ខេត្តត្បូងឃ្មុំ៖ ភ្លៀងកក់ខែ១មេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំផ្ទះប្រជាពលរដ្ឋ១ខ្នង រាបដល់ដី នៅសល់តែជើងសសរ,ជណ្ដើរឈរឆ្កឹង និងប៉ើងដំបូលសរុប ២៤ ខ្នងផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៥ខែមេសា ឆ្នាំ ២០២៦ ជាថ្ងៃចូលឆ្នាំទី ២ វេលាប្រមាណជាម៉ោង ១៥ ទៅម៉ោង ១៦ រសៀល ស្ថិតនៅភូមិកន្លែងចក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
លោកវរ:សេនីយ៍ឯក វង្ស សុភី អធិការស្រុកអូរាំងឪបានឲ្យដឹងនាព្រឹកថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៦ថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស្រាំ គ្រាង ភេទប្រុសអាយុ ៤៨ ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ដែល ផ្ទះទំហំ ៨ × ៩ម៉ែត្រ សង់ពីឈើប្រក់ក្បឿងដួលរាបដល់ដី សង្កត់លើម៉ូតូចំនួន៤គ្រឿងរងការខូចខាតស្រាល ។ ដោយឡែកកង់អាគុយ ១ គ្រឿងខូចខាតទាំងស្រុង ។
លោកវរ:សេនីយ៍ឯកអធិការស្រុកអូរាំងឪ បញ្ជាក់ថា ករណីរលំផ្ទះប្រជាពលរដ្ឋនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
បើតាមរបាយការណ៍របស់លោក ជា ណារ៉ុន អភិបាល ស្រុកអូរាំងឪបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងឃុំមៀន រងផលប៉ះពាល់ចំនួន ២៣ ខ្នងផ្ទះនិងនៅក្នុងឃុំអំពិលតាពកចំនួន ១ ខ្នងផ្ទះ,សរុប២៤ ខ្នងផ្ទះក្នុងនោះដួលរាបដល់ដី ១ ខ្នងផ្ទះ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច