នៅពេលនេះអាមេរិកបានបង្ហាញពី គោលបំណងចង កម្មវិធីបរមាណូរបស់ចិន ដោយសន្ធិសញ្ញា អាវុធថ្មី ដែលមានការចូលរួម ទាំង អាមេរិក រុស្ស៊ី និងចិន ។ កាលពីថ្ងៃទី២ ខែសីហា ក្រសួងការបរទេសអាមេរិកបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន មានបំណងបង្កើតឲ្យមានកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាថ្មីដោយមានការចូលរួម ទាំងរុស្ស៊ី និងចិន ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់យ៉ាងច្បាស់ថា អាមេរិកមិនចង់នៅក្នុងសន្ធិសញ្ញា អាវុធដែលមានតែអាមេរិក និងរុស្ស៊ី ហើយរុស្ស៊ីបានបំពានកិច្ចព្រមព្រៀង ដោយបន្តផលិតមីស៊ីលដែលបានហាមប្រាមនៅក្នុងច្បាប់ INF ។ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសដកខ្លួនជាផ្លូវការនៅថ្ងៃទី២ ខែសីហា (ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩) ។
ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៣ ខែសីហា បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ក្រោយអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាអាវុធបរមាណូកម្រិតមធ្យម INF ។ ការបញ្ចប់ INF រវាងអាមេរិក និងរុស្ស៊ី អាចបង្កឲ្យមានគ្រោះថ្នាក់ ជាមួយគ្នានោះអគ្គលេខាធិការអង្គការសហប្រជាជាតិ បានស្នើឲ្យ ទីក្រុងមូស្កូនិងវ៉ាស៊ីនតោនចាប់ផ្តើមពិភាក្សា ជាថ្មីក្នុងពេលឆាប់ៗនេះ ។
ក្រោយការប្រកាសបញ្ចប់ INF ភ្លាម មន្ទីបញ្ចកោណអាមេរិក បានប្រកាសថា អាមេរិកមានគម្រោង អភិវឌ្ឍន៍មីស៊ីល ដែលពីមុនមក ត្រូវបានហាមប្រាមដោយ INF។ សកម្មភាពខាងលើ នឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធបរមាណូសារជាថ្មី ។
អ្នកនាំពាក្យក្រសួងការពារជាតិ អាមេរិក បានប្រកាសថា «ពេលនេះយើងបានដកខ្លួនចេញពី INF ហើយក្រសួងការពារជាតិ នឹងបន្តសកម្មភាពអភិវឌ្ឍន៍ កាំជ្រួចមីស៊ីល ដែលបានហាមប្រាំពីមុនមកនៅក្នុង INF» ។
កន្លងមក អាមេរិកបានចោទប្រកាន់រុស្ស៊ីថា បានបំពាន សន្ធិសញ្ញា INF ដោយរុស្ស៊ីនៅតែបន្តផលិតមីស៊ីលដែលបានហាមប្រាម ។ ទាំងនោះហើយ ទើបអាមេរិក សម្រេចដកខ្លួនចេញ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសនៅទីក្រុងបាងកកប្រទេសថៃ ពេលចូលរួមកិច្ចប្រជុំអាស៊ានថា «អាមេរិកដកខ្លួនចេញពី INF ចាប់ពីថ្ងៃនេះ ហើយរុស្ស៊ី ជាអ្នកទទួលខុសត្រូវទាំងស្រុង ពីការដួលរលំនៃកិច្ចព្រមព្រៀងខាងលើ» ។
អាមេរិកបានចោទរុស្ស៊ីថា បានផលិតមីស៊ីល SSC-8 ដែលរុស្ស៊ីហៅឈ្មោះថា 9M729 ។ ប៉ុន្តែទីក្រុងមូស្កូបានបញ្ជាក់ថា មីស៊ីលនោះសមស្រប់ទៅនឹងសន្ធិសញ្ញា មិនបានបំពាននោះឡើយ ៕