ភ្នំពេញ៖ រថយន្តដឹកកុងតឺន័រ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យអ្នកបើកបរស្រវឹងស្រា ខណៈបត់ចូលរោងចក្រមួយស្រាប់តែជ្រុលចូលប្រឡាយក្រឡាប់បះជើងធ្លាក់ទូកុងតឺន័រទៅក្នុងទឹកស្អុយតែម្ដង ប៉ុន្តែមិនបានបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ឬស្លាប់ឡើយ ។
ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងនោះម៉ាកហុីយ៉ាន់ដាយពណ៍ខៀវដឹកកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ3E-7970បានធ្វើដំណើរលឿនគួរសមក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបត់ស្ដាំដើម្បីចូលទៅកាន់រោងចក្រមួយនៅតំបន់នោះ ។ ខណៈនោះសង្ស័យអ្នកបើបរស្រវឹងស្រាប់តែរេចង្កូតជ្រុលធ្លាក់ចូលទៅក្នុងប្រឡាយ ហើយក្រឡាប់ធ្លាក់ទូកុងតឺន័រចូលទៅក្នុងទឹកស្អុយទាំងកម្រោលតែម្ដង ប៉ុន្តែខណៈនោះជាសំណាងល្អមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ឬស្លាប់នោះឡើយរួមទាំងអ្នកបើកបរផងដែរ ។
ក្រោយពេលកើតហេតុ នគរបាលមិនបាននាំយករថយន្តទៅរក្សាទុកទេ ព្រោះពុំមានគ្រោះថ្នាក់ដល់អ្នកដទៃ ឬទ្រព្យសម្បត្តិរដ្ឋនោះ ហើយក៏បានប្រគល់ឲ្យរថយន្តនេះឲ្យម្ចាស់ស្ទូចនាំយកទៅជួសជុលឡើងវិញ ដោយខ្លួនឯង ៕ សុខាសែនជ័យ