ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រាពីល្ងាច ព្រឹកឡើងស្រាប់តែប្រទះឃើញស្លាប់ដោយសារគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ បានផឹកស្រាស្រវឹងពេលល្ងាច ហើយបានចូលសម្រាន្តធម្មតា លុះព្រឹកឡើងស្រាប់តែប្រពន្ធដាស់រឹងស្តូក មិនដឹងស្លាប់តាំងពីពេលណា ទើបឆោឡោកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់ជួលលេខ៣៣ ជាន់ទី៣ ផ្លូវបេតុង ក្រុម៣ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

សពមានឈ្មោះ ញៀម ចាន់ថា អាយុ៥៨ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធឈ្មោះ ម៉ា គា អាយុ៤២ឆ្នាំ មុខរបរ មើលកូន និងសម្អាតផ្ទះឲ្យគេ មានកូនស្រី១នាក់ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិតាមិញ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមការបំភ្លឺពីក្រុមគ្រួសារ ញាតិជិតខាង បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ជនរងគ្រោះផឹកស្រា ជាមួយកម្មករដូចគ្នា ស្រវឹងចង់ជ្រុល ដើរដួល ៣លើកហើយ លុះដល់ល្ងាច ត្រូវបានញាតិជិតខាង ឃើញ សភាពមិនស្រួលខ្លួនជួយកោសខ្យល់ឲ្យ ខណៈដែលប្រពន្ធ កូន ជាប់រវល់ រហូតដល់យប់ ដេកសម្រាន្ត ក្នុងបន្ទប់ជាមួយប្រពន្ធកូនជាធម្មតា លុះដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ នេះ ប្រពន្ធ កូនស្រី ចេញទៅ សម្អាតផ្ទះ មើលកូនឲ្យគេ ឃើញប្តីសម្រាន្ត ធម្មតា មិនហ៊ានដាស់ រហូតដល់វេលាម៉ោង៧និង៣០នាទី ព្រឹកដដែល ប្រពន្ធវិលវិញ ឡើងដល់បន្ទប់ នៅតែមិនឃើញប្តីងើប ក្រោកទៅធ្វើការ ដាស់ហៅ ស្រាប់តែប្តីរឹងស្តូកមិនដឹងស្លាប់តាំងពីពេលណា ទើបឆោឡោ រាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែង ។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច មូលដ្ឋាន ជំនាញ ពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយគាំងបេះដូង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖