រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រកាស នៅថ្ងៃទី២ ខែសីហាថា ទីក្រុងវ៉ាស៊ីនតោនប្រកាសដំឡើងពន្ធលើទំនិញនាំចូលពីចិន គឺជាសកម្មភាព មិនអាចទទួលយកបាន ហើយប៉ះពាល់យ៉ាងខ្លាំងដល់ការខិតខំ ដោះស្រាយវិវាទពាណិជ្ជកម្ម ប្រទេសទាំងពីរ ។
រដ្ឋមន្ត្រីការបរទេសចិន បានប្រកាសនៅទីក្រុងបាងកកពេលចូលរួម កិច្ចប្រជុំអាស៊ានថា «ការដំឡើងពន្ធគឺជារនាំង រារាំងរាល់ការខិតខំបញ្ចប់វិវាទពាណិជ្ជកម្ម ប្រទេសទាំងពីរ ។ សកម្មភាពទាំងនោះ មិនមែនជារឿងត្រឹមត្រូវឡើយ» ។
ពេលថ្មីៗនេះ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅថ្ងៃទី២ ខែសីហា បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធចំនួន១០ភាគរយបន្ថែមទៀត លើមុខទំនិញ នាំមកពីប្រទេសចិន ដែលមានតម្លៃសរុប៣០០ពាន់លានដុល្លារអាមេរិក ។ ការដំឡើងពន្ធបន្ថែមនេះ នឹងចូលជាធរមាន នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។
លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះ នៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃទី១ ខែសីហា (ម៉ោងនៅអាមេរិក) ក្រោយពេលលោកប្រធានាធិបតីអាមេរិក ទទួលបានរបាយការណ៍ ស្តីអំពីកិច្ចពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ។
បើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមន្ត្រីនៃប្រទេសទាំងពីរ អាមេរិក និងចិន នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ហើយលោកសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានកិច្ចព្រមព្រៀងមួយជាមួយចិន ។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ថា ចិនមិនគោរពពាក្យសន្យា ទិញផលិតផលកសិកម្មពីអាមេរិក ក៏ដូចជា ការលក់ឱសថបំបាត់ការឈឺចាប់ Fentanyl ទៅកាន់អាមេរិកផងដែរ ។
សកម្មភាពខាងលើបានធ្វើឲ្យទីផ្សា មូលបត្រ(ភាគហ៊ុន)អាមេរិកធ្លាក់ចុះ ចំណែកតម្លៃប្រេងវិញឡើងថ្លៃខ្ពស់ ក្រោយការប្រកាសរបស់លោកត្រាំ ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានប្រកាសថា ការដំឡើងពន្ធរបស់អាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដើរយឺត នៅក្នុងឆ្នាំ២០២០ គឺថយចុះ០,២ភាគរយ ។
តំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Steven Mnuchin ទើបតែបានបញ្ចប់នូវកិច្ចពិភាក្សា ស្ដីអំពីពាណិជ្ជកម្ម នៅទីក្រុងសៀងហៃ ប្រទេសចិន ។ នេះជាជំនួបលើកដំបូងហើយ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្រេចតភ្ជាប់នូវកិច្ចពិភាក្សាគ្នាឡើងវិញ កាលពីចុង ខែមិថុនា ឆ្នាំ២០១៩ កន្លមកមកនេះ៕