តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៩ ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយល់ព្រមអនុម័តហើយលើការបញ្ជូន កងទ័ពអាមេរិក ឱ្យទៅជួយពង្រឹងប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីមានការ វាយប្រហារលើរោងចក្រប្រេងនៃរាជាណាចក្រមួយនេះ ដែលទីក្រុងវ៉ាស៊ីនតោនទម្លាក់ការទទួលខុស ត្រូវលើអ៊ីរ៉ង់។
យោងតាមប្រមុខមន្ទីរបញ្ចកោណ និងជារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ការបញ្ជូន កងទ័ពនេះ គឺធ្វើឡើងក្នុងគោលដៅការពារសុទ្ធសាធ ហើយវាគ្រាន់តែជាការបញ្ជូនកងទ័ពក្នុងចំនួន ធម្មតាប៉ុណ្ណោះ ពោលមិនមែនរាប់ពាន់នាក់នោះទេ។ លោក Esper បានគូសបញ្ជាក់នៅក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា៖ «ជាការឆ្លើយតបនឹងសំណើរបស់អារ៉ាប៊ីសាអូឌីត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានយល់ព្រមបញ្ជូនកងទ័ពអាមេរិកក្នុងគោលដៅការពារ និងផ្តោត ជាសំខាន់លើការជួយពង្រឹងប្រព័ន្ធមីស៊ីលការពារដែនអាកាស»។
បន្ថែមពីលើនេះ លោក Mark Esper ក៏បានឱ្យដឹងដែរថាសហរដ្ឋអាមេរិកនឹងពន្លឿនការបញ្ជួន បរិក្ខាយោធាឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដើម្បីពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ។
គួរបញ្ជាក់ថា បើតាម Reuters មន្ទីរបញ្ចកោណក៏កំពុងពិចារណាបញ្ជូនប្រព័ន្ធមីស៊ីលការពារដែន អាកាស យន្ដហោះដ្រូន និងយន្ដហោះចម្បាំងបន្ថែម ព្រមទាំងបន្តរក្សាវត្តមាននាវាផ្ទុកយន្ដហោះ ចម្បាំងនៅក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ ក្រោយរោងចក្រប្រេងចំនួនពីរកន្លែងរបស់អារ៉ាប៊ីសាអូឌីត រងការវាយប្រហារកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
សហរដ្ឋអាមេរិកបានចោទប្រកាន់ថាអ៊ីរ៉ងគឺជា អ្នកប្រព្រឹត្ត តែទីក្រុងតេហេរ៉ង់បដិសេធ ហើយព្រមានថាការវាយប្រហារណាមួយលើអ៊ីរ៉ង់ នឹងបង្កឱ្យ សង្រ្គាមនៅក្នុងតំបន់ទាំងមូលផ្ទុះឡើង៕