ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ភាគខាងជើងប្រទេសថៃ រងការលិចលង់ជាទ្រង់ទ្រាយធំដោយទឹកជំនន់

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងជាប់គ្នា ជាច្រើនថ្ងៃដោយសម្ពាធទាបសីតុណ្ហភាព បណ្តាលឲ្យ​ខេត្តមួយ​ចំ​នួន​នៅតំបន់ភាគខាង​ជើង ប្រទេសថៃ ត្រូវលិចលង់យ៉ាងខ្លាំង មិនធ្លាប់មានពីមុនមក​។ ​ក្នុង​ចំណោមខេត្តដែល លិចលង់ខ្លាំងជាងគេនោះគឺខេត្ត​ Ubon Ratchathani ប្រឈម​ការលិច​លង់យ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល​១៧ឆ្នាំកន្លងមក ។

តាមការលើកឡើងរបស់មន្ត្រីក្រសួងកសិកម្មរបស់ប្រទេសថៃ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩​ បានដឹកនាំកម្លាំងចុះ​ត្រួតពិនិត្យ បញ្ហាទឹកជំនន់នៅ ភាគខាងជើងខេត្ត Ubon Ratchathani ដែល​កម្រិតទឹកជំនន់នៅ ទីនោះ បានជន់ឡើងខ្ពស់ ជាងកម្រិ​តទឹកជំនន់កាលពីឆ្នាំ២០០២​នោះ​ទៅទៀត ។ ​

លោកChalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្មប្រទេសថៃបានបញ្ជាក់ថា ខេត្តអ៊ូប៊ុន​រាជធានី បានជួបប្រទះនូវគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត​ មិនធ្លាប់មានក្នុងរយៈ​ពេល១៧ឆ្នាំ​ចុងក្រោយនេះ ។ ​ លោកបានបញ្ជាក់ថា ទឹកជំនន់បានហូរមកពីភាគខាងជើង និងភាគឦ​សាន ហូរឆ្លងកាត់ខេត្តអ៊ូប៊ុនរាជធានី ចូលទៅកាន់ទន្លេមេគង្គ ។ ​

ជាមួយគ្នានេះដែរ ក្រុមមន្ត្រីធារាសាស្រ្ត របស់ប្រទេសថៃ បានអះអាងថា បច្ចុប្បន្ន​ក្រុមរបស់​ខ្លួន បានដំឡើងម៉ាស៊ីនបូមទឹកចំនួន១០០គ្រឿង រួចរាល់ហើយ ដើម្បីជួយ​ពន្លឿន​ការបូម​ទឹក​​​ចេញពីខេត្តអ៊ូប៊ុនរាជធានីចូលទៅកាន់ដងទន្លេមេគង្គ ។ ​

មន្ត្រីថ្នាក់ស្រុកម្នាក់ បានអះអាងថា កម្រិតកម្ពស់ ទឹកទន្លេ កើនឡើង ដល់១០.៨៣​ម៉ែត្រ កាលពីព្រឹក ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គឺវាកើនកម្ពស់ ខ្លាំងជាងកាល​ពី​ឆ្នាំ២០០២ និងឆ្នាំ២០១១នោះទៀត ។ ​ ឆ្នាំ២០០២ កម្ពស់ទឹកនៅដងទន្លេ មាន១០. ៧៧ម៉ែត្រ រីឯនៅក្នុងឆ្នាំ២០១១ ទឹកជំនន់នៅគ្រានោះមាន ចំនួន៩.៨១ម៉ែត្រប៉ុណ្ណោះ ។

មន្ត្រីក្រសួងកសិកម្មរបស់ប្រទេសថៃបានបន្តថា នៅពេលនេះ ក្រសួងបានណែនាំ ឲ្យកម្លាំង ប្រុងប្រៀប ដោះស្រាយ ជាមួយទឹកជំនន់ វាយប្រហារ នៅក្នុង ស្រុកចំនួន២៥ ធ្វើយ៉ាងណា អោយទឹកជំនន់ទាំងនោះ ហូរទៅកាន់ទន្លេមេគង្គឱ្យអស់នៅក្នុង ដំណាច់ខែកញ្ញានេះ ។ ​

ព្រមពេលជាមួយគ្នានេះផងដែរ នាយកដ្ឋាន ឧតុនិយម របស់ថៃ បានផ្សព្វផ្សាយ​នៅលើ​គេ​ហទំព័ររបស់ខ្លួន នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០១៩ថា​ ខ្យល់ព្យុះផ្សេងមួយទៀត អាចវាយ​ប្រ​ហារមកលើ ខេត្តអ៊ូប៊ុនរាជធានី ចន្លោះ ពីថ្ងៃទី១០ កញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០១៩ ៕


ចែករំលែក៖