ព័ត៌មានទាន់ហេតុការណ៍៖

ជនរងគ្រោះម្នាក់បាត់ខ្លួន៤ថ្ងៃ ធ្លាក់ដីភ្នំសង្កត់នៅស្រុកសំឡូតត្រូវបានសមត្ថកិច្ចប្រទះឃើញសាកសព មានសភាពរលេះរលួយនៅលើចម្រាសភ្នំ សាច់ញាតិបានសម្រេចបូជាសព យកឆ្អឹងមកធ្វើបុណ្យតាមប្រពៃណី

ចែករំលែក៖

ខេត្តបាត់ដំបង៖ ជនរងគ្រោះម្នាក់ក្នុងចំណោម២នាក់ដែលបានបាត់ខ្លួនរយៈពេល៤ថ្ងៃដោយដីភ្នំបាក់សង្កត់នៅស្រុកសំឡូត ខេត្តបាត់ដំបង នៅភ្នំចំណុចពាមតា ព្រំដែនកម្ពុជា-ថៃ ត្រូវបានសមត្ថកិច្ចរុករកប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅលើចម្រាសភ្នំមួយកន្លែងក្បែរកន្លែងកើតហេតុក្នុងទឹកដីថៃ ដោយតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះបានទទួលរងរបួសធ្ងន់រត់គេចពីធ្លាក់ដីភ្នំសង្កត់ ខណៈមានភ្លៀងខ្លាំងហើយក៏ធ្លាក់រអិលចូលអូរព្រំដែននិងបានប្រឹងប្រវ៉េប្រវាចេញពីក្នុងអូរព្រំដែនមកដល់ទីទួលចម្រាសភ្នំនិងទំនងជាដាច់អាហារក៏ត្រូវដាច់ខ្យល់ស្លាប់ ។

ការរកឃើញជនរងគ្រោះក្រោយមួយថ្ងៃបន្ទាប់ពីសមត្ថកិច្ចចម្រុះបានរកឃើញជួយសង្រ្គោះបានជនរងគ្រោះម្នាក់គេចផុតពីសេចក្តីស្លាប់ដែលបាត់ខ្លួនជាមួយគ្នាកាលពីកន្លងទៅនេះ ។ សាកសពជនរងគ្រោះមានសភាពហើមរលេះរលួយសមត្ថកិច្ចនិងសាច់ញាតិនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើពិធីបូជានៅនិងកន្លែងកើតហេតុដើម្បីយកឆ្អឹងមកធ្វើបុណ្យតាមប្រពៃណីនៅគេដ្ឋានសពស្ថិតនៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។ សពជនរងគ្រោះមានឈ្មោះ ផាន់ វី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

សូមរំលឹកថា ជនរងគ្រោះ២នាក់បាត់ខ្លួនក្នុងចំណោមអ្នកឡើងលើភ្នំមានគ្នា៧នាក់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ បានឡើងលើភ្នំចំណុច ពាមតា ស្ថិតក្នុងភូមិសាស្រ្ត ភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ដើម្បីរកវល្លិ៍និងបរបាញ់សត្វ ខណៈប្រជាពលរដ្ឋទាំង៧នាក់កំពុងនាំគ្នាអង្គុយអាំងភ្លើងដែលមានភ្លៀងធ្លាក់ខ្លាំងច្រោះទឹកបណ្តាលឲ្យបាក់ដីភ្នំពីផ្នែកខាងលើមកក្រោមនាំឲ្យពួកគេទាំង៧នាក់រត់គេចខ្លួនរៀងៗខ្លួប ។ ប៉ុន្តែនៅពេលនោះមានពលរដ្ឋ៥នាក់បានគេចខ្លួនដោយសុវត្ថិភាពគ្រាន់តែក្នុងចំណោមអ្នកទាំង៥នាក់មានម្នាក់បានរងរបួសដោយឡែក២នាក់ផ្សេងទៀតបាត់ខ្លួន ។

ក្រោយពីបាត់ខ្លួនជនរងគ្រោះទាំង២នាក់សមត្ថកិច្ចកម្ពុជានិងសមត្ថកិច្ចថៃរួមនិងអ្នកភូមិអូរត្រែង ក៏បាននាំគ្នារុករកស្វែងរកជនរងគ្រោះ ។ លុះនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ជនរងគ្រោះម្នាក់មានឈ្មោះ ឆាង កុយ ភេទប្រុស អាយុ២៥ ឆ្នាំ ត្រូវបានសមត្ថកិច្ចចម្រុះប្រទះឃើញរងរបួសធ្ងន់នៅចំណុចអូរព្រំដែនក្បាលដើមខ្នុរនិងបានសែងយកមកដឹកបញ្ជូនសង្រ្គោះជីវិតទាន់ពេលវេលានៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

ដោយឡែកម្នាក់ទៀតបានស្លាប់ ។ សពជនរងគ្រោះឈ្មោះ ផាន់ វី និងមានការចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅគេដ្ឋានសព ដែលមានការចូលរួមពីសំណាក់អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន និងថ្នាក់ដឹកនាំខេត្តបាត់ដំបង ជាមួយនិងការចូលរួមឧបត្ថម្ភថវិកា សម្ភារៈ សម្រាប់ឲ្យក្រុមគ្រួសារសពចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សំ វិច្ឆិកា


ចែករំលែក៖