រដ្ឋាភិបាល Gibraltar របស់អង់គ្លេសបានសម្រេចដោះលែងនាវាដឹកប្រេង Grace 1 របស់អ៊ីរ៉ង់ តាមការសន្យា ។ ជាមួយគ្នា នេះដែរ អ៊ីរ៉ង់ក៏បានសន្យាថា នឹងមិនដឹកយកប្រេង២,១លានបារ៉ែលនៅលើនាវានេះទៅកាន់ប្រទេសស៊ីរីនោះឡើយ ។
ការដោះលែងខាងលើ បានធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកខឹងសម្បាយ៉ាងខ្លាំង ដោយកន្លងមក អាមេរិកស្នើអង់គ្លេស ផ្អាកដោះលែងនាវាដឹកប្រេង របស់អ៊ីរ៉ង់ ។តុលាការកំពូលដែនដីហ្គីប្រាលតា (Gibraltar) បានសម្រេចគាំទ្រឲ្យមានការដោះលែងនាវាដឹកទំនិញរបស់អ៊ីរ៉ង់ សង្ស័យពីការដឹកជញ្ជូនប្រេងទៅកាន់ប្រទេសស៊ីរី ដែលហែកហួរដោយសារសង្គ្រាម រំលោភលើច្បាប់ទណ្ឌកម្មអន្តរជាតិ។ បើទោះជាមានការព្យាយាមរារាំងពីអាមេរិក មិនឲ្យដោះលែងយ៉ាងណាក្ដី តែចុងក្រោយ អង់គ្លេសបានសម្រេចចិត្តដោះលែងនាវានោះ ។
ការសម្រេចនេះ បន្ទាប់ពីរដ្ឋាភិបាលដែនដីហ្គីប្រាលតា (ហ្គីប្រាលតា ជាដែនដីបរទេសរបស់អង់គ្លេស) បានទទួលលិខិតធានាពីអ៊ីរ៉ង់ថា នាវា Grace 1 នឹងមិនទៅកាន់ប្រទេសទាំងឡាយដែលជាគោលដៅទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបនោះឡើយ។ លោកចៅក្រម Anthony Dudley បានបញ្ជាក់ថា «នាវា Grace 1 លែងជាកម្មវត្ថុ នៃការឃាត់ទុកទៀតហើយ» ។
នៅពេលនេះដែរ មន្ត្រីយោធាអ៊ីរ៉ង់ បានអំពាវនាវដក់កម្លាំងទាហានជើងទឹក បរទេសដែលមានវត្តមាននៅតំបន់សមុទ្រពែក្ស ប្រញាប់ដកខ្លួនចេញពីតំបន់នេះ បើមិនចង់ប្រឈមនឹងការវាយបកពីកម្លាំងទាហានអ៊ីរ៉ង់នោះ ។
សារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ នៅថ្ងៃទី១៦ ខែសីហាបានដកស្រង់សម្តីមេបញ្ជាការកម្លាំងទាហានជើងទឹកអ៊ីរ៉ង់ លោក Hossein Khanzdi បានបញ្ជាក់ថា កម្លាំងទាហានជើងទឹកបរទេស ត្រូវតែប្រញាប់ដកចេញពីតំបន់សមុទ្រពែក្សឲ្យបានឆាប់បំផុត ។ ការប្រកាសរបស់លោក Khanzadi កើតឡើងក្នុងពេលបញ្ចប់កិច្ចប្រជុំស្តីពីយោធាអន្តរជាតិឆ្នាំ២០១៩ នៅកោះ Kish ភាគខាងត្បូង ប្រទេសអ៊ីរ៉ង់ ។
កាលពីខែមុន អាមេរិកបានប្រកាសបង្កើតសម្ព័ន្ធមិត្តយោធា ដើម្បីការពាររាល់នាវាដឹកទំនិញឆ្លងកាត់នៅតំបន់សមុទ្រ ពែក្ស។ ឆ្លើយតបទៅនឹងគម្រោងខាងលើរបស់អាមេរិក អីរ៉ង់បានប្រកាសថា កម្លាំងទាហានជើងទឹកអ៊ីរ៉ង់ មាន កាតព្វកិច្ចក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់សមុទ្រពែក្ស។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានថ្កោលទោសយ៉ាងខ្លាំង ដល់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដែលបានរារាំងរដ្ឋាភិបាល Gibraltar ដោះលែងនាវាដឹកប្រេងGrace 1 របស់អ៊ីរ៉ង់ ។ ប៉ុន្តែនៅពេលនេះ នាវាដឹកប្រេងរបស់អ៊ីរ៉ង់ខាងលើ ត្រូវបានអង់គ្លេសដោះលែងទៅតាមការសន្យារបស់ខ្លួន ៕