ឥណ្ឌាបានបន្ថែមកម្លាំងទាហាន ប៉ូលិស ទៅការពារនៅតំបន់កាស្មៀរជាប់ប្រទេសប៉ាគីស្ថាន ពិសេសគឺព្រះវិហារ ហិណ្ឌូដ៏ពិសិដ្ឋ ក្នុងពេលដែលពលរដ្ឋ អ្នកកាន់សាសនាហិណ្ឌូ នាំគ្នាដង្ហែក្បួនធម្មយាត្រា ទៅកាន់ព្រះវិហារ ។
លោក Kanwal Keet Singh Dhillon មន្ត្រីយោធាប្រចាំនៅតំបន់កាស្មៀរបានប្រកាសកាលពីថ្ងៃទី២ ខែសីហា ថា លោកទទួលបានព័ត៌មានស្តីពីផែនការវាយប្រហារនៅក្នុងតំបន់នេះ សំដៅទៅលើក្បួនធម្មយាត្រារបស់សាសនិកហិណ្ឌូ ។ លោកក៏បានអំពាវនាវដល់អ្នកទេសចរចាកចេញពីតំបន់នេះជាបន្ទាន់ ។
សារព័ត៌មាន AFP បានដកស្រង់សម្តីលោក Kanwal Keet Singh Dhillon បញ្ជាក់ថា កម្លាំងសន្តិសុខបានរកឃើញគ្រាប់បែក កាំភ្លើងខ្លីនិង អាវុធជាច្រើនទៀត នៅតាមដងផ្លូវ នៃពិធីធម្មយាត្រាឆ្ពោះទៅកាន់ព្រះវិហារ ហិណ្ឌូ Amarnath ដែលមានពលរដ្ឋ រាប់សែននាក់ទៅកាន់ទីនោះជារៀងរាល់ឆ្នាំ ។
លោក Kanwal Keet Singh Dhillon បានចោទប្រកាន់ ភាគីប៉ាគីស្ថានមានជាប់ពាក់ព័ន្ធ ដោយអាវុធដែលរកឃើញនោះគឺផលិតនៅក្នុងប្រទេសប៉ាគីស្ថាន ។ ប៉ុន្តែមកទល់ពេលនេះ ភាគីប៉ាគីស្ថានមិនទាន់មានប្រតិកម្មអ្វីនោះឡើយ។
ការប្រកាសខាងលើកើតឡើងក្រោយពេលដែល កំពុងតែតានតឹងខ្លាំងឡើងនៅតាមបណ្តោយព្រំដែនជាប់ប្រទេសប៉ាគីស្ថាន គឺមានការបាញ់ប្រហារគ្នាជាបន្តបន្ទាប់ ។ ឥណ្ឌាបានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមរហូតដល់ទៅ ២៥.០០០(ពីម៉ឺនប្រាំពាន់នាក់) ទៅកាន់តំបន់ Jammu និង កាស្មៀរ។
សារព័ត៌មាន The Hindu បានផ្សាយថា កន្លងមកថ្មីៗឥណ្ឌាទើបតែបានបញ្ជូនទាហាន១ម៉ឺននាក់ទៅកាន់ព្រំដែនកាស្មៀរ ហើយពេលនេះបានបន្ថែមទាហាន ២ម៉ឺន៥ពាន់នាក់នាក់ ទៅកាន់តំបន់កាស្មៀរ និងJammu នៅថ្ងៃទី១ ខែសីហា នឹងធ្វើឲ្យស្ថានភាពកាន់តែតានតឹង។
សកម្មភាពខាងលើកើតឡើង ក្នុងពេលដែលទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា លោក Ajit Doval បំពេញទស្សនកិច្ចទៅត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែន កាលពីចុងសប្តាហ៍កន្លងមក។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខ និងមន្ត្រីជាន់ខ្ពស់បានសម្រេច រៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញនៅរដ្ឋជាប់ព្រំដែនប៉ាគីស្ថាន ។
កន្លងមក ស្នងការប៉ូលិស Jammu និង កាស្មៀរ លោក Dibag singh បានប្រកាសថា កម្លាំងការពារនៅតំបន់ភាគខាងជើង កាស្មៀរ មិនគ្រាប់គ្រាន់ដើម្បីការពារ ទើប បញ្ជូនទាហានបន្ថែម ទៅទីនោះ។
កាលពីថ្ងៃទី៣០ ខែសីហា កម្លាំងទាហាន ឥណ្ឌា និងប៉ាគីស្ថាន ប៉ះទង្គិចគ្នា នៅតំបន់កាស្មៀរ បណ្តាលឲ្យទាហាន៣នាក់ស្លាប់ និងរងរបួសជាច្រើន៕