ព្យុះDorian ដែលជាព្យុះកំណាច់ទ្រង់ទ្រាយធំបំផុតវាយប្រហារអាមេរិកនៅក្នុងឆ្នាំនេះ ដែលគេហៅឈ្មោះថា ជា«បិសាច Dorian»កំពុងតែវាយប្រហារ Bahamas បណ្តាលឲ្យមានមនុស្ស៥នាក់ស្លាប់ និងរាប់សិបនាក់រងរបួស ។
ខ្យល់ព្យុះបិសាច Dorian នេះ បានបោកបក់ទៅលើដែនកោះ Bahamas តំបន់ការ៉ាបៀន ហើយមកដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វាបានបង្កឲ្យទឹករលកសមុទ្រធំៗ បោកផ្ទប់ច្រាំង និងខ្យល់កួចយ៉ាងសាហាវបំផុត នៅក្នុងទីប្រជុំជននោះ បណ្តាលឲ្យមនុស្ស៥នាក់ ស្លាប់ និងបានជំរុញឲ្យមានការជម្លៀសប្រជាជន នៅតាមតំបន់ឆ្នេរសមុទ្រអាម៉េរិកខាងកើត ថែមទៀតផង ។
នាយករដ្ឋមន្ត្រី Bahamas លោក Hubert Minnis បានហៅព្យុះសង្ឃរានេះថា នេះជាសោក នាដកម្មជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសប្រជុំកោះមួយនេះ ។ លោកនាយករដ្ឋមន្រ្ដី បាន បញ្ជាក់ថា រហូតមកដល់ពេលនេះ កងកម្លាំងប៉ូលិស បានបញ្ជាក់ថា មានមនុស្ស៥នាក់ បានបាត់បង់ជីវិត ស្ថិតនៅតំបន់ Abaco ។ តំបន់នោះ ត្រូវខ្យល់ព្យុះបិសាច Dorian បក់ បោកទៅលើ កាលពីពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ហើយនវជាខ្យល់ព្យុះប្រភេទទី៥ ដែល មាន កម្លាំងខ្លាំង ក្នុងល្បឿន២៩៩គីឡូម៉ែត្រ ក្នុងមួយម៉ោង ។
រហូតមកដល់ថ្ងៃទី២ ខែកញ្ញា ខ្យល់ព្យុះនេះបានថយឥទ្ធិពល មកនៅត្រឹមជាប្រភេទ ខ្យល់ ព្យុះលេខ៤វិញ ប៉ុន្តែវានៅតែជាការគំរាមកំហែង និងបំផ្លិចបំផ្លាញដដែល ។ កម្លាំង ខ្យល់នេះ មានល្បឿនបោកបក់ជាង២៣៣គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ ខ្យល់ព្យុះកំណាចនេះ មិនត្រឹម តែបោកបក់មកយ៉ាងខ្លាំងប៉ុណ្ណោះទេ តែថែមទាំងនាំភ្លៀងធ្លាក់មក យ៉ាងច្រើនទៀតផង ។
ជាមួយគ្នានេះ មន្រ្ដីកាកបាទក្រហម បានប៉ាន់ប្រមាណជាបឋមថា អគារលំនៅឋាន ប្រហែល ១៣ ០០០ រងការខូចខាត ដោយសារខ្យល់ព្យុះ Dorian នេះ ។
ទោះជាយ៉ាងណា ទាក់ទងនឹងខ្យល់ព្យុះ Dorian ខាងលើនេះដែរ រដ្ឋភាគខាងកើត នៃអា ម៉េរិកចំនួន៣ ដែលមានប្រជាពលរដ្ឋរស់នៅតាមឆ្នេរឈូងសមុទ្រនោះ ត្រូវបានជម្លៀសចេញប្រហែល១លាននាក់ ។ រដ្ឋជិតខាង North Carolina បានប្រកាសអាសន្ន ហើយរហូតដល់ចុងខាងជើង នៃរដ្ឋ Virginia ថែមទៀតផង៕