ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន កាន់តែគ្រោះថ្នាក់ ក្រោយលោកត្រាំលុបកិច្ច​ពិភាក្សាសន្តិភាព

ចែករំលែក៖

ក្រុមតាលីបង់បង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ទង្វើ «បាតដៃខ្នងដៃ» របស់អាមេរិក នៅក្នុងការស្វែងរកសន្តិភាព ដល់ប្រទេសអាហ្វហ្គានីស្ថាន ។ នៅពេលនេះ ក្រុមតាលី​បង់ប្រកាសសម្លាប់ទាហានអាម៉េរិក​ជាបន្តទៀត ក្រោយលោកត្រាំលុប ចោលកិច្ច ពិភាក្សាសន្ដិភាព ។

ក្រុមឧទ្ទាមតាលីបង់​ បានព្រមានថា ការដែលលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានសម្រេចលុបចោលនូវកិច្ចពិភាក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​ នេះ អាចនឹងធ្វើឲ្យទាហានអាម៉េរិក ស្លាប់កាន់តែច្រើន​ឡើង​បន្ថែម​ទៀត​។

លោក​ Zabihullah Mujahid ​អ្នកនាំពាក្យ​ នៃក្រុមតាលីបង់ បានថ្កោលទោសយ៉ាងខ្លាំង ដល់ការសម្រេចលុបចោលនូវជំនួបពិភាក្សាសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ លោកបានព្រមានថា « ការលុប​ចោល​កិច្ច​ពិភាក្សានោះ នឹងធ្វើឲ្យអាម៉េរិក កាន់តែខាតបង់ច្រើនជាងនេះ​ ហើយទំនុកចិត្តទៅលើអាម៉េរិក កាន់តែបាត់បង់ទៅ។ ការសម្រេចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺដើរផ្ទុយពីគម្រោងសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។  មិនតែប៉ុណ្ណោះ បញ្ហានេះ នឹងធ្វើឲ្យអ្នកស្លាប់កាន់តែច្រើនឡើងថែមទៀតផង​»។

ការដែលលោកត្រាំ ​លុបចោលកិច្ចពិភាក្សានេះ គឺកើតឡើង ក្រោយពេលក្រុមតាលីបង់ បានប្រកាសទទួលស្គាល់ ពីការវាយប្រហារ​អត្តឃាត នៅក្នងទីក្រុងកាប៊ូល​ កាលពីសប្តាហ៍កន្លងទៅ ដោយបានសម្លាប់ទាហានអាម៉េរិក​ម្នាក់ និង​១១នាក់ផ្សេងទៀត បានរងរបួស។

សកម្មភាពខាងលើ​របស់​អាម៉េរិក នឹងធ្វើឲ្យគម្រោងសន្តិភាព បញ្ចប់សង្គ្រាម ដែលអូសបន្លាយ អស់រយៈពេល​ជិត​២០ឆ្នាំកន្លងមក  នៅក្នុងប្រទេសអាហ្វហ្គានិស្ថាន ចាប់តាំងពីឆ្នាំ​២០០១ មកទល់ពេល​នេះ ត្រូវជាប់គាំង​។

អាម៉េរិក និងណាតូ បានបញ្ជូនកម្លាំងទាហានទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន កាលពី​១៨ឆ្នាំមុន​ ក្រោយពេលមានព្រឹត្តិការណ៍​វាយប្រហារភេរវកម្មទៅលើអគាមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅបុរីញូវយ៉ក កាលពីថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១។​ បច្ចុប្បន្ន មានកម្លាំងទាហានអាម៉េរិក​ចំនួន១៤ពាន់នាក់ ​និងទាហានណាតូ ឈរជើង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដើម្បីការពារសន្តិសុខ នៅក្នុងប្រទេសនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមភេរវករ​នៅតែ​បន្តវាយប្រហារ​ នៅក្នុងប្រទេសនេះដដែល។​ ដោយឡែកគម្រោងចរចាសន្តិភាព ក៏ត្រូវបានបរាជ័យជាបន្តបន្ទាប់ ៕


ចែករំលែក៖