្រហារ​តាមដែនអាកាស, ការវាយឆ្មក់នៅពេលយប់ទៅលើទីតាំងលាក់ខ្លួន​របស់ពួកឧទ្ទាម ។ ពួកឧទ្ទាម​តែងតែលាក់ខ្លួន​នៅក្នុងចំណោមជនស៊ីវិល ។

របាយការណ៍​ដដែលបញ្ជាក់ថា ជនស៊ីវិល​អាហ្វហ្គានីស្ថាន ៤០៣​នាក់ ត្រូវបានសម្លាប់​ដោយកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​នៅអំឡុងពេល៦ខែ ដើមឆ្នាំ២០១៩នេះ ខណៈ​៣១៤នាក់​ ត្រូវបានសម្លាប់​ដោយកងកម្លាំងបរទេស សរុប​ទាំង​អស់​ជនស៊ីវិល​៧១៧នាក់​ដែលបានត្រូវបានសម្លាប់ ។ តួលេខនេះ​ បើប្រៀបធៀបអំឡុងពេលដូចគ្នា មានតែ​៥៣១នាក់ប៉ុណ្ណោះ ដែលត្រូវសម្លាប់ដោយក្រុមឧទ្ទាមតាលីបង់ និងក្រុមឧទ្ទាមដទៃផ្សេងទៀត ។

របាយការណ៍ដដែលបន្តថា ក្នុងចំណោម​៣០០នាក់​ដែលសម្លាប់ដោយក្រុមឧទ្ទាម​ គឺមានគោលដៅដោយផ្ទាល់ ។ ក្រុមតាលីបង់​បានវាយប្រហារ​ស្ទើរតែរាល់ថ្ងៃ ភាគច្រើន​គោលដៅទៅលើ​កងកម្លាំងសន្តិសុខ ។

ក្រុមតាលីបង់​បានច្រានចោល​ការអំពាវនាវ​រកកិច្ចព្រមព្រៀងឈប់បាញ់ ខណៈពួកគេ​កំពុង​ពិភាក្សា​ជាមួយ​អាមេរិក ឆ្ពោះទៅរកការបញ្ចប់សង្គ្រាម​​រយៈពេល​១៨ឆ្នាំនេះ ។ ក្រុមនេះជាសម្ព័ន្ធជាមួយរបស់ក្រុមរដ្ឋអិស្លាម វាយប្រហារ​កងកម្លាំងសន្តិសុខ និងក្រុមអិស្លាម​និកាយស៊ីអ៊ីដ​ផងដែរ ។

ពាក់ព័ន្ធ​របាយការណ៍​ខាងលើនេះ មិនទាន់មានការអត្ថាធិប្បាយ​បែបណានោះទេ​ពីរដ្ឋាភិបាលទីក្រុងកាប៊ុល ក៏ដូចជាពីកងកម្លាំងយោធាអង្គការណាតូ ៕


ចែករំលែក៖