កាលពីថ្ងៃទី៥ ខែសីហា អាមេរិក និងកូរ៉េខាងត្បូងចាប់ផ្តើមធ្វើសមយុទ្ធ ដូចការគ្រោងទុក ដោយមិនខ្វល់ពីការព្រមានរបស់កូរ៉េខាងជើងឡើយ ។ អាមេរិក និងកូរ៉េខាងត្បូង បានបញ្ជាក់ថា សមយុទ្ធទាំងនោះ គឺជារឿងធម្ម មិនសំដៅ ទៅលើកូរ៉េខាងជើងនោះឡើយ ។
ប៉ុន្តែនៅព្រឹកថ្ងៃទី៦ ខែសីហានេះ អគ្គមេបញ្ជាការកម្លាំង ទាហានសម្ព័ន្ធមិត្តអាមេរិក និងកូរ៉េខាងត្បូង JCS បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលពី២គ្រាប់នៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើតប្រទេសនេះ ។ ការបាញ់សាកល្បងនេះជាលើកទី៤ហើយ ក្នុងរយៈពេល២សប្តាហ៍តែប៉ុណ្ណោះ ។
សារព័ត៌មាន យ៉ុនហាប់ បានផ្សាយថា កាំជ្រួចមីស៊ីលទាំងនោះ បានបាញ់ចេញពីខេត្ត South Hwanghae របស់កូរ៉េខាងជើង ។ នាយអគ្គសេនាធិការចម្រុះ បានអះអាងថា នៅពេលនេះ មន្ត្រីកូរ៉េខាងត្បូង បាន និងកំពុងតាមដាន អំពីសភាពការណ៍របស់កូរ៉េខាជើង ថាតើមានករណីបាញ់សាកល្បងបន្ថែមទៀតដែរឬទេ?
ការបាញ់សាកល្បងមីស៊ីល នាពេលនេះ ទើបតែរំលងបានមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលយោធាអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធរួមគ្នា ។ អ្នកនាំពាក្យមួយរូប នៃក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្ដីថ្លែងការណ៍មួយ ក្រោយការបាញ់សាកល្បងមីស៊ីល ដោយព្រមានថា ខ្លួនអាចរក «ផ្លូវថ្មី» មួយ បើសិនសមយុទ្ធរួមគ្នារបស់កូរ៉េខាងត្បូង និងអាមេរិកនៅតែបន្ត ។
ក្រោយពេលជំនួប រវាងលោក គីម ជុងអ៊ុន និងដូណាល់ ត្រាំ ដែលបានព្រមព្រៀង បន្តពិភាក្សាស្ដីការរំសាយអាវុធបរមាណូនោះមក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ជាលើកដំបូងរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅពេលនេះ កូរ៉េខាងជើងបានបន្ដបាញ់មីស៊ីល ចំនួនពីរគ្រាប់ តម្រង់ទៅកាន់សមុទ្រជប៉ុន ។ ការបាញ់សាកល្បងមីស៊ីលលើកនេះ ត្រូវកូរ៉េខាងជើងអះអាងថា ជាការព្រមានមួយប្រឆាំងនឹងអ្នកនិយមសង្គ្រាមកូរ៉េខាងត្បូង ។
រហូតមកដល់ពេលនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ជាបន្ដបន្ទាប់ សរុប៣លើកបន្ថែមទៀត ហើយការសាកល្បងនោះ ត្រូវបានលោក ត្រាំ ថ្លែងការពារថា វាមិនគំរាមកំហែងនោះទេ ហើយថា ទំនាក់ទំនងរបស់លោក និងមេដឹកនាំកូរ៉េខាងជើង នៅតែមានភាពល្អប្រសើរដដែល ៕