កន្លងមក នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា បញ្ហាកាស្មៀរគឺជារឿងផ្ទៃក្នុងរបស់ឥណ្ឌា ដោយ ប្រទេសជិតខាងមិនមានសិទ្ធិលូកដៃនោះឡើយ សូម្បីតែប៉ាគីស្ថាន ។ ប៉ុន្តែពលរដ្ឋនៅក្នុងតំបន់នោះ ជាអ្នកកាន់សាសនាអ៊ីស្លាម ហើយគាំទ្ររដ្ឋាភិបាលប៉ាគីស្ថាន ជាអ្នកកាន់សាសនាអ៊ីស្លាមដូចគ្នា ។
ពាក់ព័ន្ធនឹងវិវាទខាងលើ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ វិញ បានបង្ហាញពីគោលបំណងរបស់ខ្លួន មិនជ្រៀតជ្រែកចូលបញ្ហាកាស្មៀរនោះឡើយ ។ ជាមួយគ្នានេះ លោកបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរនឹងដោះស្រាយគ្នា ដោយសន្តិភាពតាមរយៈកិច្ចពិភាក្សា ។ ប៉ុន្តែអាមេរិក អាចនឹងជួយដោះស្រាយ ប្រសិនបើទទួលបានសំណើសុំជំនួយ ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានបញ្ជក់ថា សហគមន៍អន្តរជាតិ ចាំបាច់ត្រូវតែរួមគ្នាដោះស្រាយវិបត្តិ នៅក្នុងតំបន់កាស្មៀរ ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កាលពីថ្ងៃទី២៦ ខែសីហា បានបញ្ជាក់ថា អង្គការសហប្រជាជាតិ មានកាតព្វកិច្ច ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់កាស្មៀរ ហើយពលរដ្ឋនៅទីនោះ ត្រូវតែមានសិទ្ធិសម្រេចជោគវាសនា និងអនាគតរបស់ខ្លួន តាមរយៈការស្ទង់មតិ ។
នៅក្នុងសុន្ទរកថា ផ្សាយតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានបញ្ជាក់ថា ការទទួលខុសត្រូវ នៅតំបន់កាស្មៀរ គឺមានសហគមន៍អន្តរជាតិ ហើយប៉ាគីស្ថាននឹងខិតខំ ជំរុញឲ្យអន្តរជាតិ ជួយដោះស្រាយបញ្ហាវិវាទនេះឲ្យបានឆាប់បំផុត ។
ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងការលុបចោលនូវសិទ្ធិគ្រប់គ្រង ដោយស្វ័យភាព នៅតំបន់កាស្មៀរ បានរងនូវការថ្កោលទោសយ៉ាងខ្លាំង ពីប្រទេសប៉ាគីស្ថាន ។ ប្រទេសជិតខាងទាំងពីរនេះ តែងតែប្រកាសរៀងៗខ្លួនថា តំបន់កាស្មៀរ គឺស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន ។
បញ្ហាទាំងនេះហើយ ទើបធ្វើឲ្យតំបន់កាស្មៀរ ក្លាយទៅជាចំណុចវិវាទរបស់ប្រទេសទាំងពីរ ។ រដ្ឋាភិបាលប៉ាគីស្ថានបានព្រមានថា ខ្លួននឹងលើកយកបញ្ហាខាងលើ ទៅដោះស្រាយ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ (ICC) ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានលើកឡើងទៀតថា ការសម្រេចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា គឺជាកំហុសយ៉ាងធ្ងន់ ហើយវាអាចប្រឈមនឹងសង្គ្រាមជាទ្រង់ទ្រាយធំ ឬអាចក្លាយទៅជាសង្គ្រាម នៅក្នុងតំបន់ទាំងមូលថែមទៀតផង៕