ភ្នំពេញ៖ បុរសម្នាក់បាត់បានបាត់កូនប្រសាស្រីមួយថ្ងៃមួយយប់ មិនដឹងទៅណា រកគ្រប់ទីកន្លែងទេីបរត់ប្តឹងនគរបាលចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដេីម្បីសុំការអន្តរាគមន៍ ។
នារីដែលបាត់ខ្លួននេះ ឈ្មោះ ថន ដាវី អាយុ២០ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្តីឈ្មោះ ឈាត ឆើត អាយុ២០ មុខរបរកម្មករខ្សែភ្លើង ធ្វើការនៅខេត្តព្រះសីហនុ អ្នកទាំងពីរ មានស្រុកកំណើរ នៅភូមិធ្លក ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាទៀតផង។
តាមការរៀបរាប់របស់ឪពុកក្មេក នារីដែលបាត់ខ្លួនឈ្មោះ ឈួន ឈាត អាយុ៤០ ឆ្នាំ បានឲ្យដឹង ថា កូនប្រុស និងកូនប្រសាស្រីរបស់គាត់ បានរៀបការ កាលពី ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីរៀបការួច ពួកគេបាននាំគ្នាមកស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រ រាជធានីភ្នំពេញ កន្លែងកើតហេតុ ដោយពួកគេមានជំនាញខុសគ្នា កូនប្រុស ជាកម្មកររាយខ្សែភ្លើង ត្រូវចាកចេញពីប្រពន្ធ ទៅធ្វើការនៅខេត្តព្រះសីហនុ ចំណែកកូនប្រសាស្រីរបស់គាត់ នៅភ្នំពេញ ធ្វើការជាកម្មការិនីរោងចក្រ ពួកគេមិនទាន់មានកូនទេ ។ លុះដល់ថ្ងៃកើតហេតុ កូនប្រសាស្រីបានចេញពីបន្ទប់ ទៅធ្វើការដូចរាល់ដង តែគួរឲ្យសោកស្តាយ គាត់បានទទួលដំណឹងថា កូនប្រសាស្រីគាត់ មិនចូលរោងចក្រទេ មិនដឹងថា នាងទៅណានោះឡើយ។ ដោយមានអ្នកធ្វើការ ជាមួយកូនប្រសាស្រីរបស់គាត់ ស្គាល់លេខប្តីរបស់នាង ក៏បានទាក់ទងសួរនាង រួចប្តីរបស់នាងថា គាត់មិនដឹង ទើបឆោឡោដឹងថា បាត់ខ្លួននាងតែម្ដង ។
ប្រភពដដែលបន្តទៀតថា កាលពីខែមីនា ឆ្នាំ២០១៩ ក្នុងអំឡុងខែដែលពួកគេរៀបការ កូនប្រសាស្រីរបស់គាត់ ត្រូវបានគេដាក់ថ្នាំម្តងរួចមកហើយ ដោយកាលនោះ បាត់គ្រឿងអលង្ការសរុបជាលុយប្រមាណ៧០០ដុល្លារ ។
ក្រោយមកកូនប្រុសរបស់គាត់ បានទាក់ទងគាត់ ដែលកំពុងស្នាក់នៅខេត្តព្រៃវែង ឲ្យជួយឡើងមកភ្នំពេញ ដើម្បីស្វែងរកកូនប្រសាស្រី តែតាំងពីបាត់កូនប្រសា មកទល់ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មិនមានដំណឹងពីកូនប្រសាស្រីសូម្បីបន្តិច ហើយគាត់ក៏រកគ្រូទាយមើល គេប្រាប់ថា នាងនៅម្តុំខាងជើងរង្វង់មូលកួចកាណុង ក្នុងខណ្ឌឫស្សីកែវ ទើបគាត់ជាឪពុកក្មេក និងបងប្រុសគាត់ម្នាក់ទៀត មកតាមរកតែនៅមិនឃើញ ទើបសម្រេចចិត្តចូលប៉ុស្តិ៍ទួលសង្កែទី១ ប្រាប់ពីភិនភាគកូនប្រសា ដែលបាត់ដោយគ្មានដំណឹងនេះ ទៅសមត្ថកិច្ចជួយអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចថតរូបនារី ដែលបាត់ខ្លួននោះរួច ក៏បានប្រាប់គាត់វិញថា ឲ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី១វិញ ៕ សុខាសែនជ័យ