ខេត្តសៀមរាប៖ ក្រុមការងារចម្រុះរួមមាន អាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប កងរាជអាវុធហត្ថ អាជ្ញាធរមូលមូលដ្ឋានសង្កាត់ជ្រាវ បានសហការគ្នាចុះរុះរើសំណង់របងបេតុង និងបង្គន់សង់ខុសច្បាប់នៅលើទំនប់ត្រពាំងហែផ្កា ស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប កាលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងនោះក៏មានមានវត្តមានលោក នួន ពទ្ធារ៉ា អភិបាលក្រុងសៀមរាប លោក ឡុង កុសល ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា លោកមេធាវីអាជ្ញាធរជាតិអប្សរា លោកស្នងការរងនគរបាលខេត្ត លោកចៅសង្កាត់ជ្រាវ កងរាជអាវុធហត្ថខេត្ត ក្រុង រួមទាំងអ្នកសារព័ត៌មានចុះផ្តឹតយករូបភាពជាច្រើននាក់ផងដែរ ។
ទាក់ទងនឹងយុទ្ធនាការរុះរើ លោក ឡុង កុសល ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការដែលចុះអនុវត្តការងារផ្ទាល់បានឲ្យដឹងថា មុនឈានដល់ការចុះរុះរើសំណង់របងបេតុងនិងបង្គន់ខុសច្បាប់នេះ ក្រុមការងារបានជូនដំណឹង និង កោះប្រជុំ រួមទាំងទុកឱកាសឲ្យម្ចាស់ដីរុះរើដោយខ្លួនឯង ប៉ុន្តែម្ចាស់ដីពុំអនុវត្តតាមកាលកំណត់ ។ តែទោះយ៉ាងណា ក៏ម្ចាស់ដីបានយល់ព្រមឯកភាពតាមចំណាត់ការរបស់ក្រុមការងារចម្រុះ ដោយមិនប្រកែកតវ៉ាអ្វីឡើយ ។ សំណង់របងបេតុងនេះ គឺជាកម្មសិទ្ធិរបស់លោក ឃន់ សុខន បានសាងសង់កាលពីឆ្នាំ២០១៨ មានបណ្តោយប្រវែង៨៧ម៉ែត្រ ទទឹង៣៨ម៉ែត្រ កម្ពស់២,៥០ម៉ែត្រ ត្រូវបានវាយកម្ទេចដោយក្រុមការងារចម្រុះទៅតាមច្បាប់ និង កិច្ចព្រមព្រៀងច្បាស់លាស់រវាងអាជ្ញាធរជាតិអប្សរា និង ម្ចាស់កម្មសិទ្ធិ ។
ក្នុងពេលបើកកិច្ចប្រតិបត្តិការនេះ ក៏មានការរារាំងពីសំណាក់ប្រជាជនដែលអះអាងថា ជាសាច់ញាតិរបស់ម្ចាស់ដី និង ក្រុមអ្នកសារព័ត៌មានមិនស្គាល់អត្តសញ្ញាណ បានប្រើពាក្យប្រមាថមើលងាយមកលើអាជ្ញាធរជាតិអប្សរា និងចៅសង្កាត់ជ្រាវ ក្នុងបំណងទទួលផលប្រយោជន៍ពីម្ចាស់ដី ។
ទាក់ទងទៅនឹងបាតុភាពរារាំងខាងលើ លោក ក្តោប រ៉ន ចៅសង្កាត់ជ្រាវបានលើកឡើងថា សំណង់នេះគឺពិតជាសង់នៅលើទីទួលត្រពាំងបុរាណ ដែលជាសម្បត្តិបេតិកភណ្ឌត្រូវការពារដោយអាជ្ញាធរជាតិអប្សរា និង មិនមានការសុំច្បាប់ពីអាជ្ញាធរមូលដ្ឋាន ដើមី្បការសាងសង់នោះដែរ ។ លោកក៏សំណូមពរដល់ប្រជាពលរដ្ឋ សូមចូលរួមការពារសម្បត្តិរដ្ឋ ដើម្បីប្រយោជន៍រួម ជាជាងការបង្កជម្លោះនិងហិង្សា ដោយខ្វះការយល់ដឹង រហូតធ្វើឲ្យខ្លួនក្លាយជាអ្នកចូលរួមបំផ្លាញបុរាណដ្ឋាន ។
ក្នុងករណីខាងលើ លោក ឃន់ សុខន ជាម្ចាស់កម្មសិទ្ធិ បានចូលមកបំភ្លឺ ព្រមទាំងបដិសេធគ្មានការទិញទឹកចិត្ត ហើយមិនទទួលស្គាល់និងគាំទ្រសកម្មភាពរបស់ប្រជាជនដែលថាជាសាច់ញាតិ និង អ្នកសារព័ត៌មានដែលមកបង្កបញ្ហាបង្អាក់ការរុះរើរបស់កម្លាំងជំនាញនោះឡើយ ។ មិនតែប៉ុណ្ណោះ លោកក៏បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរជាតិអប្សរា ទទួលស្គាល់កំហុស ដើម្បីទុកសិទ្ធិឲ្យអ្នកមានសមត្ថកិច្ចបំពេញការងារតាមច្បាប់ ដោយមិនមានការជំទាស់អ្វីទាំងអស់ ជាការរួមចំណែកក្នុងកិច្ចការអភិរក្សជាមួយអ្នកជំនាន់ក្រោយ ។
ក្រោមការចុះមកសម្របសម្រួលផ្ទាល់ពីលោក នួន ពុទ្ធារ៉ា ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានលើកឡើងថា ការចុះរុះរើសំណង់ខុសច្បាប់នេះ គឺជាការការពារសម្បត្តិរួមរបស់មនុស្សជាតិកម្ពុជា មិនមែនដើម្បីកម្មសិទ្ធិរបស់អាជ្ញាធរជាតិអប្សរា សាលាក្រុង ឬរបស់សាលាសង្កាត់នោះទេ។ ចំពោះជនណាដែលរារាំងកិច្ចការនេះ នឹងត្រូវចាប់ខ្លួនយកទៅអប់រំ។ តាមរយៈកិច្ចការនៅថ្ងៃនេះ លោកនឹងផ្សព្វផ្សាយដល់ប្រជាជនកុំឱ្យមានការភ័ន្តច្រឡំទៅលើកម្លាំងចម្រុះដែលអនុវត្តការងារ ពន្យល់ពីច្បាប់ឱ្យប្រជាជនចូលរួមសហការ និងអនុវត្តការងារកម្ទេចរបងឱ្យសម្រេចនៅថ្ងៃនេះ។ ទាក់ទងនឹងការអនុវត្តច្បាប់ការពារបេតិកភណ្ឌ ឯកឧត្តម ស៊ន់ សុជាតិ បានបញ្ជាក់ថា បើទោះបីជាការរំលោភបំពានលើតំបន់បុរាណដ្ឋាននេះដោយចេតនាឬអចេតនាក្តី សកម្មភាពរបស់ម្ចាស់សំណង់ខាងលើគឺជាសកម្មភាពល្មើសច្បាប់ដែលប្រឈមទោសទណ្ឌ ស្របតាមច្បាប់ភូមិបាល អំពីការប៉ះពាល់ដល់កម្មសិទ្ធិសាធារណៈរបស់រដ្ឋ និង ច្បាប់ស្ដីពីការការពារបេតិកភណ្ឌវប្បធម៌អំពីការបំផ្លិចបំផ្លាញបុរាណដ្ឋាន។
សូមបញ្ជាក់ថា ត្រពាំងហែផ្កា គឺជារចនាសម្ពន្ធនៃប្រាសាទហែផ្កា ដែលសង់នៅស.វ.ទី៩។ ត្រពាំងនេះ គឺជាសហគមន៍ដែលមានមនុស្សរស់នៅ ដែលមានប្រាសាទហែផ្កា ប្រដូចជាវត្តអារាមនាសម័យបច្ចុប្បន្ន សម្រាប់ប្រជាជនក្នុងសហគមន៍គោរពបូជា ។
ចំពោះការអនុវត្តកម្ទេចរបងដែលសង់រំលោភបំពានលើទំនប់ត្រពាំងហែផ្កានេះ បានបញ្ចប់សព្វគ្រប់នៅវេលាម៉ោង៥ល្ងាច ដោយមានការយល់ស្របពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ៕ ប៊ុនរិទ្ធី