ដើម្បីទាក់ទាញ់ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ ឲ្យបោះបង់កម្មវិធីអាវុធ ហើយដើរតាម ផ្លូវ ដែលអាមេរិក បានកំណត់ទុក ប្រធានាធិបតីដូណាលត្រាំបានប្រកាសថា «ខ្ញុំចង់ធ្វើឲ្យកូរ៉េខាងជើង និងអ៊ីរ៉ង់ ក្លាយទៅជាប្រទេសអ្នកមាន ក្នុងតំបន់» ប្រសិនបើ ប្រទេសទាំងពីរព្រមចុះកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ។
ចំពោះកូរ៉េខាងជើង ដែលជាប្រទេសមានសក្កានុពលសេដ្ឋកិច្ចយ៉ាងធំធេង ដោយនៅជិតខាងកូរ៉េខាងជើង គឺជា ប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើន ដូចជាកូរ៉េខាងត្បូងនិងចិនជាដើម ។ ជមួយគ្នានេះដែរ កូរ៉េខាងជើងមានធុនធានធម្មជាតិសម្បូរបែកអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះរីកចំរើនបានយ៉ាងឆាប់រហ័ស ក្ោរយពេលរួចទណ្ឌកម្មពីអាមេរិកនោះ ។
លោកត្រាំបញ្ជាក់កាលពីថ្ងៃ ទី២៦ ខែសីហា បានបញ្ជាក់ថា អ៊ីរ៉ង់ និងកូរ៉េខាងជើង មានសក្កានុពលយ៉ាងធំ ក្នុងការអភិវឌ្ឍន៍សេដ្ឋជាតិ ។ ទន្ទឹមនឹងនោះ លោកត្រាំបង្ហាញក្តីសង្ឃឹមថា លោកនឹង ជួយដល់ប្រទេសទាំងពីរ កាន់តែរីកចំរើន ប្រសិនបើយល់ព្រមចុះកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន ។
លោកត្រាំបញ្ជាក់ថា «ខ្ញុំមើលឃើញថា អ៊ីរ៉ង់មានកម្លាំងសេដ្ឋកិច្ចខ្លាំង ហើយខ្ញុំចង់ឲ្យអ៊ីរ៉ង់ក្លាយទៅជាប្រទេសអ្នកមាន ។ អ៊ីរ៉ង់អាចនឹងទទួលបានជោគជ័យគ្រប់យ៉ាងប្រសិនបើ ព្រមដើរតាមអាមេរិកនោះ ។
នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកអាចនឹងជួបជាមួយ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី នៅពេលវេលាសក្តិសមណាមួយ ដើម្បីដោះស្រាយ បញ្ហាបច្ចុប្បន្ន រវាងប្រទេសទាំង២ ។
លោក ដូណាល់ ត្រាំ បង្ហើបពីបំណងចង់ជួបលោក រូហានី កំឡុងពេលធ្វើសន្និសិទសារព័ត៌មាន រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នាឱកាសនៃកិច្ចប្រជុំកំពូល G7 នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុង BIARRITZ ប្រទេសបារាំង ។ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «បើសិនជាពេលវេលាសក្តិសម ខ្ញុំអាចនឹងជួបជាមួយគាត់ (លោក រូហានី)» ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងលោក ហាសាន់ រូហានី នឹងត្រូវចូលរួមកិច្ចប្រជុំ មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅចុងខែកញ្ញា ខាងមុខនេះ ជាទីដែលមេដឹកនាំទាំង២ ត្រូវបានគេរំពឹងថាអាចនឹងជួបពិភាក្សាការងារជាមួយគ្នា ។
ចំណែក សំណុំរឿងវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់ ជារឿងក្តៅជាងគេ ដែលហាក់គ្របដណ្តប់វេទិកាកំពូលG7នេះ ។ មុននឹងបិទបញ្ចប់ជំនួបកំពូល លោកប្រធានាធិបតីអាមេរិកនិងបារាំងបានធ្វើសន្និសីទកាសែតរួមគ្នា ។ ប្រមុខរដ្ឋទាំងពីរនិយាយក្នុងសំឡេងតែមួយ ប្រាប់ទៅកាន់អ្នកសារព័ត៌មានថា ក្រុមប្រទេសG៧ មិនចង់ឃើញអ៊ឺរ៉ង់មាននុយក្លេអ៊ែរនោះទេ ។ លោក ម៉ាក្រុង បញ្ជាក់ថា គេត្រូវចរចាឲ្យមានកិច្ចព្រមព្រៀងមួយដែលប្រាកដជាក់ច្បាស់ថា អ៊ីរ៉ង់ មិនបន្តឆ្លៀតចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម ហើយផ្ទុយមកវិញ គេត្រូវរកវិធីស្តារសេដ្ឋកិច្ចនិងទីផ្សារបស់អ៊ីរ៉ង់ឡើងវិញ ។ លោក ដូណាល់ ត្រាំ ថ្លែងដែរថា បើកាលៈទេសៈល្អ លោកអាចនឹងយល់ព្រមទទួលជួបប្រធានាធិបតីអ៊ីរ៉ង់ ។ ចំណែកបារាំងក៏បន្ទរទៀតថា បារាំងសង្ឃឹមថា នឹងជួយបង្កើតកាលៈទេសៈល្អនោះ ដើម្បីឲ្យភាគីទាំងពីរបានជួបចរចាគ្នា ៕