ភ្នំពេញ ៖ លោក ចាន់ មុនី ជាបុគ្គលិកអ្នកកាសែត កម្ពុជាថ្មី ដែលគេស្គាល់ថាជាអ្នកកាសែតជើងចាស់ម្នាក់ផងដែរ បានប្រឡូក និងឆ្លងកាត់វិស័យសារព័ត៍មានរាប់សិបឆ្នាំមកហើយនោះ ឥឡូវលោកបានធ្លាក់ខ្លួនឈឺជាទំងន់មហារីកច្រមុះ (សាច់កាច)ហើយសព្វថ្ងៃគ្រួសារលោកមានជីវភាពខ្វះខាតមិនមានលទ្ធភាពក្នុងការព្យាបាលជំងឈរបស់ខ្លួន។
សូមរម្លឹកថា៖ ក្នុងអាជីពអ្នកសារពត៍មានលោក ចាន់ មុនី បានជួបគ្រោះថ្នាក់ជាច្រើនលើក រហូតធ្វើអោយបាក់ជើងម្ខាង និងខ្វះភ្នែកម្ខាង ដោយសារករណីផ្ទុះគ្រាប់បែកកាលពីអំឡុងឆ្នាំ១៩៩៧ នៅចំណុចខាងមុខមន្ទីររដ្ឋសភាចាស់ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រៅពីនោះលោក ចាន់ មុនី ក៏នៅមានជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរខណះកំពុងបំពេញភារកិច្ចជាអ្នកយកព័ត៍មាន។
ឥឡូវនេះ លោក ចាន់ មុនី ដែលជា អ្នកកាសែតជើងចាស់នោះ កំពុងកើតមានជំងឺមហារីកក្នុងច្រមុះ ធ្ងន់ធ្ងរ ( ជំងឺកាច ) ដែលក្រុមគ្រូពេទ្យស្រុកខ្មែរយើង តម្រូវអោយយកទៅធ្វើការវះកាត់នៅឯប្រទេសថៃ ខណះនេះហើយ ដែលលោក ចាន់ មុនី កំពុងខ្វះខាតថវិកាខ្លាំង ដើម្បីយកទៅវះកាត់នៅប្រទេសថៃនោះ ។
ដោយជួបបញ្ហាបែបនេះលោក ចាន់ មុនី ក៏ដូចជា ក្រុមគ្រួសារ មានតែលើកដៃដប់សំពះសុំជំនួយទៅដល់សប្បុរសជន សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី អ្នកនាង កញ្ញា អ៊ុំ ពូ មីង បងប្អូន ដែលជាអ្នកសារព័ត៍មានដូចគ្នា មេត្តាជួយឧបត្ថម្ភថវិកាតាមសទ្ធាទឹកចិត្ត ដើម្បីជាមធ្យោបាយសម្រាលដល់ការខ្វះខាត គ្រាមានអាសន្ន សម្រាប់យកទៅធ្វើកាវះកាត់នៅប្រទេសថៃ ។
សូមស្តាប់ការរៀបរាប់ និងប្រវត្តិរឿងរ៉ាងត្រួសៗរបស់លោក ចាន់ មុនី៖ ចង់ទៅពេទ្យស្រុកថៃព្យាបាលជំងឺមហារីកច្រមុះតែអត់ថវិការ តើថ្ងៃណាទៅជីវិតខ្ញុំ ???
✍️រយះពេល១៥ថ្ងៃមកហើយដែលរូបខ្ញុំដេកសំរាកព្យាបាលជំងឺមហារីកច្រមុះនៅមន្ទីរពេទ្យអង្គឌួង ហើយគ្រូពេទ្យប្រាប់ថា ជំងឺនេះមិនអាចធ្វើការវះកាត់បានមានតែការប្រើប្រាស់ថ្នាំគីមី និងបាញ់កាំរស្មីបើមិនអញ្ចឹងទេមានតែទៅពេទ្យស្រុកក្រៅ ទើបអាចព្យាបាលបាន។
ខ្ញុំអន្ទះសារអារម្មណ៍វិលវុល ណាឈឺចុកចាប់ខួរក្បាលណាដកដង្ហើមមិនរួច (តឹងច្រមុះ) មួយទៀតគិតវែងឆ្ងាយអត់លុយកាក់ធ្វើសោហ៊ុយធ្វើដំណើរ និងចំណាយលើការព្យាបាលនៅពេទ្យស្រុកគេតែបើមិនទៅមានតែចាំថ្ងៃស្លាប់ ។ តើអោយខ្ញុំគិតយ៉ាងណា ? ឯកូនស្រីខ្ញុំ អាយុ ១៨ឆ្នាំ ក៏មានជំងឺធ្ងន់ដែរ រោគស្ត្រី និងត្រូវទៅពិនិត្យនៅពេទ្យរុស្សីទៀត។
ខ្ញុំសូមគោរព និងសំណូមពរដល់មិត្តរួមអាជីពនិងសប្បុរសជនមេត្តាជួយរូបខ្ញុំផង ។ ខ្ញុំពិតជាចង់ទៅព្យាបាលជំងឺនៅប្រទេសថៃ បើទោះបីមិនជាក៏ខ្ញុំអស់ចិត្តដែរ។ ទុក្ខហើយទុក្ខទៀតអស់ពីត្រូវគ្រាប់បែកមកជួបគ្រោះថ្នាក់ចរាចរណ៍ ហើយលើកនេះកើតជំងឺមហារីកក្នុងច្រមុះដែលត្រូវការព្យាបាលរយះពេលវែងនិងចំណាយថវិការច្រើនដែលរូបខ្ញុំមិនមានលទ្ធភាព។
ដោយសារតែមាននិស្ស័យពីកំណើត ចាន់ មុនី ខ្ញុំនេះបានចូលបំរើការងារដំបូងនៅកាសែតប្រជាជន ក្នុងឆ្នាំ១៩៨៨ ក្រោយមករូបខ្ញុំផ្លាស់មកបំរើកាងារនៅវិទ្យុជាតិ ( ហៅថា ) រ៉ាត់យោកម្ពុជា ផ្នែកផលិតពត៍មានផ្សាយទៅក្រៅប្រទេស។
ខ្ញុំបាទបានចូលប្រឡូកយ៉ាងខ្លាំក្លាជាអ្នកកាសែតដែលមានរៀមច្បងជាច្រើនជួយបង្ហាត់បង្រៀន ដូចជាបង យូ តារាវុធ (ស្លាប់) បង ប៉ែន.សុមិទ្ធិ (ស្លាប់) បង អ៊ុក គឹមសេងបច្ចុប្បន្ន ជាអនុរដ្ឋលេខាធិការក្រសួងពត៍មាន និងរៀមច្បង ដែលមានអាយុប្រហាក់ប្រហែលនិងបងខ្ញុំបន្តិចបន្តួចជួយណែនាំជាច្រើននាក់មានដូចបង ស.រិទ្ធ បង ពុយ.គា …..។ ល។
ជីវិតអ្នកកាសែតរូបខ្ញុំនេះបានឆ្លងកាត់ការគ្រោះថ្នាក់ដល់ជីវិតជាច្រើនលើក និងត្រូវបានគេផ្តល់រហស្សនាម វីរៈជនកាសែត’ អ្នកកាសែតក្លាហាន’មែនកាលនោះខ្ញុំអាយុ ២៨/២៩ឆ្នាំ គីពេញកំលាំងហើយប្រទេសជាតិពេលនោះកើតកលយុគ្គវឹកវរ ដោយបក្សប្រឆាំងដឹកនាំដោយ សម រង្សី ដើរបំផុសបំផុលប្រជាជន និងកម្មករអោយប្រឆាំងបក្សកាន់អំណាចដែលដឹកនាំដោយសម្តេច ជា សុីម សម្តេចហ៊ុន សែន សម្តេច ហេង សំរិន ។ ម៉ោង៩និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមិនា ឆ្នាំ១៩៩៧ នៅមុខមន្ទីររដ្ឋសភា មុខវត្ត បទុមវត្តីគ្រាប់បែកបានផ្ទុះឡើងបានធ្វើអោយមនុស្សរបួស និងស្លាប់ជាច្រើននាក់ គឺកម្មករ និងអ្នកកាសែត ។ រូបខ្ញុំអ្នកកាសែតបានដួលសន្លប់នៅកណ្តាលថ្នល់ (អ្នកកាសែតដូចគ្នាប្រាប់) ពេលដឹងខ្លួននៅមន្ទីពេទ្យកាល់ម៉ែត្រក្រោយមកទៅដល់ប្រទេសម៉ាឡេសុី (ពេទ្យទីក្រុងកូឡាឡាំពួរ) ពេលនោះហើយ ដែលខ្ញុំបានដឹងច្បាស់ គឺភ្នែកខាងឆ្វេងរបស់ខ្ញុំបែកខ្ទេច និងជើងស្តាំបាក់១កំណាត់។
ជាភព្វ័សំណាងរបស់ខ្ញុំដែលមានទុក្ខធំដល់ជីវិត គឺបានព្រះមហាក្សត្ស នៃព្រះរាជាណាចក្រកម្ពុជាសម្តេច ព្រះនរោត្តម សីហនុ សព្វថ្ងៃសម្តេចព្រះបរមរតនកោដ នរោត្តមសីហនុ និងសម្តេច ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ហុក ឡង់ឌី អតីតៈអគ្គស្នងការនគរបាលជាតិ និងក្រុមហ៊ុនកាសែតកម្ពុជាថ្ងៃនេះបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាជួយជ្រោមជ្រែងបញ្ជូនរូបខ្ញុំទៅប្រទេសម៉ាឡេសុី ដើម្បីសង្រ្គោះព្យាបាលរហូតបានជាសះស្បើយ ។ បើទោះបីសព្វថ្ងៃរូបខ្ញុំមានភាពពិការខូចភ្នែកឆ្វេង និងបាក់ជើងស្តាំក៏ដោយ។
ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០១៧ រយៈពេល ២០ឆ្នាំ រូបខ្ញុំជួបគ្រោះថ្នាក់ធំម្តងទៀត គឺគ្រោះថ្នាក់ចរចរណ៍ឡានដឹកដីបើកបុក ខណៈរូបខ្ញុំចុះយកព័ត៍មាន ពេលនោះខ្ញុំដឹងខ្លួនឡើងនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-សូវៀត (ពេទ្យរុស្សី) របួសពេញខ្លួនខ្ញុំគ្មានសង្ឃឹមថារស់ទេ ប៉ុន្តែដោយមាន បងប្អូនមិត្តរួមអាជីព និងប្រជាពលរដ្ឋ មន្ត្រីរាជការពិសេសថ្នាក់ដឹកនាំបានជួយជ្រោមជ្រែងគ្រប់បែបយ៉ាងដល់រូបខ្ញុំទើបបានរួចផុតពីគ្រោះថ្នាក់ម្តងទៀត។
គ្រោះថ្នាក់ដល់ជីវិត២លើកនេះខ្ញុំគិតថា នឹងលែងមានអ្វីកើតឡើងហើយដឹងអីមួយប៉ព្រិចភ្នែកដែលរូបខ្ញុំស្ទើរមិនជឿ គឺនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ ច្រមុះខ្ញុំហូរឈាមយ៉ាងខ្លាំង ហើយក្រុមគ្រួសារបានបញ្ជួនមកកាន់ពេទ្យអង្គឌួង ក្រុមគ្រូពេទ្យធ្វើការពិនិត្យបញ្ជាក់ថា ជំងឺមហារីកច្រមុះ (ភាសាពេទ្យហៅថា សាច់កាច)កំរិតធ្ងន់ ។ដោយគ្មានជំរើសសំរាប់ជីវិតខ្ញុំចុងក្រោយរូបខ្ញុំចង់ទៅព្យាបាលនៅពេទ្យប្រទេសថៃក្រែងសមប្រកបតែខ្ញុំមិនមានថវិការឡើយ៕
ដោយ៖ សុខ ខេមរា