ការប្រឈមមុខតានតឹងដោយយោធា វិវាទដែនអធិបតេយ្យ ជាមូលហេតុជួយដល់បណ្តាប្រទេសមហាអំណាច រកបានប្រាក់ចំណូលជាច្រើនដោយការលក់អាវុធ។ ពិសេសគឺអាមេរិក និងរុស្ស៊ី។ កន្លងមក អាមេរិកបានប្រកាសថា នៅក្នុឆ្នាំ២០១៩នេះ អាមេរិក លក់អាវុធបានតម្លៃជាង១០០ពាន់លានដុល្លារ ។
នៅពេលនេះដែរ រុស្ស៊ីក៏បានបង្អួតពីការលក់អាវុធរបស់ខ្លួននៅក្នុងឆ្នាំ២០១៩នេះ ដោយទទួលបានការបញ្ជាទិញជាច្រើន ។ ក្រុមហ៊ុនផលិតសព្វាវុធសម្រាប់ការពារជាតិ Rosoboronexport បានប្រកាសថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញ សម្ភារៈយោធា និងអាវុធ ក្នុងនោះមានយន្តហោះចម្បាំង Su-57Eជំនាន់ទី៥ និងឧទ្ធម្ភាគចក្រ Mi-28 NE និងMi-171SH …ព្រមទាំងអាវុធជាច្រើនប្រភេទទៀត។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ក្រុមហ៊ុនផលិតអាវុធ Rosoboronexport បានប្រកាស ពីរបាយការណ៍នៅក្នុងឆ្នាំនេះ បង្ហាញឲ្យឃើញថា ក្រុមហ៊ុនបានលក់អាវុធឲ្យទៅ ៤៣ប្រទេស មានតម្លៃ ១១ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៩ និងចុះកិច្ចព្រមព្រៀងលក់អាវុធ ជាង ៨០០កិច្ចព្រមព្រៀងទៀតនៅក្នុងឆ្នាំ២០២០។
លោក Alexander Mikheev អគ្គនាយកក្រុមហ៊ុន ផលិតសព្វាវុធ Rosoboronexport បានបញ្ជាក់ថា នេះគ្រាន់តែជា តួលេខបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយតួលេខពិតប្រាកដពីការលក់អាវុធ នឹងប្រកាសជាផ្លូវការក្រោយបញ្ចប់ឆ្នាំ២០១៩ ។
កន្លងមក អាមេរិកក៏បានប្រកាស ពីតួលេខផងដែរថា នៅការលក់អាវុធក្នុងឆ្នាំ២០១៩មានទឹកប្រាក់ដល់ទៅ១៤០ ពាន់លានដុល្លារ ។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការប្រឈមមុខតានតឹង រវាងប្រទេសមួយចំនួន នៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាតំបន់ផ្សេងនៅក្នុង អាស៊ី បានជួយដល់ ប្រទេសមហាអំណាចលក់អាវុធបានកាន់តែច្រើន ។ ការលក់អាវុធ របស់រុស្ស៊ី កើនឡើងដោយសារតែប្រទេសនេះ បានយកអាវុធទៅសាកល្បង រាប់រយប្រភេទនៅក្នុងសង្គ្រាមពិត នៅស៊ីរី ៕