ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) លោក ហ៊ុយ វណ្ណៈ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បានបង្ហោះលើ Facebook ផ្លូវការ របស់លោកបំភ្លឺបន្ថែម អ្វីទៅជាទម្រង់នៃ «របាយការណ៍វាយតម្លៃ»? ក្នុងនោះលោកបានគូសបញ្ជាក់ថា៖ ស្របពេល ស.ស.ស.ក កំពុងរៀបចំបង្កើត «គណៈកម្មាធិការកម្ពុជា វាយតម្លៃសេរីភាពសារព័ត៌មាន» ខ្ញុំបំភ្លឺបន្ថែម អ្វីទៅជាទម្រង់នៃ «របាយការណ៍វាយតម្លៃ»?។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា (ស.ស.ស.ក) បានបន្តថា៖
១- គេគប្បីយល់ថា របាយការណ៍វាយតម្លៃ ដែលមានលក្ខណៈវិទ្យាសាស្ត្រ គឺត្រូវតែចេញពីការប្រមូលផ្តុំទិន្នន័យ ដែលមានអាយុកាលកំណត់ នៅក្នុងអំឡុងពេលធ្វើរបាយការណ៍, មិនមែនចេញពីទស្សនៈនោះឡើយ។ របាយការណ៍បែបគោលនយោបាយដើម្បីកែលម្អ គឺត្រូវតែមានទម្រង់ជាការស្រាវជ្រាវបែបបរិមាណទិន្នន័យ “quantitative research paper”។
២- ឯកសាររបាយការណ៍ស្រាវជ្រាវគឺមាន២ទម្រង់៖ បែបបរិមាណ និង បែបគុណភាព (qualitative and quantitative research methodology)។ ប៉ុន្តែ នៅក្នុងរបាយការណ៍វាយតម្លៃ គឺត្រូវយកទម្រង់បែបបរិមាណជាគោល។ ទម្រង់ធ្វើរបាយការណ៍នេះ គេប្រើសម្រាប់ការធ្វើប្រជាសាស្ត្រ, ការស្ទង់មតិ, ទីផ្សារ និងធ្វើគោលនយោបាយ។ របាយការណ៍នីមួយៗ មានសុពលភាពមិនយូរជាង៥ឆ្នាំ គឺទិន្នន័យនឹងផុតតម្លៃ។
៣- ដើម្បីធ្វើរបាយការណ៍បែបវាយតម្លៃបាន ក្រុមការងារសកម្ម នឹងត្រូវតាមដានជាប្រចាំជារៀងរាល់ថ្ងៃដើម្បី ចងក្រងទិន្នន័យតាមផ្នែក, រៀបបញ្ជីបញ្ហា, និងចុះសម្ភាសន៍ដល់កន្លែង ដើម្បីយកទិដ្ឋន័យពិត។ ឧទាហរណ៍ក្នុងករណីសារព័ត៌មាន៖ គេត្រូវមានទិន្នន័យជាក់លាក់ថាតើក្នុងរយៈពេល១ឆ្នាំ មានការចុះបញ្ជីប៉ុន្មាន? មានបណ្តឹងប៉ុន្មាន? មានអំពើហិង្សាប៉ុន្មាន? មានការទាមទារឲ្យកែតម្រូវប៉ុន្មាន? ធម្មជាតិនៃដំណើររឿងជាអ្វី? អ្នកសរសេររបាយការណ៍ ត្រូវពឹងទាំងស្រុងលើទិន្នន័យនេះ។ ទស្សនៈ ស្ទើតែគ្មានតម្លៃសម្រាប់ការធ្វើរបាយការណ៍បែបប្រជាសាស្ត្រនោះទេ។ អ្នកស្រាវជ្រាវ អាចពន្យល់ថែមអំពីវិធីសាស្ត្រចងក្រងរបាយការណ៍បែបនេះ៕
ដោយ៖ សុខ ខេមរា