ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមេដឹកនាំ G-7 ​សន្យាផ្តល់ជំនួយជាង​២០លានអឺរ៉ូ សម្រាប់ជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន តែប្រេស៊ីលមិនទទួលឡើយ

ចែករំលែក៖

ប្រទេសទាំង៧ ​ដែលបានចូលរួមក្នុងកិច្ចប្រជុំ​ G-7 នៅក្នុងប្រទេសបារាំង បានប្រកាសផ្តល់​ជំនួយ ទៅលើប្រទេស ប្រស៊ីលដើម្បី ពន្លត់ភ្លើងឆេះព្រៃ ។ ប្រាក់ជំនួយទាំងនោះមាន​ប្រមាណ​​ជាង​២០លានអឺរ៉ូ ។ ប៉ុន្តែប្រេស៊ីលមិនទទួលយកជំនួយ ទាំងនោះឡើយ​ ។ មិនតែប៉ុណ្ណោះប្រេស៊ីលបានប្រាប់អឺរ៉ុប ឲ្យទុកលុយនេះ ដាំដុះព្រៃខ្លួនឯងឡើងវិញទៅប្រសើរជាង… ។

ក្រុមមេដឹកនាំ នៃបណ្ដាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង រួមមាន អាមេរិក អង់គ្លេស​ បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី​ និងជប៉ុន ឬហៅកាត់ G-7 បានសន្យានឹងផ្តល់ជំនួយជាទឹកប្រាក់​២០លាន​អឺរ៉ូ​​ ឬជាង២២លានដុល្លារអាមេរិក ដើម្បីជួយដល់រដ្ឋាភិបាលប្រេស៊ីល ក្នុងការជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ។

បណ្តាប្រទេស​ G-7 ​រួមមាន អាមេរិក អង់គ្លេស​ បារាំង កាណាដា អាល្លឺម៉ង់ អ៊ីតាលី​ និងជប៉ុន​ បានសម្រេច ផ្ដល់ជំនួយជាទឹកប្រាក់២០​លានអឺរ៉ូ ឬជាង២២លានដុល្លារអាមេរិក ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ​ដោយប្រើប្រាស់យន្តហោះធុនធំ ​ចូលរួមនៅក្នុងសកម្មភាពទប់ស្កាត់ភ្លើងឆេះព្រៃទាំងនោះ​ ។

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានបញ្ជាក់ថា ​ ព្រៃអាម៉ាហ្សូន គឺជា «សួតនៃផែនដៃ» ហើយមេដឹកនាំសំខាន់ៗ នៅលើពិភពលោក កំពុងតែសិក្សាស្រាវជ្រាវ បង្កើតគម្រោង ការពារភ្លើងឆេះព្រៃផ្សេងទៀត នៅតំបន់អាហ្វ្រិក ។

ភ្លើងឆេះព្រៃអាម៉ាហ្សូន មានលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងប្រទេសប្រេស៊ីល​ បានក្លាយទៅជាចំណុចពិភាក្សា​របស់សហគមន៍អន្តរជាតិ អស់​​រយៈពេលជាង១សប្តាហ៍កន្លងមកហើយ ​ដោយសារមានភ្លើងឆេះព្រៃ រាប់ម៉ឺនកន្លែង ​នៅក្នុងព្រៃអាម៉ាហ្ស៊ូន ដែលចាប់ផ្តើមឆេះខ្លាំង នៅពាក់កណ្តាលខែសីហា​ ឆ្នាំ២០១៩នេះ ។

អាម៉ាហ្សូនគឺ ជាព្រៃត្រូពិកធំជាងគេបំផុត នៅលើពិភពលោក និងដើរតួយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ព្រៃអាម៉ាហ្សូននេះមានសមត្ថភាពស្រូបយកបរិមាណកាបូនឌីអុកស៊ីតច្រើន ហើយក៏បញ្ចេញនូវសារធាតុអ៊ុកស៊ីហ្ស៊ែនយ៉ាងច្រើនផងដែរ ។

ប៉ុន្តែរដ្ឋាភិបាលប្រេស៊ីលបានចេញមុខបដិសេធ «មិនទទួលយក» ថវិកាជំនួយពីប្រទេសកំពូលសេដ្ឋកិច្ច G7 ដែលសំដៅចូលរួមជួយកិច្ចប្រឹងប្រែងពន្លត់ភ្លើង ដែលកំពុងឆេះព្រៃអាម៉ាហ្សូន (Amazon) ឡើយ ។

ក្នុងកំឡុងកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បាននិយាយថា មេដឹកនាំនៃប្រទេស G7 បានព្រមព្រៀងគ្នាថា នឹងផ្តល់ជំនួយជាថវិកាចំនួន ២០លានអឺរ៉ូ (ជាង២២លានដុល្លារអាមេរិក) ដើម្បីជួយប្រទេសនៅតំបន់ព្រៃអាម៉ាហ្សូន ទប់ទល់នឹងបញ្ហាភ្លើងឆេះព្រៃដ៏អាក្រក់ ។ យ៉ាងណាមិញទីប្រឹក្សារបស់ប្រធានាធិបតីប្រេស៊ីល បាននិយាយថា «យើងអរគុណហើយ ប៉ុន្តែប្រហែលជាធនធានជំនួយនេះគួរតែយកទៅប្រើប្រាស់ ក្នុងការដាំដុះព្រៃឈើឡើងវិញនៅអឺរ៉ុបគឺល្អជាង» ។

គួរជម្រាបថា ព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន មានសារសំខាន់ជាខ្លាំងសម្រាប់ភពផែនដីយើង ដោយវាមានតួនាទីស្រូបយក ឧស្ម័នកាបូនជាច្រើនហើយផលិតឧស្ម័នអុកស៊ីសែនប្រមាណ ២០ភាគរយ ដែលមានក្នុងបរិយាកាសផែនដី ហើយវាក៏ជាអាវុធដ៏ចាំបាច់មួយផងដែរ ក្នុងការប្រយុទ្ធប្រឆាំង បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកផងដែរ ។ ដូច្នេះហើយការប្រឈមនឹងបញ្ហាភ្លើងឆេះ ក្នុងកម្រិតមិនធ្លាប់មាននាពេលនេះ កំពុងបង្កក្តីព្រួយបារម្ភជាខ្លាំងដល់សហគមន៍អន្តរជាតិទាំងមូល ។

តំបន់ព្រៃអាម៉ាហ្សូន គ្របដណ្ដប់លើប្រទេសដូចជា ប្រេស៊ីល, បូលីវី, កូឡុំប៊ី, អេក្វាដ័រ, ដែនដីបារាំងហ្គីយ៉ាណា (French Guiana), ហ្គូយ៉ាណា (Guyana), ប៉េរូ, ស៊ូរីណេម (Suriname) និងប្រទេសវេណេស៊ុយអេឡា ខណៈ៦០ភាគរយ គឺស្ថិតក្នុងប្រទេសប្រេស៊ីល ដែលជាកន្លែងមានករណីឆេះច្រើនជាងគេ ៕


ចែករំលែក៖