ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានចំណាប់អារម្មណ៍ទិញយក Greenland របស់ប្រទេស ដាណឺម៉ាក ដែលមានទំហំដល់ទៅ ជាង២លានគីឡូម៉ែត្រ ក្រឡា ជាកោះធំបំផុត នៅលើពិភពលោក។
សារព័ត៌មានអាមេរិក Wall Street Journal នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩ បានផ្សាយថា លោកប្រធានាធិបតីអាមេរិក បានលើកឡើងនូវគំនិតដូចខាងលើជាច្រើនលើកច្រើនសា កំឡុងកិច្ចពិភាក្សាជាមួយក្រុមទីប្រឹក្សារបស់លោក ។ លោក ត្រាំ បានធ្លាប់សួរថា តើអាមេរិកអាចទិញកោះ គ្រីនលែន បានឬអត់? ហើយលោកបានផ្ទៀងស្តាប់យ៉ាងយកចិត្តទុកដាក់ នៅពេលពួកគេលើកឡើងពីធនធានដ៏ច្រើនសម្បើម និងឧត្តមប្រយោជន៍នៃទីតាំងភូមិសាស្រ្តរបស់ដែនដីកោះនោះ។
គួរជម្រាបថា កោះគ្រីនលែនជាកម្មសិទ្ធិរបស់ប្រទេសដាណឺម៉ាក ខណៈវាមានទីតាំងស្ថិតនៅជិតតំបន់អាមេរិកខាងជើង ជាជាងតំបន់អឺរ៉ុប និងមានផ្ទៃដីយ៉ាងធំធេង និងគ្របដណ្តប់ដោយផ្ទាំងទឹកកក ស្ថិតនៅភាគឦសានប្រទេសកាណាដា។ ទោះភាគច្រើននៃផ្ទៃដីលើកោះនោះជា ទឹកកកក៏ដោយ វាមានផ្ទុកធនធានធម្មជាតិក្នុងបរិមាណដ៏ច្រើនសម្បើមរួមមានទាំងប្រេង និងឧស្ម័នធម្មជាតិ ដែលស្មើនឹងរាប់សិបពាន់លានបារ៉ែល។ ក្រៅពីនេះកោះគ្រីនលែន ក៏មានស្តុកនូវទឹកសាប ១០ភាគរយរបស់ពិភពលោកផងដែរ។
ប៉ុន្តែអ្វីដែលទំនងជាសំខាន់ជាងគេនោះ គឺនៅក្រោមផ្ទាំងទឹកកករបស់កោះគ្រីនលែន គឺធនធានដ៏កម្រហៅថា Rare Earth ដែលមានសារសំខាន់ជាខ្លាំង សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ពោលគឺសម្រាប់ការផលិតចាប់តាំងពីស្មាតហ្វូន រហូតដល់បរិក្ខាយោធានិងគ្រឿងសព្វាវុធ។
ដោយឡែកសព្វថ្ងៃបន្ទុកកែច្នៃធនធាន Rare Earth ដល់ទៅ ៩០ភាគរយ គឺស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ប្រទេសចិន ដែលកំពុងមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ហើយចិនក៏មានធនធាននេះផ្ទាល់ នៅក្នុងដែនដីខ្លួនប្រមាណពី ៣០ទៅ៤០ភាគរយ នៃធនធាន Rare Earth សរុបនៅលើពិភពលោកផងដែរ។ ម៉្យាងវិញទៀតកោះនេះ ក៏ផ្តល់នូវគុណសម្បត្តិផ្នែកយុទ្ធសាស្រ្តសម្រាប់ប្រទេស ដែលចង់បង្កើនឥទ្ធិពលរបស់ខ្លួន នៅតំបន់មហាសមុទ្រអាក់ទិចផងដែរ ។
កាលពីឆ្នាំ១៩៤៦ អតីតប្រធានាធិបតីអាមេរិក លោក ហារូ ទ្រូមែន (Harry Truman) ធ្លាប់បានព្យាយាមយកមាសសុទ្ធតម្លៃ ១០០លានដុល្លារ ទៅទិញកោះគ្រីនលែន ប៉ុន្តែដាណឺម៉ាកបានបដិសេធចំពោះសំណើនោះ។ ដែនដីធំធេងសព្វថ្ងៃ ដែលអាមេរិកធ្លាប់បានទិញពីប្រទេសដទៃ គឺរដ្ឋអាឡាស្កា ដែលនៅដាច់ពីរដ្ឋផ្សេងៗទៀតរបស់សហរដ្ឋអាមេរិក និងស្ថិតនៅក្បែរប្រទេសរុស្ស៊ីឯណោះ។ អាមេរិកបានទិញ រដ្ឋអាឡាស្កាពីរុស្ស៊ី កាលពីឆ្នាំ១៨៦៧ ក្នុងតម្លៃ ៧.២លានដុល្លារ ដែលក្រោយមករុស្ស៊ីពិតជាស្តាយក្រោយ និងចារទុកវិប្បដិសារីជាប្រវត្តិសាស្ត្រ៕