ព័ត៌មានទាន់ហេតុការណ៍៖

ទំនាក់ទំនង រុស្ស៊ី-អ៊ុយក្រែន អាចនឹងល្អប្រសើរវិញ ក្រោយដោះដូរអ្នកទោស

ចែករំលែក៖

រុស្ស៊ី និងអ៊ុយក្រែន បានសម្រេចទុកគំនុំ​ និងវិវាទទៅម្ខាង ​ដើម្បីពិភាក្សា ហើយបាន​ដោះ​ដូរអ្នកទោស​ ទ្រង់ទ្រាយធំ ប្រកបដោយជោគជ័យ។ សកម្មភាពទាំងនេះ ជាឱកាសដ៏​ល្អបំ​ផុត ដើម្បីធ្វើឲ្យប្រទេសទាំង​ពីរ អាចតភ្ជាប់​កិច្ចពិភាក្សា ឲ្យល្អប្រសើរឡើងវិញ នូវ​​ទំនាក់​ទំនង ដែលធ្លាប់បានប្រះស្រាំ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ទំនាក់​ទំនងរុស្ស៊ី និងអ៊ុយក្រែន​ បានរងផលប៉ះពាល់យ៉ាងខ្លាំង កាលពីខែមករា ឆ្នាំ​២០១៥ ក្រោយពេល​សភាអ៊ុយក្រែន បានអនុម័ត​ទៅលើសេចក្តីសម្រេច​ ចាត់ទុករុស្ស៊ី​ជាប្រ​ទេស​ឈ្លានពាន។ ចំណែករុស្ស៊ីវិញ  បានចាត់ទុកសកម្មភាពរបស់អ៊ុយក្រែន គឺជារឿង​មិនអាច​ទទួលយកបានហើយរុស្ស៊ីក៏​បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើប្រ​ទេសអ៊ុយក្រែន ផងដែរ​។

ដោយឡែក ការដោះដូរអ្នកទោស នាពេលកន្លងមក រវាងប្រទេសទាំងពីរនេះមានលក្ខណៈ​​ជាទ្រង់ទ្រាយធំបំផុត ចាប់តាំងពីសង្គ្រាម នៅភាគខាងកើតអ៊ុយក្រែនផ្ទុះឡើង កាលពីអំឡុងឆ្នាំ​២០១៤ ​ក្រោយ​រុស្ស៊ី បានដាក់បញ្ចូលតំបន់គ្រីមៀ​ (Crimea) ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងមូស្គូ។ នៅក្នុងសង្គ្រាមរយៈពេល​៥ឆ្នាំនោះ ​បានសម្លាប់មនុស្ស១៣ពាន់នាក់ និង ៣០ពាន់នាក់រងរបួស ហើយ​ប្រជាពលរដ្ឋ ១,៥លាននាក់ ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព​។ ជាមួយគ្នានេះដែរ ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវថ្នល់ ក៏រងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងផងដែរ។

កន្លងមករុស្ស៊ី និងអ៊ុយក្រែន បានអនុវត្តការដោះដូរអ្នកទោសទៅវិញទៅមក ខណៈមាន​ការរំពឹងជាច្រើនថា ការសម្រេចចិត្តនេះ អាចនឹងក្លាយជាជំហានថ្មីមួយ នាំទៅរកការ​ផ្សះផ្សាទំនាក់ទំនងរវាងប្រទេសទាំង២ ចាប់តាំងពីទីក្រុងម៉ូស្គូ បញ្ចូលតំបន់គ្រីមៀ ជា​ឧបសម្ព័ន្ធ​របស់ខ្លួនកាលពីឆ្នាំ២០១៤មក។

នៅថ្ងៃសៅរ៍នេះ យន្ដហោះរុស្ស៊ីបានដឹកអ្នកទោសរុស្ស៊ី ពីទីក្រុងគៀវ មកកាន់ទីក្រុងម៉ូស្គូ រីឯយន្ដហោះ អ៊ុយក្រែនមួយគ្រឿង ក៏បានដឹកអ្នកទោសអ៊ុយក្រែន ពីទីក្រុងម៉ូស្គូ ត្រឡប់មកកាន់ទីក្រុងគៀវវិញផងដែរ។ ដោយឡែក ជុំវិញការដោះដូរអ្នកទោសនេះដែរ ស្នងការសិទ្ធិមនុស្សរុស្ស៊ី លោកស្រី Tatyana Moskalkova បានឱ្យដឹងថារដ្ឋាភិបាលរុស្ស៊ី និងអ៊ុយក្រែន បានដោះដូរអ្នកទោស៣៥នាក់ ទល់នឹង៣៥នាក់។ លោកស្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ « ការដោះដូរអ្នកទោសត្រូវបានធ្វើឡើង ដោយឈរលើគោលការណ៍៣៥នាក់ ទល់នឹង៣៥នាក់ ពោលគឺ អ៊ុយក្រែនដោះលែងអ្នកទោសរុស្ស៊ី៣៥នាក់ ហើយយើង ដោះលែងអ្នកទោសអ៊ុយក្រែន ក្នុងចំនួនដូចគ្នានេះ»។

គួរបញ្ជាក់ថា ការដោះលែង និងដោះដូរអ្នកទោសខាងលើ ក៏រួមមានទាំងនាវិកអ៊ុយក្រែន ២៤នាក់ ដែលរុស្ស៊ី ចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ និងអ្នកទោសម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្ដហោះ MH17 ដោយផ្ដាច់ជីវិតមនុស្ស២៩៨នាក់ផងដែរ។

ចាប់តាំងពីអតីតតារាកំប្លែងដ៏ល្បីល្បាញរបស់អ៊ុយក្រែន លោក ​Volodymir Zelensky ជាប់ឆ្នោតជាប្រធានាធិបតី​នោះមក លោកបានអនុវត្តគោលនយោបាយ ផ្សះផ្សាពង្រឹងសេដ្ឋកិច្ច ជួយដល់ប្រទេសអ៊ុយក្រែន ​កាន់តែប្រសើរ ឡើង។ ជាជំហានដំបូង លោកទទួលបានជោគជ័យ​ ក្នុងការដោះដូរអ្នកទោស៕


ចែករំលែក៖