ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាវាយបងបង្កើត និងម្តាយ តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ផឹកស្រាស្រវឹងមករករឿងបងបង្កើត និងវាយម្តាយអោយរងរបួស ដាក់ពន្ធនាគារបណ្តោះអាន្នពីបទ “ហិង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅភូមិជ័យឧត្តម ឃុំផ្សាដែក ស្រុក ពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩វេលាម៉ោង១៩ និង៣០នាទី តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ជនត្រូវចោទឈ្មោះ វន សារុន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករទីលំនៅភូមិ-ឃុំកើតហេតុ (ជនសង្ស័យ តេស្តទឹកនោម លទ្ធផលគឺ +វិជ្ជមាន) ។

ជនរងគ្រោះឈ្មោះ វឿន ចំរើន ភេទស្រី អាយុ៥៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅភូមិ-ឃុំកើតហេតុ ។

របាយការណ៌របស់សមត្ថកិច្ចដែលទទួលបាននៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ ឈ្មោះ វន សារុន មានសភាពស្រវឹងស្រាពេលមកដល់ផ្ទះជនសង្ស័យ បានទាស់ពាក្យសម្តីជាមួយឈ្មោះ វន សាវិន ត្រូវជាបងបង្កើតរបស់ខ្លួនដោយមូលហេតុធ្វើការងារសំណង់នៅប្រទេសថៃជាមួយគ្នា ខណៈនោះជនសង្ស័យ ខឹងបានស្ទះចូលទៅវាយប្រតាយប្រតប់គ្នាជាមួយឈ្មោះវន សាវិន ឃើញដូច្នេះជនរងគ្រោះឈ្មោះវឿន ចំរើនត្រូវជាម្ដាយ បង្កើតបានស្ទុះចូលទៅឃាត់បណ្ដាលឲ្យជនសង្ស័យវាយត្រូវ
ចិញ្ចើមភ្នែកខាងធ្វេងរងរបួសហូរឈាម បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមណ្ឌលសុខភាពឃុំ លុះព្រឹកឡើងថ្ងៃ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ប្ដីជនរងគ្រោះឈ្មោះវន សាវ៉ុន បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្យារដែក កម្លាំងជំនាញសហការ ជាមួយកម្លាំងប៉ុស្តិ៍ផ្សាដែកបានចុះទៅកន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖