ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពអ៊ីរ៉ង់​ប្រកាសថា ខ្លួនមានសមត្ថភាពកម្ទេចអ៊ីស្រាអែល​

ចែករំលែក៖

មេបញ្ជាការកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ​IRGC លោកឧត្តមសេនីយ៍​ Hossein Salami ​បានបញ្ជាក់ថា អ៊ីរ៉ង់ មានសមត្ថភាពគ្រប់គ្រាន់ដើម្បី កម្ទេចអ៊ីស្រាអែល ឲ្យសល់តែផេះ លុបប្រទេសនេះចេញពីផែនទីពិភពលោក​។

មានប្រសាសន៍នៅក្នុង​កិច្ចប្រជុំ មន្ត្រីយោធាជាន់ខ្ពស់ នៅទីក្រុងតេអ៊ីរ៉ង់កាលពីថ្ងៃទី​៣០ ខែកញ្ញា ​​​IRGC ឧត្តមសេនីយ៍​ Hossein Salami ​បានបញ្ជាក់ថា​ ប្រទេសអ៊ីស្រាអែល នឹង​ត្រូវលុបចេញពីផែនទីពិភពលោក ​ប្រសិនបើប្រទេសនេះហ៊ានវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់នោះ ។

នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀតពាក់ព័ន្ធនោះដែរ អ៊ីរ៉ង់បានប្រកាសនៅថ្ងៃទី​១ ខែតុលា ថា​ ប្រទេសនេះ ស្ថិតនៅក្នុងដំណាក់កាល​ កសាង​ឃ្លាំងស្តុកប្រេង និងកំពង់ផែថ្មីនៅតំបន់សមុទ្រ Oman ​​ ព្រមទាំងបំពង់បង្ហូរប្រេងសម្រាប់អ៊ីរ៉ង់ នាំប្រេងចេញទៅក្រៅប្រទេស​ តាមសមុទ្រ​ Hormuz ដោយមិនចំណាយពេលវេលាបន្ថែមទៀតនោះឡើយ ​។

តាមការលើកឡើងរបស់ក្រសួង​ថាមពលប្រេងរបស់អ៊ីរ៉ង់​ ក្រុមហ៊ុនប្រេងជាតិ បានចុះហត្ថលេខាមានតម្លៃ ៥២លានដុល្លារ ជាមួយ ក្រុមហ៊ុនប្រេងចំនួន​៣​ ដើម្បីផ្គត់ផ្គង់ ម៉ាស៊ីនបូមប្រេងចំនួន​៥០ គ្រឿង​ សម្រាប់ បំពង់បង្ហូរប្រេង​ Goreh-Jask ។

បំពង់បង្ហូរប្រេង Goreh- Jask មានប្រវែង​១ពាន់គីឡូម៉ែត្រ​​​ ចាប់ពីខេត្ត​ Bushehr ​របស់អ៊ីរ៉ង់ ទៅកាន់តំបន់សមុទ្រ នៅទីក្រុង​ Bandar-e-Jask ​ស្ថិតនៅដែនសមុទ្រ ប្រទេស អូម៉ង់ ។ ជាមួយគ្នានោះអ៊ីរ៉ង់​បាន​សាងសង់ឃ្លាំងស្តុកប្រេង​នៅកំពង់ផែ​ Jask ​​ដើម្បីស្តុកប្រេង បញ្ជូនតាមបំពង់ Goreh-Jask ដើម្បីបំពេញតម្រូវការ​នាំប្រេងចេញ ។

ក្រសួងថាមពលប្រេងអ៊ីរ៉ង់ បានបញ្ជាក់ថា ការសាងសង់បំពង់បង្ហូរប្រេង Goreh-Jask និងឃ្លាំងស្តុកនៅកំពង់ផែ Jask ​ជាអាទិភាពចម្បងរបស់រដ្ឋាភិបាលអ៊ីរ៉ង់។ តាមប្រភពព័ត៌មានពីអ៊ីរ៉ង់ បំពង់បង្ហូរប្រេងនឹងដំណើរការនៅក្នុងរយៈពេល​១៨ខែខាងមុខទៀត៕


ចែករំលែក៖