ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកនៅថ្ងៃទី១៦ ខែសីហាថា « ប្រសិនបើប្រធានាធិបតីចិន ស៊ី ជីនពីង ទៅជួបក្រុមបាតុករកោះហុងកុង នោះគឺជារឿងដ៏ល្អ សម្រាប់បញ្ហាកោះហុងកុង» ។
ចំណែកចិនវិញ ក៏បានថ្កោលទោស ដល់អាមេរិក ដែលបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។ កោះហុងកុងគឺជាទឹកដីរបស់ចិន, បើគ្មានបរទេសណាមកញុះញង់ ស្ថានការណ៍ក៏មិនប្រែជាអាក្រក់បែបនេះដែរ»។ ការលើកឡើងរបស់ចិន គឺសំដៅទៅលើអាមេរិក ដែលបានបំផុះបំផុល ការធ្វើបាតុកម្មគ្មានថ្ងៃបញ្ចប់នៅកោះហុងកុង។
អគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក លីវ ហ្សាវមីង (Liu Xiaoming) បានបញ្ជាក់ជាថ្មីថា ទីក្រុងហុងកុងគឺជាទឹកដីរបស់ចិន ហើយបណ្ដាប្រទេសមួយចំនួនគួរតែបញ្ឈប់ការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងតទៅទៀត។
លោក Liu Xiaoming កត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតចិនប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះអគ្គរដ្ឋទូតចិនរូបនេះបានលើកឡើងយ៉ាងដូច្នេះថា «អ្នកនយោបាយលោកខាងលិច និងក្រុមអង្គការមួយចំនួនបានបង្ហាញការគាំទ្រ ដល់ក្រុមបាតុករដែលបង្កហិង្សា ព្រមទាំងព្យាយាមលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហុងកុង និងរារាំងប៉ូលិសហុងកុង មិនឲ្យនាំយកជនល្មើសមកកាត់ទោសតាមច្បាប់ថែមទៀត»។
គួរបញ្ជាក់តាមលោក Liu បន្ថែមទៀតថា ស្ថានភាពក្នុងទីក្រុងហុងកុង នឹងមិនអាក្រក់ដូចបច្ចុប្បន្ន បើសិនជាគ្មានការជ្រៀតជ្រែក និងញុះញុងពីបរទេសខាងក្រៅ។ បើតាមលោកអគ្គរដ្ឋទូតចិនបាតុករបង្កហិង្សាទាំងអស់ ត្រូវតែយកមកកាត់ទោសតាមផ្លូវច្បាប់ រីឯបរទេសដទៃគួរតែប្រុងប្រយ័ត្នចំពោះទង្វើរបស់ខ្លួន ដ្បិតអ្វីដែលពួកគេកំពុងធ្វើគឺមានន័យថា ពួកគេនឹងទម្លាក់ដុំថ្មលើជើងខ្លួនឯងតែប៉ុណ្ណោះ៕