ស្ថានទូតវៀតណាមប្រចាំអង់គ្លេសក៏ដូចជារដ្ឋាភិបាលទីក្រុងហាណូយបង្ហាញការសោកស្តាយយ៉ាងខ្លាំងក្រោយពេលប៉ូលិសអង់គ្លេសបញ្ជាក់ថា ជនរងគ្រោះស្លាប់នៅក្នុងរថយន្តក្លាស្សេក្នុងប្រទេសអង់គ្លេសទាំង៣៩នាក់ជាជនជាតិវៀតណាម។
តាមការចេញផ្សាយដោយស៊ីនហួរនាព្រឹកថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា រដ្ឋាភិបាលវៀតណាមពិតជាមានការសោកស្តាយយ៉ាងជ្រាលជ្រៅជាទីបំផុតបន្ទាប់ពីអាជ្ញាធរអង់គ្លេសបានអះអាងថាពិតជាមានជនជាតិវៀតណាមស្ថិតនៅក្នុងចំណោមសាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រនៅតំបន់ អ៊ែសសិក (Essex) ចក្រភពអង់គ្លេសកាលពីខែតុលាកន្លងទៅនេះ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រីឡេធីធូ (Le Thi Thu) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះតែម្តងថា «វាជាវិនាសកម្មនៃមនុស្សជាតិដ៏អាក្រក់មួយ… យើងពិតជាមានទុក្ខក្រៀមក្រំជាខ្លាំងហើយក៏សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃជនរងគ្រោះវៀតណាមទាំងអស់ផងដែរនិងសូមឲ្យពួកគេព្យាយាមឆ្លងកាត់ ក្តីសោកសង្រេងនេះឲ្យបានកាន់តែឆាប់…»។
គួរបញ្ជាក់ថាស្ថានទូតអង់គ្លេសប្រចាំទីក្រុងហាណូយបានបញ្ជាក់ព័ត៌មានទៅកាន់ អាជ្ញាធរវៀតណាមថាពិតជាមានជនជាតិវៀតណាមប្រាកដមែននៅក្នុងចំណោមសាកសពទាំង ៣៩នាក់ ដែលត្រូវបានរកឃើញក្នុងទូរកុងតឺន័រនៅតំបន់ Essex ប៉ុន្តែគេមិនទាន់អាចបញ្ជាក់អំពីចំនួនសាកសពឬក៏អត្តសញ្ញាណជនរងគ្រោះវៀតណាមទាំងនោះឡើយ។ បច្ចុប្បន្នមន្ត្រីវៀតណាមកំពុងតែបន្តធ្វើការជាមួយមន្ត្រីជំនាញអង់គ្លេសនៅឡើយ។
ស្នងការប៉ូលិសតំបន់ Essex Tim Smith បញ្ជាក់ថា «យើងខ្ញុំជឿងជាក់ថាជនរងគ្រោះស្លាប់នៅក្នុងរថយន្តគឺជាជនជាតិវៀតណាម ហើយពេលនេះយើងកំពុងតែទំនាក់ទំនងជាមួយរដ្ឋាភិបាលវៀតណាម»។
លោក Essex Tim Smith បន្តទៀតថា « ប៉ុលិសកំពុងតែ ទំនាក់ទំនងជាមួយគ្រួសារជនរងគ្រោះ នៅក្នុងប្រទេសវៀតណាម និងនៅក្នុងប្រទេសអង់គ្លេស ។ លោកបន្តទៀតថា មកទល់ពេលនេះយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូន ហេតុការខាងលើទៅកាន់ការិយាល័យស្រាវជ្រាវពិសេស។ ដូច្នេះយើងចាំបាច់ត្រូវតែ ប្រមូលភស្តុតាងគ្រប់គ្រាន់ ពីគ្រប់ទិសទី។
តាមការលើកឡើងរបស់ លោក Essex Tim Smith «បច្ចុប្បន្នយើងមិនទាន់ប្រកាសពីអត្តសញ្ញាណជនរងគ្រោះនោះឡើយ។ យើងកំពុងសហការជាមួយរដ្ឋាភិបាលវៀតណាម និង ប្រភពផ្សេងទៀតដើម្បីបញ្ជាក់អត្តសញ្ញាណ និងជួយដល់គ្រួសារជនរងគ្រោះ ដោយគ្រោះថ្នាក់នេះ ៕