ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះវាយប្រហារអាមេរិក រលកកម្តៅវាយប្រហារព័រទុយហ្គាល 

ចែករំលែក៖

ខ្យល់ព្យុះកំពុងតែវាយប្រហារអាមេរិក ក្រោយឆ្លងកាត់ប្រទេសបាហាមាស សម្លាប់មនុស្សកើនឡើង​ដល់ទៅ​២០នាក់ហើយ​។ ចំណែកនៅក្នុងតំបន់អឺរ៉ុបវិញ កំពុងតែ ប្រឈមនឹងរលកកម្តៅវាយប្រហារ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ ។

អាកាសធាតុ​ នៅក្នុងប្រទេសព័រទុយហ្គាល់​​​ បានឡើងកម្ដៅយ៉ាងខ្លាំង​ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជាក់ស្តែង​ នៅស្រុក​ចំនួន​១៣ ត្រូវអាជ្ញាធរ​ប្រកាស​អាសន្ន​ដល់កម្រិត​ពណ៌​ក្រហម​ឲ្យប្រជាជន​ត្រូវប្រុងប្រយ័ត្ន​យកចិត្តទុកដាក់​ខ្ពស់បំផុត ។ កាលពីថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០១៩ អាជ្ញាធរ​ប័រទុយហ្គាល់​បានចេញ​ព្រមាន​កម្រិតពណ៌​ក្រហម ជាកម្រិត​ដែល​គ្រោះថ្នាក់​បំផុត អំពីបញ្ហាអាកាសធាតុ​ឡើងកម្តៅខ្លាំង នៅទូទាំងស្រុកចំនួន​១៣​របស់ប្រទេសប័រទុយហ្គាល់ ។

សារព័ត៌មានស៊ីនហួ បានផ្សាយ​កាលពីថ្ងៃទី៤​ ខែកញ្ញាថា អាជ្ញាធរ​ថាមពលជាតិ និងការពារជនស៊ីវិល​​​ប័រទុយហ្គាល់ (ANEPC) បានចេញ​ប្រកាស​ព្រមាន​អំពីបញ្ហាអាកាសធាតុឡើងកម្តៅខ្លាំង​កម្រិត​ពណ៌ក្រហម នៅទូទាំងស្រុក​១៣ ស្ថិតនៅភាគកណ្តាល ហើយនិងភាគខាងជើង​របស់ប្រទេសនេះ ។

ដោយឡែក ព្យុះ​Dorianវិញ​បានសម្លាប់មនុស្សកើនឡើង​២០នាក់នៅប្រទេស​ bahamas ។ កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក និងកម្លាំងកងទ័ពជើងទឹកអង់គ្លេស កាលពីថ្ងៃពុធ ទី៤ ខែកញ្ញា ម្សិលមិញនេះ បានជម្លៀសប្រជាពលរដ្ឋ ដែលនៅរស់រានមានជីវិត និងដឹកសម្ភារសង្គ្រោះបន្ទាន់ ខណៈចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះដ៏សាហាវ Dorian  បានវាយប្រហារទៅលើដែនកោះ Bahamas បណ្ដាលឲ្យមានអ្នកស្លាប់កើតឡើង រហូតដល់២០នាក់។

មន្រ្ដីអង្គការសហប្រជាជាតិ បានថ្លែងថា ប្រជាជន៧ម៉ឺននាក់ នៅលើកោះ Grand Bahama និងកោះ Abaco ស្ទើរតែទាំងអស់ កំពុងត្រូវការជំនួយសង្រ្គោះបន្ទាន់។ រីឯរដ្ឋាភិបាល បញ្ជាក់ពីចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏កំណាច Dorian បានកើនឡើងថែមទៀត។

អ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ លោក Mark Lowcock បានថ្លែង​ បន្ទាប់ពីកិច្ចប្រជុំជាមួយនាយករដ្ឋមន្រ្តី Bahamas លោក Hubert Minnis  ថា ទីជម្រក ទឹកស្អាត អាហារ និងថ្នាំសង្កូវ ត្រូវការជាបន្ទាន់ សម្រាប់ប្រជាពលរដ្ឋ៥ ម៉ឺននាក់ ដែលរស់នៅលើ Grand Bahama និងប្រជាពលរដ្ឋ ចន្លោះពី ១៥.០០០ ទៅ ២០.០០០ នាក់ រស់នៅលើកោះ Abaco។

មន្ត្រីកាកបាទក្រហម លោក Stephen McAndrew បានមានប្រសាសន៍ថា ប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នៅលើកោះភាគខាងជើងទាំងពីរ នៃប្រជុំកោះ Bahamas ដែលត្រូវរងការវាយប្រហារ ដោយសារព្យុះកំណាចខាងលើនេះ នឹងត្រូវធ្វើឡើងជាបន្ទាន់។

ប្រជាពលរដ្ឋ រស់នៅលើកោះ Grand Bahama បានប្រើស្គី យន្ដហោះ និងទូក ដើម្បីជួយសង្រ្គោះ​ជនរងគ្រោះពីផ្ទះរបស់ពួកគេ ដែលត្រូវទឹកជន់លិច ដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់ព្យុះបិសាចនេះ។

ឧទ្ធម្ភាគចក្រឆ្មាំសមុទ្រសហរដ្ឋអាមេរិក និងឧទ្ធម្ភាគចក្ររបស់កងនាវាអង់គ្លេស កំពុងតែដឹកជញ្ជូនសម្ភារពេទ្យតាមអាកាស ដើម្បីជួយសម្របសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយសង្គ្រោះ និងហោះហើរឈ្លបយកការណ៍ ដើម្បីវាយតម្លៃអំពីទំហំ នៃការខូចខាតដោយសារព្យុះកំណាចនេះ។

សេតវិមានរបស់ប្រធានាធិបតីអាម៉េរិក បាននិយាយថា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បាននិយាយតាមទូរស័ព្ទទៅកាន់មេដឹកនាំប្រទេសបាហាម៉ា ដោយបានសន្យាថា អាម៉េរិកនឹងផ្តល់ជំនួយដល់ប្រទេសនេះផងដែរ៕


ចែករំលែក៖