ព័ត៌មានទាន់ហេតុការណ៍៖

ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ចង់បង្កសង្គ្រាមពាណិជ្ជកម្ម ក្រុងប៉េកាំង ស្វាគមន៍ជានិច្ច

ចែករំលែក៖

អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ ​កាលនៅថ្ងៃទី​៣ ខែសីហា បានប្រកាសថា​ ប្រសិនបើអាមេរិក​ចង់បង្កសង្គ្រាមពាណិជ្ជកម្មជាមួយចិននោះ ចិនស្វាគមន៍ដល់ទីបញ្ចប់ ហើយទីក្រុងប៉េកាំងនឹងមានវិធានការតប់តវិញ​ នូវការដាក់ទណ្ឌកម្មថ្មី ដំឡើងពន្ធបន្ថែមពីអាមេរិក​ ។

មន្ត្រីចិនប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀត​ថា ទស្សនរបស់ចិន​បានបង្ហាញយ៉ាងច្បាស់ថា បើទីក្រុងវ៉ាស៊ីនតោន ចង់ចរចា ចិន នឹងចរចា ហើយបើចង់​ប្រកាសសង្គ្រាម ចិនក៏បានត្រៀមតប់តវិញផងដែរ ។

ការប្រកាសខាងលើរបស់ចិនកើតឡើង ក្រោយពេល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​នៅថ្ងៃទី​២ ខែសីហា បានប្រកាសថា​ អាមេរិកនឹងដំឡើងពន្ធចំនួន១០ភាគរយបន្ថែមទៀត លើមុខទំនិញ នាំមកពីប្រទេសចិន ដែលមានតម្លៃសរុប​៣០០ពាន់លានដុល្លារអាមេរិក​ ។ ការដំឡើងពន្ធបន្ថែមនេះ ​នឹងចូលជាធរមាន នៅថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៩ខាងមុខនេះ ។

លោក ដូណាល់ ត្រាំ បានប្រកាសបែបនេះ នៅលើបណ្តាញសង្គម Twitter ​កាលពីថ្ងៃទី​១ ខែសីហា (ម៉ោងនៅអាមេរិក) ក្រោយពេលលោកប្រធានាធិបតីអាមេរិក ទទួលបានរបាយការណ៍ ស្តីអំពីកិច្ចពិភាក្សា លើវិស័យពាណិជ្ជកម្មជាមួយចិន ​នៅទីក្រុងសៀងហៃ ប្រទេសចិន ។

បើតាមការលើកឡើងរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺមន្ត្រីនៃប្រទេសទាំងពីរ អាមេរិក និងចិន នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ហើយលោកសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានកិច្ចព្រមព្រៀងមួយជាមួយចិន ។ លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ថា ចិនមិនគោរពពាក្យសន្យា ទិញ​ផលិតផលកសិកម្មពីអាមេរិក ក៏ដូចជា ការលក់ឱសថ​បំបាត់ការឈឺចាប់​ Fentanyl ​ទៅកាន់អាមេរិកផងដែរ​ ។

សកម្មភាពខាងលើបានធ្វើឲ្យទីផ្សា មូលបត្រ(ភាគហ៊ុន)អាមេរិកធ្លាក់ចុះ ចំណែកតម្លៃប្រេងវិញឡើងថ្លៃខ្ពស់​ ក្រោយការប្រកាសរបស់លោកត្រាំ​ ។ ចំណែកមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ​ក៏បានប្រកាសថា ការដំឡើងពន្ធរបស់អាមេរិក និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ដើរយឺត នៅក្នុងឆ្នាំ​២០២០ គឺថយចុះ​០,២ភាគរយ​ ។

ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពរបស់អាមេរិក មិនមែនប៉ះពាល់តែចិននោះឡើយ អាមេរិក ក៏ជាអ្នកប៉ះពាល់ខ្លាំង​ពីការដំឡើងពន្ធនោះ ។ នៅពេលនេះដែរ សេដ្ឋកិច្ច​អាមេរិក​ចាប់ផ្តើម​ឲ្យ​សញ្ញា​ដើរយឺតៗ​ ។

ក្រុមអ្នកជំនាញ់កំពុងតែវាយតម្លៃថា តើ​សេដ្ឋកិច្ច​អាមេរិក​កំពុង​ចាប់រង្គោះរង្គើ​ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក​ឬ​ក៏យ៉ាងណា? តួលេខ​របស់នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ចេញផ្សាយ​ជា​ផ្លូវការ​ពេលកន្លងមកថ្មីៗបង្ហាញឲ្យឃើញថា ឱនភាព​ពាណិជ្ជកម្ម ប្រចាំ​ខែ និមួយៗ​បាន​កាត់បន្ថយ ប្រមាណ ០,៣ភាគរយ ដោយសារ​ការនាំចូល​ទំនិញ មកពី​ប្រទេស​ចិន និង​សហភាព អឺរ៉ុប បាន​ធ្លាក់ចុះ ។ ទន្ទឹមគ្នានោះ ការនាំចេញ​ទំនិញ​អាមេរិក​ក៏​បាន​ធ្លាក់ចុះ ខ្លាំង​គួរ ឲ្យ​កត់សំគាល់​ផងដែរ ។

នៅ​ខែ​មិថុនា​ និងខែកក្កដា ឱនភាព​ពាណិជ្ជកម្ម​អាមេរិក មាន​ទំហំ​ទឹកប្រាក់ ៥៥ ២០០​លាន​ដុល្លារ​អាមេរិក គឺ​ថយចុះ​បន្តិច ដោយសារ​ការនាំចូល​បាន​ធ្លាក់​ចុះ ប្រមាណ ១,៧% ឬ ២៦១ពាន់​លាន​ដុល្លារ ចំណែក ការនាំចេញ​របស់​អាមេរិក​វិញ ​ធ្លាក់ចុះ​ខ្លាំង ជាង​ការនាំចូល​ទៅទៀត ដល់ ទៅ​២% ។

តាម​របាយការណ៍​របស់​នាយកដ្ឋាន​ពាណិជ្ជកម្ម​អាមេរិក ចេញផ្សាយ កាល​ពី​ថ្ងៃទី២ ខែសីហាថា ដោយសារ​ការនាំចូល​ពី​ចិន និង​អឺរ៉ុប​ធ្លាក់ថយចុះ ទំនិញ​នាំចូល​អាមេរិក ដូចជា​ទូរស័ព្ទដៃ និង​សំភារៈប្រើប្រាស់​របស់​ប្រជាជន​អាមេរិកាំង បាន​ធ្លាក់​ថយចុះ ជាង ១៤០០​លាន​ដុល្លារ ។ នៅក្នុង​ជម្លោះពាណិជ្ជកម្ម រវាង​គ្នា ប៉េកាំង និង​វ៉ាស៊ីនតោន​បាន​ប្រកាស​ដំឡើងពន្ធ លើ​ទំនិញ​នាំចូលគ្នា​ទៅវិញ ទៅមក សរុប ៣៦០ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ កាត់បន្ថយ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ ។

លោកដូណាល់ ត្រាំ ប្រើ​នយោបាយ ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ដើម្បី​ ការពារ​ការងារ​ប្រជាជន​អាមេរិកាំង និង​កាត់បន្ថយ គម្លាត នៃការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន ។ ប៉ុន្តែ តួលេខ​របស់​ក្រសួងការងារ​អាមេរិក ​បាន​បង្ហាញដែរថា សម្រាប់​ខែ​កក្កដា ចំនួន​ការងារ​បង្កើតថ្មី បាន​ថយចុះ នៅពេល​អត្រា​អ្នកអត់ការងារ​ធ្វើវិញ នៅ​នឹងថ្កល់ ប្រមាណ ៣,៧% ដែល​នេះ ជា​សញ្ញា​នៃ​សេដ្ឋកិច្ច​ដើរ​យឺត​របស់​អាមេរិក ។

ការនាំចេញ​ធ្លាក់ចុះ ចំណែក​ចំនួនការងារ​បង្កើតថ្មី ក៏​ធ្លាក់ចុះ ។ សញ្ញា​នៃ​សេដ្ឋកិច្ច​ដើរយឺត នឹងអាច​រឹតតែ​អាក្រក់ នៅពេល​នយោបាយ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ ទៅលើ​ទំនិញ​ចិន នាំចូល​អាមេរិក ដែល​មាន​តម្លៃ ជាង ៣០០​ពាន់លានដុល្លារ​ផ្សេងទៀត ចាប់ចូលជាធរមាន នៅខែកញ្ញា​ខាងមុខ ។

នៅថ្ងៃ ព្រហស្បតិ៍ ដោយសារ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ចិន នៅទីក្រុង​សៀងហៃ មិន​បាន​​ផ្តល់​លទ្ធផល​តាមការចង់បាន លោកដូណាល់ ត្រាំ បាន​ប្រកាស​ដំឡើងពន្ធ ១០ភាគរយ លើ​ទំនិញនាំចូល​ពី​ចិន ប្រមាណ ៣០០ពាន់​លាន​ដុល្លារផ្សេងទៀត ចាប់ពី​ថ្ងៃទី ១​កញ្ញា ។

នៅពេលវិធានការ​​ដំឡើង​ពន្ធ​ពីរលើក​ដំបូង លើ​ទំនិញ​នាំចូល​ពី​ចិន ផ្តោតសំខាន់​ទៅ​លើ​វត្ថុធាតុដើម វិធានការ​ដំឡើង​ពន្ធ លើកទី​៣​របស់​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លើ​ទំនិញ​ចិន តម្លៃ ជាង ៣០០​ពាន់​លាន​ដុល្លារផ្សេងទៀត នឹង​ធ្វើ​ឲ្យ​ទំនិញ លក់រាយ​ឡើងថ្លៃនៅ​អាមេរិក ដែលជាការប៉ះពាល់​ដោយ​ផ្ទាល់ លើ​ប្រយោជន៍ របស់​អ្នកប្រើប្រាស់ និង​អ្នកជំនួញ​អាមេរិកាំង ។

ធនាគារ​កណ្តាល​អាមេរិក នៅសប្តាហ៍នេះ​បាន​កាត់បន្ថយ​អត្រាការប្រាក់​ប្រមាណ​០,២៥ភាគរយ ដើម្បី ជំរុញ ពង្រីក សេដ្ឋកិច្ច​អាមេរិក ក្នុង​កាលៈទេសៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​ដើរយឺត ហើយ​និង​ភាពមិនច្បាស់លាស់ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន អាមេរិក៕


ចែករំលែក៖