កាលពីថ្ងៃទី១៨ ខែកញ្ញា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក MOrgan Ortagus បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងព្រះរាជទាយាទ Bin Salman ក៏បានសម្រេច ចោទប្រកាន់ទៅលើ អ៊ីរ៉ង់ ជាអ្នកនៅពីក្រោយការវាយប្រហារ ទីតាំងចម្រាញ់ប្រែង ហើយប្រទេសនេះត្រូវតែទទួលខុសត្រូវ ពីសកម្មភាពរបស់ខ្លួន ។
សហរដ្ឋអាមេរិកបានដាក់ចេញនូវផែនការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារទៅលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ចំនួន ២ កន្លែង ដោយបន្តសង្ស័យថា អ៊ីរ៉ង់ជាអ្នកធ្វើពិរុទ្ធជន ។ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្តេជ្ញាដាក់ទណ្ឌកម្មថ្មីប្រឆាំងអ៊ីរ៉ង់ដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងនៅអារ៉ាប់ប៊ីសាអូឌីត ។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter នៅថ្ងៃទី ១៨ ខែកញ្ញាថា“ខ្ញុំទើបតែបានណែនាំរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពង្រឹងការដាក់ទណ្ឌកម្មអ៊ីរ៉ង់បន្ថែមទៀត” ។ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ១៨ ខែកញ្ញា បានដកស្រង់សម្តីអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence និយាយថារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo ទើបតែបានចេញដំណើរទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីតដើម្បីពិភាក្សាពីវិធានការណ៍តបតទៅលើអ៊ីរ៉ង់ ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានអះអាងថាមានភ័ស្តុតាងដែលថាការវាយប្រហារទៅលើរោងចក្រប្រេងពីរកន្លែង គឺអ៊ីរ៉ង់ជាអ្នកនៅពីក្រោយ ។
អនុប្រធានាធិបតី អាមេរិកបានសង្កត់ធ្ងន់ថា“យើងស្ថិតក្នុងជំហរដ៏ល្អហើយត្រៀមការពារផលប្រយោជន៍និងសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់” ។ ទូរទស្សន៍ ស៊ីអិនអិន បានដកស្រង់សម្តីមន្ត្រីអាមេរិកបានលើកឡើងថា មន្រ្តីការពារជាតិទទួលបានបទបញ្ជាឱ្យត្រៀមលក្ខណៈតបតអ៊ីរ៉ង់ ប៉ុន្តែ នៅរង់ចាំការសម្រេចរបស់ទីក្រុងរីយ៉ាដមុននឹងចាត់វិធានការទៅលើ ទីក្រុងតេអ៊ីរ៉ង់ ។
នាយសេនាធិការកងទ័ពអាមេរិកលោក យ៉ូសែបដុនហ្វត (Joseph Dunford)បាននិយាយថាអ្នកជំនាញអាមេរិកកំពុងប្រមូលភស្តុតាង បន្ថែម ។ ក្នុងពេលជាមួយគ្នានេះ មន្រ្តីម្នាក់ទៀតបានបញ្ជាក់ថាមានព័ត៌មានគ្រប់គ្រាន់បញ្ចាក់ថាមីស៊ីល និងយន្តហោះគ្មានមនុស្សបើកវាយប្រហារ នោះជារបស់អ៊ីរ៉ង់ ។ តាមគម្រោងអាមេរិកនឹងបង្ហាញភស្តុតាងនេះនៅ មហាសន្និបាតអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយដើម្បីអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខចាត់វិធានការទៅលើអ៊ីរ៉ង់៕