ភ្នំពេញ៖ ជនសង្ស័យម្នាក់បានគាស់បន្ទប់ជួលកម្មការិនីរោងចក្រ ចូលបំណងលួចទ្រព្យសម្បត្តិ ត្រូវបានមីងម្ចាស់បន្ទប់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះចំរើមបញ្ញា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរស្នាក់នៅមិនពិតប្រាកដ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់បន្ទប់បានចាក់សោត្រឹមត្រូវ ហើយបានចេញទៅធ្វើការងារអស់ ខណៈមកដល់វេលាកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ចូល សំងំបំណងលួចទ្រព្យសម្បត្តិ តែត្រូវបានមីងម្ចាស់បន្ទប់មកទាន់ ក៏ចាក់សោខាងក្រៅរួចរាយការណ៍ទៅសមត្ថកិច្ចឃាត់ភ្លាមៗតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកាសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទាន់នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីចាក់ការតាមច្បាប់ ៕ សុខាសែនជ័យ