ភ្នំពេញ៖ សំណង់ «អគារសេរីភាព»ដែលជាសមិទ្ធផល របស់សហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក)និងជាអគារដ៏ធំជាងគេដំបូងនៅកម្ពុជា បានចំណាយរយៈពេលកសាងសរុប១ឆ្នាំ១ខែ ត្រូវបញ្ចប់ជាស្ថាពរនៅថ្ងៃនេះ។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៍មាន កម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩។
លោក ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៍មាន កម្ពុជា (ស.ស.ស.ក) បានបញ្ជាក់ថា៖ «អគារសេរីភាព» បានបញ្ចប់ជាស្ថាពរហើយនៅថ្ងៃនេះ ដោយប្រើរយៈពេលកសាងសរុប១ឆ្នាំ១ខែ។ បើគណនាតាមរបៀបការងារស្ម័គ្រចិត្ត ហើយបើក្នុង១ថ្ងៃត្រូវការអ្នកស្ម័គ្រចិត្ត៣០នាក់ គុណនឹងចំនួន៣៩៥ថ្ងៃ គឺត្រូវការអ្នកចូលរួមធ្វើសរុបចំនួន ១១៨៥០នាក់។ អគារនេះមានសួន កន្លែងលេងកីឡា មានដាំដើមឈើលម្អ និងឈើប្រណិតជាង១០០ដើម។ សមិទ្ធផលនេះ មិនមែនធ្លាក់ពីលើមេឃទេ ប៉ុន្តកើតពីការធ្វើជាក់ស្តែង ដោយការរៀបឥដ្ឋ១ដុំម្តងៗ ខ្សាច់១បង្គីម្តងៗ ដែក១សសៃម្តងៗ ថ្នាំលាប១ជក់ម្តងៗ… និងគំនិតកែលម្អជាប្រចាំ ប្រៀបបាននឹងដំណើរបក្សីរៀបសំបុកឲ្យកូនរបស់ខ្លួន ជាមួយទស្សនៈសម្លឹងទៅអនាគត យូរអង្វែង។ សូមអរគុណលោកអ្នកសប្បុរសទាំងអស់ ដែលបានចូលរួមចំណែកកសាងសមិទ្ធផលនេះ រួមទាំងឥស្សរជនពិសេស ដែលសុំលាក់ឈ្មោះសិន 🇰🇭៕
ដោយ៖ សុខ ខេមរា