អ្នកនយោបាយអាមេរិក និងបណ្តាប្រទេសជាសម្ពន្ធមិត្ត ក្នុងនោះមានអឺរ៉ុប ជាដើមបានបង្ហាញពីទស្សនៈប្រឆាំងការដឹកនាំរបស់ ប្រធានាធិបតីដូណាល់ ត្រាំ ដែលបានធ្វើឲ្យបេកបាក់សមគ្គីផ្ទៃក្នុង ទាំងអាមេរិក និងសហគមន៍អឺរ៉ុប ក្នុងនោះមានសម្ពន្ធយោធាណាតូ ។
នៅពេលនេះ បេក្ខជនប្រធានាធិបតីអាមេរិកបានលើកឡើងថា «បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតមួយអាណត្តិទៀត អង្គការ NATO នឹងរលាយ»។ចាប់តាំងពីការបោះជំហានក្លាយជាបេក្ខជនប្រធានាធិបតីអាមេរិក តំណាងបក្សប្រជាធិបតេយ្យកាលពីខែមិថុនា មកទល់នឹងខែតុលានេះប្រជាប្រិយភាព របស់លោក ចូ បៃដិន (Joe Biden) កាន់តែហក់ឡើងខ្ពស់ជាលំដាប់ និងក្លាយជាបេក្ខជនជួរមុខគេនៅក្នុងបក្ស ហើយពេលនេះលោកបានចេញមុខព្រមានអំពី អនាគតបន្តទៀតថា បើសិនជាប្រធានាធិបតីបច្ចុប្បន្ន នៅតែបន្តជាប់ឆ្នោតមួយអាណត្តិទៀតនោះ អង្គការ NATO នឹងត្រូវរលាយ។
ទោះបីជាព្យុះនៃរឿងអាស្រូវពាក់ព័ន្ធមុខជំនួញរបស់កូនប្រុសលោក ចូ បៃដិន បានល្បីសុះសាយពេញសារព័ត៌មានក្តី ក៏ប្រជាប្រិយភាពរបស់លោកហាក់មិនបានថមថយ បន្តិចនោះដែរ ហើយដើម្បីដណ្តើមយកប្រជាប្រិយភាពបន្ថែមទៀត នៅពេលនេះលោក បានធ្វើការរិះគន់បន្ថែមទៀតចំពោះលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «បើសិនជាលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀតនោះ អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ NATO ដែលមានសមាជិកសរុប ២៩ប្រទេស នឹងក្លាយជារឿងអតីតកាលមិនខាន…»។
នៅក្នុងការតស៊ូមតិមួយរវាងបេក្ខជនប្រធានាធិបតី នៅក្នុងបក្សប្រជាធិបតេយ្យ ដែលធ្វើឡើងក្នុងរដ្ឋអូហៃយ៉ូ (Ohio) លោក ចូ បៃដិន ក៏មិនភ្លេចលើកឡើងនោះដែរ អំពីមាត្រាសំខាន់ៗ ដែលជាគ្រឹះនៃអង្គការសន្តិសុខដ៏ធំធេងមួយនេះ ជាពិសេសគឺមាត្រា ៥ ដែលចែងយ៉ាងច្បាស់លាស់ថា ការវាយប្រហារលើសមាជិកណាមួយនៃអង្គការ NATO គឺប្រៀបបីដូចជាការវាយប្រហារលើសមាជិកទាំងអស់ផងដែរ។
ជុំវិញបញ្ហាខាងលើនេះលោក បៃដិន ក៏បានរិះគន់លោក ត្រាំ ចំៗយ៉ាងដូច្នេះទៀតថា «ប្រសិនបើគាត់ (ត្រាំ) ជាប់ឆ្នោតនោះ ខ្ញុំហ៊ានធានាថានឹងគ្មានអង្គការ NATO ទៀតទេ…។ សន្តិសុខរបស់យើងនឹងទទួលរងផលប៉ះពាល់ ដែលមិនអាចគណនាបាន ហើយបញ្ហាធំពិតជាកើតឡើង…។ យើងមានប្រធានាធិបតីឆ្កួតឡប់ម្នាក់ ដែលគ្មានដឹងខ្យល់អ្វីឡើងចំពោះនយោបាយការបរទេស…។» គួរបញ្ជាក់ថា នេះជារឿងធម្មតាទៅហើយ សម្រាប់អំឡុងនៃការតស៊ូមតិនៃបេក្ខជនប្រធានាធិបតីអាមេរិក ហើយសម្តីរបស់លោក ចូ បៃដិន ក៏នឹងត្រៀមទទួលការវាយបកវិញដោយលោក ត្រាំ ក្នុងពេលឆាប់ៗនេះមិនខាន៕