ព័ត៌មានទាន់ហេតុការណ៍៖

ប៉ាគីស្ថានបិទដែនអាកាស មិនឲ្យនាយករដ្ឋមន្ត្រីឥណ្ឌាឆ្លងកាត់ឡើយ

ចែករំលែក៖

យន្តហោះរបស់ឥណ្ឌា ដែលចង់ធ្វើដំណើរទៅកាន់អឺរ៉ុប និងអាមេរិក គឺត្រូវឆ្លងកាត់ដែនអាកាស របស់ប្រទេស ប៉ាគីស្ថាន បើមិនដូច្នោះទេ នឹងត្រូវហោះផ្លូវវាង យ៉ាងឆ្ងាយ បង្កផលលំបាកយ៉ាងខ្លាំង ដល់អ្នកដំណើរ​ ។ ពេលថ្មីៗ នេះ ប៉ាគីស្ថានមិនអនុញ្ញាតឲ្យយន្តហោះដឹកនាយករដ្ឋមន្ត្រីឥណ្ឌាហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួន ដោយសារតែវិបត្តិនៅតំបន់កាស្មៀរ​ ។

ក្រសួងការបរទេស​ប៉ាគីស្ថាន បានប្រកាសថា រដ្ឋាភិបាលបានបដិសេធ​សំណើរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi​ សុំការអនុញ្ញាត​ហោះហើរឆ្លងកាត់ដែលអាកាសទីក្រុង​​អ៊ីស្លាមម៉ាបាត​​ ទៅកាន់អាល្លឺម៉ង​ រួចបន្តទៅអាមេរិក ចូលរួមកិច្ចប្រជុំ អង្គការសហប្រជាជាតិ ។

ក្រសួងការបរទេសប៉ាគីស្ថាន​នៅថ្ងៃទី​១៨ខែកញ្ញា បានប្រកាសថា ប្រទេសនេះបានបដិសេធសំណើរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងការឆ្លងកាត់ដែនអាកាស ប៉ាគីស្ថាន ។ ការបដិសេធខាងលើរបស់ប៉ាគីស្ថាន គឺ ដោយសារតែភាពតានតឹងនៅក្នុងតំបន់កាស្មៀរ ពិសេសគឺតំបន់គ្រប់គ្រងដោយ​ឥណ្ឌា ក្រោយការដកសិទ្ធិគ្រប់គ្រងស្វ័យភាពនៅក្នុងតំបន់នោះ ។

នៅក្នុងឃ្លីបវីដេអូ របស់ក្រសួងការបរទេសប៉ាគីស្ថាន បានផ្សាយថា រដ្ឋមន្ត្រីក្រសួង​ការបរទេស​ Shah Mehmood Qureshi ​បានលើកឡើងថា ដោយយោងតាម​ទស្សនៈរបស់រដ្ឋាភិបាលទីក្រុង អីស្លាមម៉ាបាត ស្តីពីស្ថានភាពនៅតំបន់កាស្មៀរ​ ប៉ាគីស្ថានបានសម្រេច មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីឥណ្ឌាធ្វើដំណើរ ឆ្លងកាត់ដែនអាកាសរបស់ប៉ាគីស្ថាន​ ។

នេះជាលើកទីពីរហើយនៅក្នុង​ ខែកញ្ញានេះ ដែល​រដ្ឋាភិបាលប៉ាគីស្ថាន បានបដិសេធ ឲ្យយន្តហោះរបស់ ឥណ្ឌា​ឆ្លងកាត់ដែនអាកាសរបស់ខ្លួន​ ។ កាលពីដើមខែកញ្ញា​ ប៉ាគីស្ថាន​បានបដិសេធ ឲ្យយន្តហោះរបស់ប្រធានាធិបតីឥណ្ឌា ហោះហើរឆ្លងកាត់​ដែនអាកាស​ ដើម្បីទៅកាន់តំបន់អឺរ៉ុប​​ ក្នុងតំណើរទស្សនកិច្ចទៅកាន់ប្រទេស Iceland ស្វិស និង ស្លូវ៉ានៀ​៕​


ចែករំលែក៖