សង្គ្រាមនៅក្នុងប្រទេសស៊ីរី ត្រូវបានគេចាត់ទុកថាជាទីតាំង សម្រាប់ប្រទេសមហាអំណាច បង្ហាញពីអាវុធទំនើបៗរបស់ខ្លួន នៅក្នុងសមរភូមិពិត ប្រាកដ។ នៅពេលនេះចិន ក៏មានគម្រោង ចូលទៅកាន់ប្រទេសស៊ីរី ផងដែរ ដែលជាហេតុធ្វើឲ្យសង្គ្រាម កាន់តែអូសបន្លាយយូទៅមុខទៀត។
កន្លងក រដ្ឋលេខាធិការក្រសួង ការពារជាតិរុស្ស៊ី លោក Yury Borisov បានឲ្យដឹងថា នៅក្នុង សង្គ្រាមប្រឆាំងក្រុមភេវកម្មនៅប្រទេស ស៊ីរី រុស្ស៊ីបានសាកល្បងអាវុធទំនើបៗ របស់ខ្លួនដល់ទៅ៦០០ប្រភេទ។លោក Yury Borisov បានថ្លែងសុន្ទរក ថា ទៅកាន់កម្លាំងទាហានថា«យើងបានប្រើប្រាស់អាវុធទំនើបៗរបស់យើងនៅក្នុងសង្គ្រាមពិតនៅប្រទេសស៊ីរី ដោយមានអាវុធ ជាង៦០០ប្រភេទត្រូវបានប្រើប្រាស់»។ លោកបន្តទៀតថា នៅក្នុងសង្គ្រាមវាយ ប្រហារនៅស៊ីរី ដោយមានការចូលរួមពី យន្តហោះចម្បាំងទំនើបៗដូចជា Su-35,Su-34 ,su-24,su-25 ប្រព័ន្ធមីស៊ីល SVP-24 ប្រកបដោយប្រសិទ្ធភាព។
ក្រៅពីនេះនៅមានការសាកល្បងនៅ ទីបញ្ជាការធ្វើសង្គ្រាមពិតប្រាកដ នូវមីស៊ីល បញ្ជាពីចម្ងាយ Kalibr បាញ់ចេញពីទីតាំងផ្សេងៗគ្នាទាំងនៅលើគោក និងចេញពី នាវាមុជទឹក។ ជាមួយគ្នានោះ រថក្រោះរថ ពាសដែក ក៏ត្រូវបានរុស្ស៊ីយកទៅប្រើប្រាស់ សាកល្បងនៅក្នុងសង្គ្រាមពិតនោះដែរ។
ជាមួយនឹងសកម្មភាពសាកល្បងអាវុធនៅលើសមរភូមិពិតរបស់រុស្ស៊ី បានធ្វើឲ្យ ទីផ្សារលក់អាវុធរបស់ប្រទេសនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រធានក្រុមហ៊ុនឧស្សាហកម្មអាវុធការពារជាតិ របស់រុស្ស៊ីបានឲ្យដឹងថា នៅពេលនេះ រុស្ស៊ីទទួលបានការកុម្មង់ទិញកាំជ្រួចមីស៊ីល S-400 ចំនួន១០ប្រទេស ក្នុងនោះមាន ឥណ្ឌា និងទួរគីជាដើម។
មីស៊ីលខាងលើរបស់រុស្ស៊ីអាចកម្ទេច ទីតាំងរបស់សត្រូវបានយ៉ាងល្អបំផុត។ បច្ចុប្បន្នក្រៅពីឥណ្ឌា និងទួរគីនៅមាន ប្រទេស អុីរ៉ង់ អេហ្ស៊ីប និងចិនផងដែរ ដែលបានបញ្ជាទិញអាវុធទំនើបៗទាំងនោះ។ ការបញ្ជាទិញច្រើននេះ ដោយសារ តែបានមើលឃើញពីសមត្ថភាពវាយ ប្រហារនៅក្នុងសង្គ្រាមពិតប្រាកដរបស់ រុស្ស៊ីក្នុងទឹកដីស៊ីរី។
គិតចាប់តាំងពីខែមីនា ឆ្នាំ២០១១ សង្រ្គាមនៅក្នុងប្រទេសស៊ីរី បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៤៦៥,០០០នាក់ និង ១២លាននាក់ទៀតក្លាយជាជនភៀសខ្លួន ទាំងនៅក្នុងប្រទេស និងទៅក្រៅប្រទេស។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីជាកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ដណ្ដើមគ្រប់គ្រងទឹកដីមកវិញ។ តើសង្រ្គាមស៊ីរីផ្ទុះឡើងយ៉ាងដូចម្ដេច?
មុនសង្រ្គាមស៊ីរីផ្ទុះឡើង ប្រជាជនស៊ីរីមួយចំនួនបានត្អួញត្អែរ និងតវ៉ាពីបញ្ហាគ្មានការងារធ្វើ អំពើពុករលួយ និងកង្វះសេរីភាពនយោបាយជាដើម ក្រោមការដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ នៅខែមីនា ឆ្នាំ២០១១ ចលនាក្រុមអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យ បានដឹកនាំបាតុកម្មតវ៉ានៅទីក្រុង ឌែរ៉ាអា (Deraa) នៃភាគខាងត្បូងប្រទេសស៊ីរី ដោយយកគំរូតាមបដិវត្តន៍អារ៉ាប់ នៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់។
នៅពេលនោះហើយ ការបង្រ្កាបយ៉ាងហិង្សាពីសំណាក់អាជ្ញាធរស៊ីរី លើក្រុមបាតុករបានប្រែក្លាយ បាតុកម្មតវ៉ាទៅជាសង្រ្គាមស៊ីវិល ដែលត្រូវបានក្រុម ISIS ប្រើប្រាស់ជាឈ្នាន់ពង្រីកឥទ្ធិពលនៅស៊ីរី រហូតដល់មានការលូកដៃធ្វើអន្តរាគមន៍យោធា ពីប្រទេសខាងក្រៅដូចជា សហរដ្ឋអាមេរិក រុស្ស៊ី អ៊ីរ៉ង់ អង់គ្លេស បារាំង តួកគី អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ដែលសុទ្ធសឹងតែសម្លឹងឃើញផលប្រយោជន៍របស់ខ្លួននៅស៊ីរី។
នៅពេលនេះដែរ ចិនអាចនឹងចូលរួម នៅក្នុងសង្គ្រាម នៅប្រទេសស៊ីរី ខណៈប្រទេសរុស្ស៊ី ក៏កំពុងតែបង្កើនសកម្មភាព វាយប្រហារប្រឆាំងនឹងក្រុមភេរវករ នៅក្នុងប្រទេសនេះផងដែរ។
សារព័ត៌មាន Sina របស់ចិន បានផ្សាយថា ក្នុងពេលដែលក្រុមឧទ្ទាម មកពីក្រុមអ៊ីស្លាម Turkestan កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងកម្លាំងទាហានរដ្ឋាភិបាលស៊ីរី នោះ នៅពេលនេះ ចិនអាចនឹងបញ្ជូនកម្លាំងទាហានរបស់ខ្លួនទៅកាន់ប្រទេសស៊ីរី ដើម្បីជួយរក្សាសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់ ដែលកំពុងហែកហួរគ្នា ដោយសារសង្គ្រាម។
បច្ចុប្បន្ន រដ្ឋាភិបាលចិន នៅមិនទាន់សម្រេចជាលើកចុងក្រោយនៅឡើយ ស្តីពីការបញ្ជូនទាហាន។ កន្លងមក រដ្ឋាភិបាលស៊ីរី បានផ្ញើលិខិតទៅកាន់ប្រទេសចិន ស្នើជួយផ្នែកយោធា សម្រាប់ធ្វើសង្គ្រាម ប្រឆាំងនឹងក្រុមភេរវករ។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយចិន បានផ្សាយថា ស៊ីរី គឺជាតំបន់ដ៏អស្ចារ្យសម្រាប់ប្រទេសចិន ឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែក្រុមអ្នកឯកទេស បានបញ្ជាក់ថា ចិនមិនអាចដាក់ទីតាំងយោធា នៅក្នុងប្រទេសស៊ីរី នោះឡើយដោយសារតែទាហានរុស្ស៊ី កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងភេរវករ ក្នុងប្រទេសស៊ីរី នោះ នៅឡើយ។
សារព័ត៌មាន Sina បានផ្សាយថា ចិនមិនចង់ប៉ះគ្នាជាមួយរុស្ស៊ី នៅលើទឹកដីស៊ីរីនោះឡើយ។ ប៉ុន្តែប្រសិនបើរដ្ឋាភិបាលស៊ីរីស្នើនោះ ចិនអាចនឹងចូលរួម នៅក្នុងតំបន់ដែលសមស្រប។ ក្រុមអ្នកជំនាញ បានលើកឡើងថា កន្លងមក រុស្ស៊ីបានសាកល្បងអាវុធ រាប់រយប្រភេទ នៅក្នុងសង្គ្រាមពិត នៅលើទឹកដីស៊ីរី ហើយការសាកល្បងរបស់រុស្ស៊ី ទទួលបានជោគជ័យ។ ប៉ុន្ដែនៅពេលនេះ គឺដល់វេន ចិនត្រូវសាកល្បងអាវុធរបស់ខ្លួនវិញម្តង ដើម្បី បង្ហាញឲ្យពិភពលោកបានដឹងនូវអាវុធដែលផលិតដោយបច្ចេកវិទ្យាចិនផ្ទាល់ ៕