អាមេរិកប្រឈមការបាញ់ប្រហារដល់ទៅ៤លើក ក្នុងមួយសប្តាហ៍ សម្លាប់មនុស្ស៣៤នាក់ និងជាង៥០នាក់ រងរបួស ហើយការបាញ់ប្រហារនោះ មិនមែន ជាភេរវកម្មឡើយ គឺពលរដ្ឋអាមេរិកផ្ទាល់ ដោយមានសិទ្ធិកាន់កាំភ្លើងស្របច្បាប់ទៀតផង ។ ដូចករណីបាញ់ប្រហារនៅផ្សារទំនើប ក្នុងតំបន់ El Paso ជាដើម ។ ក្រុមសន្តិសុខអាមេរិក បញ្ជាក់ថា ជនដៃដល់គឺប្រើប្រាស់អាវុធដោយស្របច្បាប់ បានចុះបញ្ជីប្រើប្រាស់ត្រឹមត្រូវ ។
សារព័ត៌មាន CNN បានផ្សាយថា ពលរដ្ឋអាមេរិកបានដឹងយ៉ាងច្បាស់ថា ការបាញ់ប្រហារ អាចកើតឡើង គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្ថានភាព ទៅលើមនុស្សគ្រប់រូប ទាំងស្ត្រី និងកុមារគ្មានកំហុស… ។ ពលរដ្ឋអាមេរិកបានត្រឹមតែ បរិច្ចាគឈាម ជួយសង្គ្រោះជងរងគ្រោះតែប៉ុណ្ណោះ និង ដាក់កម្រងផ្កា បួងសួងដល់អ្នកដែលស្លាប់ ទាំងបុរស ស្ត្រី និងកុមារ ដោយគ្រាប់កំភ្លើង ដោយមិនមានមូលហេតុ ណាមួយឡើយ ។ ទោះបីពលរដ្ឋ បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ប៉ុន្តែរឿងរ៉ាវបាញ់ប្រហារនៅតែដដែល ។
ទាំងនោះគឺជាលទ្ធផលនៃការ អសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក នៅក្នុងការការពារពលរដ្ឋស្លូតត្រង់ រួចផុតពីការស្លាប់ ដោយគ្មានហេតុផល ។ អំពើហិងក្សាពាក់ព័ន្ធ និងកាំភ្លើង បានបង្កវិវាទជាច្រើនក្នុងថ្នាក់ដឹកនយោបាយអាមេរិក ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ប៉ុន្តែលោកមិនបានលើកឡើងពីការសន្យាណាមួយក្នុងការគ្រប់គ្រង អាវុធនោះឡើយ ។
នៅពេលនេះ ថ្នាក់ដឹកនាំនៅក្នុងគណបក្ស សាធារណរដ្ឋ និងប្រជាធិបតេយ្យ បានទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក ពីករណីបាញ់ប្រហារនៅអាមេរិក ។ កន្លងមក លោកត្រាំបានទម្លាក់កំហុសទៅឲ្យគណបក្សប្រជាធិបតេយ្យ ។ ចំណែកបក្សប្រជាធិបតេយ្យវិញទម្លាក់កំហុសទៅឲ្យលោកត្រាំ ។
កាលពីថ្ងៃទី៥ ខែសីហា កន្លងមក ប្រធានការិយាល័យសេតវិមានអាមេរិក Mick Mulvaney បានការពារប្រធានាធិបតី ដូណាល់ ត្រាំ ដោយលោកលើកឡើងថា ការបាញ់ប្រហារមិនមែនទើបតែកើតឡើង ក្រោមការដឹកនាំរបស់លោកត្រាំនោះឡើយ គឺកើតឡើងតាំងពីយូណាសមកហើយ ។ លោក Mick Mulvaney បន្តទៀតថា ការបាញ់ប្រហារ ក្លាយទៅជាជំងឺមហារីកទៅហើយ ដែលពលរដ្ឋអាមេរិក ទាំងមូលត្រូវប្រឈមមុខ ។
ការបាញ់ប្រហារនៅអាមេរិកគិតចាប់តាំងពីឆ្នាំ២០១៣មកទល់ពេលនេះ មានការបាញ់ប្រហារដល់ ១៨០០លើក ។ ការបាញ់ប្រហារនៅអាមេរិក កើតឡើងសឹងតែរៀងរាល់ថ្ងៃ ឆ្នាំ២០១៨ មិនទាន់មានរបាយការណ៍ផ្លូវការ ប៉ុន្តែក្នុងរយពេល ២៦៣ថ្ងៃដើមឆ្នាំ២០១៨មានការបាញ់ប្រហារដល់ទៅ២៦២លើក ។ ឆ្នាំ២០១៧មានការបាញ់ប្រហារ៣៤៦ករណី និងឆ្នាំ២០១៦មាន ៣៨២ករណី ។ តាមតួលេខខាង ចាប់តាំងពីឆ្នាំ២០១៥មក គឺមានការបាញ់ប្រហារជារៀងរាល់ថ្ងៃ ។
ប៉ុន្តែការបាញ់ប្រហារទាំងនោះមិនបណ្តាលមានអ្នកស្លាប់ច្រើនឡើង ដោយរងរបួស និងស្លាប់ម្នាក់ពីរនាក់តែប៉ុណ្នោះ ។ ចំណែកការបាញ់ប្រហារដែលសម្លាប់មនុស្សច្រើនបំផុត ដែលមានអ្នកស្លាប់ចាប់ពី២០នាក់ឡើង នាពេលកន្លងមក មាន ៖
បាញ់ប្រាហារនៅ ទីក្រុង Las Vegas ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧៖
ជនដៃដល់ស្ថិតនៅលើជាន់ទី៣២នៃសណ្ឋាគារ បានបាញ់រ៉ះទៅលើហ្វូងមនុស្ស ដែលកំពុងតែចូលរួម នៅក្នុងពិធីប្រគុំតន្ត្រីកណ្តាលវាល ក្បែរសណ្ឋាគានោះសម្លាប់មនុស្ស៥៨នាក់ និង ៥៦៤នាក់រងរបួស ។ ជនល្មើសឈ្មោះ Stephen Paddock បានធ្វើអត្តឃាតពេល ប៉ូលិសចូលទៅដល់ ។ ការបាញ់ប្រហារនោះក្លាយជាសោកនាដកម្មទ្រង់ទ្រាយធំបំផុតរបស់អាមេរិក ។
បាញ់ប្រហារនៅទីក្រុង Orlando ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦៖
ខ្មាន់កាំភ្លើងបានបាញ់រ៉ះនៅខាងក្រៅក្លឹប Pulse ដែលជាក្លឹបសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា សម្លាប់មនុស្ស៤៩នាក់ មុនពេលប៉ូលិសបាញ់សម្លាប់ជនល្មើស ។
បាញ់ប្រហារនៅទីក្រុង Virginia Texh ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០៧ ៖
ខ្មាន់គាំភ្លើងបានបាញ់សម្លាប់មនុស្ស៣២នាក់ នៅសាលាមហាវិទ្យាល័យ Virginia Tech ។ ជនដៃដល់ បានចូលទៅតាមថ្នាក់រៀនបាញ់សម្លាប់សិស្ស និងលោកគ្រូអ្នកគ្រូ ក្នុងថ្នាក់
បាញ់ប្រហារនៅសាលារៀន Sandy Hook ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១២៖
បុរសម្នាក់បានបាញ់សម្លាប់ម្តាយរបស់ខ្លួនឯង ហើយទៅបាញ់សម្លាប់កុមារ២០នាក់ និងមនុស្សធំ១០នាក់ នៅក្នុងសាលាបឋមសិក្សា Sandy Hook ក្នុងទីក្រុង Newtown រដ្ឋ Connecticut ។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនទៀតមានដូចជា បាញ់ប្រហារនៅSutherland Springs, 5/11/2017 សម្លាប់មនុស្ស ២៦នាក់ ។ បាញ់ប្រហារនៅ Killeen, 16/10/1991 សម្លាប់មនុស្ស២៣នាក់របួស២៧នាក់ ។ បាញ់ប្រហារនៅ San Ysidro:18/7/1984 សម្លាប់មនុស្ស ២១នាក់ របួស១៩នាក់ ។ និងចុងក្រោយគេគឺបាញ់ប្រហារនៅEl Paso: 3/8/2019 សម្លាប់មនុស្ស២០នាក់ របួស២៦នាក់ … ។
ក្រៅពីនេះនៅមានការបាញ់ប្រហារសម្លាប់មនុស្ ក្រោម២០នាក់ជាច្រើនករណី ហើយបើការបាញ់សម្លាប់មនុស្ស ម្នាក់ ពីនាក់ ឬ៣នាក់ អាចនិយាយបានថាកើតឡើងសឹងតែរៀងរាល់ថ្ងៃ ៕