នាវាដឹកប្រេងរបស់អ៊ីរ៉ង់ដែលអង់គ្លេសបានចាប់នាពេលកន្លងមកបានទៅដល់គោលដៅ ដាក់ប្រេងរួចរាល់នៅជិតប្រទេសស៊ីរី។ នៅពេលនេះអ៊ីរ៉ង់ក៏បានប្រកាសថានឹងដោះលែងនាវាដឹកប្រេងអង់គ្លេសនាពេលឆាប់ៗ។នាវាដឹកប្រេងអង់គ្លេសត្រូវអ៊ីរ៉ង់ចាប់នៅតំបន់ឈូងសមុទ្រកាលពីខែកក្កដា ឆ្នាំ២០១៩ អំឡុងពេលកំពុងមានភាពតានតឹងខ្លាំងជាមួយអាមេរិកសម្ពន្ធមិត្តអង់គ្លេស ។
លោក Abbas Mousavi អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា «ជំហានដ៏ចាំបាច់» ដោះលែងនាវាដឹកប្រេងឲ្យមានសិរីភាពនោះ គឺកំពុងដំណើរការ ។ លោកបញ្ជាក់ថា ជំហានចុងក្រោយតាមទម្រង់បែបបទផ្លូវច្បាប់ គឺកំពុងស្ថិតនៅដំណាក់កាលនៃដំណើរការ ហើយជាបំណងរបស់ព្រះជាម្ចាស់ នាវានោះ នឹងដោះលែងនៅថ្ងៃឆាប់ៗខាងមុខ ។
សូមបញ្ជាក់ថា អ៊ីរ៉ង់ ចាប់នាវាដឹកប្រេងអង់គ្លេស ជាការសងសឹកចំពោះអាជ្ញាធរអង់គ្លេសបានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ កាលពីខែកក្កដា ឆ្នាំ២០១៩ ដោយចោទប្រកាន់ដឹកប្រេងទៅកាន់ប្រទេសស៊ីរី រំលោភច្បាប់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ។
នាវាដឹកប្រេងអ៊ីរ៉ង់ ត្រូវបានអាជ្ញាធរ Gibraltar ដោះលែងកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ក្រោយធានាអះអាងលាយលក្ខណ៍អក្សរពីអ៊ីរ៉ង់ថា នាវានោះមិនទៅកាន់ប្រទេសដែលស្ថិតក្រោមច្បាប់ទណ្ឌកម្មអឹរ៉ុបនោះឡើយ ។ ទីក្រុងតេអេរ៉ង់បានបដិសេធន៍ថា បានធ្វើកិច្ចសន្យាណាមួយចំពោះការដោះលែងនាវាដឹកប្រេងពីអង់គ្លេសនោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះ បាននិយាយថា នាវាដឹកប្រេងរបស់អ៊ីរ៉ង់មួយគ្រឿង បានចូលទៅដល់បន្ទាត់ នៃជម្លោះ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចលោកខាងលិចនោះ ហើយបានទៅដល់គោលដៅ និងលក់ប្រេងរបស់ខ្លួនរួចហើយ។
អ្នកនាំពាក្យ លោក Abbas Mousavi បានប្រាប់ស្ថានីយទូរទស្សន៍ ដោយមិនបានបង្ហាញ ថាតើនាវាដឹកប្រេងនោះ ត្រូវបញ្ជូនទៅណានោះទេ។នាវាដឹកប្រេង Adrian Darya 1 បានចាកចេញពីប្រទេសស៊ីរី កាលពីសប្តាហ៍មុន ហើយត្រូវ ថតរូបភាពបាន តាមរយៈផ្កាយរណប នៅជិតកំពង់ផែ Tartus ប្រទេសស៊ីរី។
ទូរទស្សន៍របស់រដ្ឋ បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ម្សិលមិញនេះថា អ៊ីរ៉ង់ក៏បាននិយាយផងដែរថា ខ្លួនអាចដោះលែងនាវាដឹកប្រេងរបស់អង់គ្លេស មួយគ្រឿង ដែលខ្លួនចាប់ នាពេលឆាប់ៗនេះ បន្ទាប់ពីបញ្ចប់ការសាកសួរតាមផ្លូវច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេស លោក អាបាស់ មូសវី បានប្រាប់ទូរទស្សន៍របស់រដ្ឋថា “ខ្ញុំសង្ឃឹមថា នីតិវិធីនេះនឹងត្រូវបានបញ្ចប់ នាពេលឆាប់ៗ ហើយនាវាដឹកប្រេងនោះ ក៏នឹងត្រូវដោះលែង”វិញផងដែរ។
កាលពីខែកក្កដា អ៊ីរ៉ង់ បានចាប់នាវាដឹកប្រេងអង់គ្លេសមួយគ្រឿង នៅជិតច្រកសមុទ្រ Hormuz ក្រោមការចោទប្រកាន់ ពីបទរំលោភដែនសមុទ្ររបស់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើង ក្រោយពេលកងកម្លាំងអង់គ្លេស បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿង នៅក្បែរដែនសមុទ្រ ហ្គីប្រាតា (Gibraltar) ក្រោមការចោទប្រកាន់ថា ដឹកប្រេងទៅឲ្យប្រទេសស៊ីរី ដោយរំលោភលើទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
ក្រោយមក នាវាដឹកប្រេងអ៊ីរ៉ង់ មួយគ្រឿងនោះ ក៏ត្រូវបានអាជ្ញាធរ Gibraltar ដោះលែងវិញ។ ក្នុងពេលជាមួយគ្នានេះដែរ អ៊ីរ៉ង់ ក៏បានដោះលែងនាវិក៧នាក់ ក្នុងចំណោមសមាជិក២៣នាក់ នៅលើនាវា ដែលមានដោតទង់ជាតិអង់គ្លេស៕